ភ្នំពេញ ៖ ក្រុមសមត្ថកិច្ច នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បាននិងកំពុងតែស្វែងរក ជនបំពុលសង្គម ដែលនាំគ្នាផ្សាយថា មានគ្រូបង្រៀន ជាស្រ្តីវ័យក្មេងម្នាក់ ស្លាប់ដោយសារការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ឈ្មោះស៊ីណូហ្វាម ជាជំនួយរបស់មិត្តចិន ដើម្បីយកមកផ្តន្ទាទោស តាមច្បាប់ ។ ដោយលទ្ធផលពួកគេ ជាអ្នករស់នៅក្រៅប្រទេស។
បើតាមការផ្សាយ របស់ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃ១៨ កុម្ភៈដែលតាមការស្រាវជ្រាវ គឺថាអ្នកផ្សាយព័ត៌មាន បំពុលសង្គម ទាំងនេះជាម្ចាស់គណនីហ្វេសប៊ុក ភាគច្រើនរស់នៅក្រៅប្រទេស ។
បើតាមលោកស្នងការ គឺពួកគេតែងតែមានបំណង អាក្រក់ផុស និងផ្សព្វផ្សាយ តែព័ត៌មានមិនពិត។
កាលពីព្រលប់ថ្ងៃ១៧ កុម្ភៈមានការចែកចាយជាបន្តបន្ទាប់ក្នុងបណ្តាញសង្គមថា អ្នកគ្រូ ឆន ណារី បានស្លាប់ដោយការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ តែតាមការពិត បើតាមការផ្សព្វផ្សាយរបស់ផេក គ្រូបង្រៀន-Teacherគឺអ្នកគ្រូ ឈ្មោះឆន ណារី បានទទួលមរណភាពកាលពីថ្ងៃ១៦ កុម្ភៈ ដោយសារជំងឺរលាកស្រោមខួរ ។
ក្រោយឃើញការផ្សាយបែបនេះលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសច្រានចោលទាំងស្រុងថា ជាការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ និងប្រឌិត។លោកស្រីបានបញ្ជាក់ថា រហូតមកទល់ថ្ងៃនេះពុំទាន់មានគ្រូបង្រៀនណាម្នាក់ បានចាក់វ៉ាក់សាំងនៅឡើយទេ ៕