ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបទបញ្ជា ឲ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ ពិភាក្សាគ្នា ចំពោះការតម្លៃថ្លៃសេវា ផាកពិន័យ ទៅលើអ្នកគេចវេស មិនធ្វើចត្តាឡីស័ក្ត ។
ការចេញបញ្ជា របស់នាយករដ្ឋមន្រ្តីកម្ពុជា បន្ទាប់ពីមានពលករខ្មែរ លួចឆ្លងដែន តាមច្រករបៀងជាន់មីនដាច់ជើងម្ខាង ដោយសារមិនចង់ធ្វើចត្តាឡីស័ក្ត នៅវេលាម៉ោង៧និង១០នាទីយប់ ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីបានលួចឆ្លងដែន ពីប្រទេសថៃ ចូលមកកម្ពុជា តាមតំបន់ព្រៃភ្នំ ជាយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីគេចចេញពីការធ្វើ ចត្តាឡីស័ក ។ នេះបើតាមការបញ្ជាក់ របស់សមត្ថកិច្ចមូលដ្ឋាន ។ ជាមួយគ្នានោះដែរ ក៏មានពលករខ្មែរ ចេញមកពីច្រកព្រំដែនថៃ ទៅធ្វើចត្តាឡីស័ក្តនៅខេត្តតាកែវទៅវិញ។
សម្តេចតេជោ មានប្រសាសន៍ថា មានអ្នកមកពីធ្វើការ នៅវៀតណាម តែបែរជាឃើញទៅឆ្លងដែន ពីកម្ពុជា-ថៃទៅវិញ ដូច្នេះអាជ្ញាធរ ត្រូវតែមានការសំភាសន៍ ទៅអ្នកទាំងនោះ ដើម្បីឲ្យដឹងពីប្រភពច្បាស់លាស់ ។ បើតាមសម្តេចតេជោ ផាកពិន័យមាន រហូតទៅដល់១លានរៀល ។ សម្តេចថា អនុក្រឹត្យ នៃការដាក់ទណ្ឌកម្ម លើអ្នកមិនគោរពវិន័យ សុខភាពសាធារណៈ បង្កើតឡើងតាំងពីឆ្នាំ២០១៥ មុនមានកូវីដ១៩ចំនួន៥ឆ្នាំ។ នេះការថ្លែងសារពិសេស ទៅកាន់ជនរួមជាតិអំពីការគេចវេស របស់ពលករមិនធ្វើចត្តាឡីស័ក្ត នាព្រឹកថ្ងៃ១៥ កុម្ភៈ ។
សម្តេចតេជោ បានថ្លែងទៀតថា មានពលរដ្ឋខ្មែរមួយចំនួន បានលួចឆ្លងមកពីព្រំដែនកម្ពុជា-ថៃ ចូលមកផ្ទៃក្នុងប្រទេស ដោយមិនបានធ្វើចត្តាឡីស័ក្ត ។ តែនៅផ្នែកខាងក្រៅវិញ រួមមាន ៖ ភូមិ-ឃុំ ជាពិសេសពលរដ្ឋមិនព្រមឲ្យអ្នកមកពីខាងក្រៅ ដោយមិនបានធ្វើចត្តាឡីស័ក្ត ឆ្លងចូលសហគមន៍ ដូច្នេះអ្នកពាក់ព័ន្ធបានយកអ្នកទាំង នោះមកធ្វើចត្តាឡីស័ក្តផងដែរ។
សម្រាប់ករណីនេះ សម្តេចថ្លែងទៀតថា ប៉ុន្តែកម្ពុជាមិនទាន់បានអនុវត្តនូវផែនការ ទណ្ឌកម្មនៅឡើយទេ ដូច្នេះស្នើឲ្យក្រសួងសុខាភិបាល និងមន្រ្តីមូលដ្ឋានអនុវត្តនូវមាត្រាទី៨ ទាក់ទងនឹងការផាកពិន័យអន្តរកាល សម្រាប់អ្នកគេចវេសពីការធ្វើចត្តាឡីស័ក្ត ។
