បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan នៅថ្ងៃចន្ទនេះ បានចោទប្រកាន់សហរដ្ឋអាមេរិក ពីបទគាំទ្រដល់ពួកសកម្មប្រយុទ្ធឃឺដ ដែលទីក្រុងអង់ការ៉ានិយាយថា បានសម្លាប់តួកគីចំនួន១៣នាក់ នៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងជើង និងបានបន្ថែមថា សេចក្តីថ្លែងការណ៍ថ្កោលទោសរបស់អាមេរិក គឺជារឿងកម្លែង។
តាមសេចក្តីរាយការណ៍ លោក Tayyip Erdogan បាននិយាយប្រាប់អ្នកគាំទ្របក្ស AK Party ថា សេចក្តីថ្លែងការណ៍សហរដ្ឋអាមេរិកបានបង្ហាញថា ខ្លួនគាំទ្រដល់ពួក PKK និងកងកម្លាំងឃឺដស៊ីរី YPG ដែលទីក្រុងអង់ការ៉ាចាត់ថា ជាក្រុមបំបែកខ្លួនពីពួក PKK។
ប្រទេសតួកគី បាននិយាយនៅថ្ងៃអាទិត្យម្សិលមិញនេះថា ពួកសកម្មប្រយុទ្ធមកពីបក្សពលករឃឺដខុសច្បាប់ ដែលហៅកាត់ថា PKK បានសម្លាប់ជនជាតិតួកគីចំនួន១៣នាក់ ដែលរួមមានទាំងបុគ្គលិកយោធានិងប៉ូលិស ស្របពេលធ្វើប្រតិបត្តិការយោធា ប្រឆាំងក្រុមនោះ។
គួរបញ្ជាក់ថា យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ខ្លួនថ្កោលទោសចំពោះការសម្លាប់ ប្រសិនបើសេចក្តីរាយការណ៍ ដែលថា ពួក PKK ជាអ្នកប្រព្រឹត្ត ត្រូវបានបញ្ជាក់៕
ប្រែសម្រួល៖ប៉ាង កុង