សម្តេចតេជោបានបញ្ជាក់ថា “ខ្ញុំគិតថា ស្នើសុំឯកឧត្តមរដ្ឋមន្រ្តីយុត្តិធម៌ ឯកឧត្តមរដ្ឋមន្រ្តីសុខាភិបាល ពិភាក្សាជាមួយរដ្ឋមន្រ្តីយុត្តិធម៌ អាចធ្វើការកែតម្រូវធ្វើវិសោធនកម្ម មាត្រាទី៨ឡើងវិញ ដោយបង្កើនចំនួនការពិន័យនេះ ឲ្យមានការកើនឡើងព្រោះថា ពិន័យតិចតួចយ៉ាងនេះ គឺអាចនឹងធ្វើឲ្យអ្នកដែលមានប្រាក់ចំណូល ច្រើនគួរសមនោះ មិនខ្លាចជាមួយ នឹងការបង់ប្រាក់នោះទេ” ។
ជាមួយគ្នានេះ សម្តេចក៏បានស្នើឲ្យក្រសួងទាំង២ ពិភាក្សាជាមួយក្រុមប្រឹក្សា អ្នកច្បាប់ ដើម្បីរៀបចំ ធ្វើវិសោធនកម្ម ឬក៏រៀបចំអនុក្រឹត្យ ស្តីពីចត្តាឡីស័ក្ត វិធានការណ៍សុខាភិបាល ដែលមានរួចហើយ ដោយត្រូវពង្រឹងចំណុចធ្វើចត្តាឡីស័ក្ត បន្ថែមទៀត ដើម្បីធានាថា អនុវត្តទៅមានប្រសិទ្ធភាព។
សម្តេចនាយករដ្ឋមន្រ្តី ក៏បានចេញបញ្ជាឲ្យមន្រ្តីអនុវត្តច្បាប់ ត្រូវអនុវត្តឲ្យបានម៉ឹងម៉ាត់ ចំពោះមេក្លោងដែលបាននាំមនុស្សឆ្លង កាត់ព្រំដែន ដោយមិនបានធ្វើចត្តាឡីស័ក្ត ។ សម្តេចថា យប់មិញមានការចាប់បានមេក្លោង នាំមនុស្សឆ្លងកាត់ព្រំដែន ដោយមិនបានធ្វើចត្តាឡីស័ក្ត ហើយត្រូវបានដោះលែងវិញ ចំណុចនេះសម្តេចថា អាចមានការដកឋាន្តរស័ក្ត ឬបណ្តេញចេញពីជួរនគរបាល ចំពោះមន្រ្តីណាប្រព្រឹត្តបែបនេះ។
នាយករដ្ឋមន្រ្តីកម្ពុជា បានសង្កត់ធ្ងន់ថា ការនាំមនុស្សមិនធ្វើចត្តាឡីស័ក្ត គឺធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពសាធារណៈបង្កដោយជំងឺឆ្លង។ សម្តេចឲ្យមន្រ្តីត្រូវអនុវត្តវិធានការច្បាប់ ឬណែនាំទៅដល់អ្នក ដែលនាំមនុស្សឆ្លងព្រំដែនដោយមិនធ្វើចត្តាឡីស័ក្ត ។
សម្តេចក៏បានចេញបទបញ្ជា ឲ្យអាជ្ញាធរខេត្តខ្មែរ ជាប់ព្រំដែន ជាមួយខេត្តនៅថៃ-វៀតណាម និងឡាវ រួចគ្នាសហការទប់ស្កាត់ កុំឲ្យមានការឆ្លងកាត់តាមច្រករបៀង ដែលមិនធ្វើចត្តាឡីស័ក្តនាំឲ្យមានការគ្រោះថ្នាក់ ដល់អាយុជីវិត ។ ករណីនេះ គឺយប់មិញ មានពលរដ្ឋខ្មែរបានជាន់មីនដាច់ជើងម្ខាងដោយមិនចង់ធ្វើចត្តាឡីស័ក្ត។
សម្តេចតេជោក៏ឲ្យមន្រ្តីទូតអប់រំណែនាំ ពលរដ្ឋអំពីការមិនធ្វើចត្តាឡីស័ក្ត ដែលនាំឲ្យមានការផាកពិន័យ ទោះបីអនុក្រឹត្យមិនទាន់កែក៏ដោយ ក៏ត្រូវផាកពិន័យរហូត១លានរៀល។ សម្តេចថា ការធ្វើនេះដោយបង្ខំទេ តែនេះគឺអនុវត្តវិធានការការពារសុខភាពពលរដ្ឋ ។
សម្តេចថា ទោះបីជាពិន័យអ្នកមិនធ្វើចត្តាឡីស័ក្ត ក៏ត្រូវផ្គត់ផ្គងពួកគេដែរដូចអ្នកមិនរងពិន័យ ៕