ភ្នំពេញ ៖ លោក ងី ច័ន្រ្ទផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការ គ្រប់គ្រងការអនុវត្តផែនការ យុទ្ធសាស្រ្ត គណនេយ្យភាពសង្គម នៅថ្នាក់ក្រោមជាតិ (គ.គ.អ.ស.) បានសម្ដែងក្ដីសង្ឃឹមថា អាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាន នឹងចូលរួមយល់ដឹងបន្ថែមទៀត ក្នុងការអនុវត្ត «គម្រោងគាំទ្រផែនការ អនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២» ដើម្បីប ម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យមានសកម្មភាពជាងមុន ជាពិសេស តម្លាភាព ប្រសិទ្ធភាព និងយុត្តិធម៌ ។
ក្នុងពិធីសម្ពោធការដាក់ ឲ្យអនុវត្តគម្រោងគាំទ្រផែនការ អនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ នៅសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ លោក ងី ច័ន្រ្ទផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានថ្លែងថា សកម្មភាពផែនការអនុវត្ត គណនេយ្យភាពសង្គម ដំណាក់កាលទី២ ស្ថិតក្នុងចំណោមសកម្មភាព របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងក្របខណ្ឌកំណែទម្រង់ រដ្ឋបាលសាធារណៈ ។
លោកបញ្ជាក់យ៉ាងដូច្នេះថា «ទោះបីនៅកម្ពុជាមានជំងឺកូវីដ-១៩ក៏ដោយ ប៉ុន្ដែយើងបានជំរុញការរៀបចំ គោលនយោបាយ ជាយុទ្ធសាស្ដ្រ ជាផែនការសកម្មភាព គឺអនុវត្តនាពេលនេះ ជាកិច្ចការមួយដំណើរការបន្ដទៅមុខទៀត ។ ហើយយើង សង្ឃឹមថា កិច្ចការងារនេះ (គណនេយ្យភាពសង្គម ដំណាក់កាលទី២) នឹងចូលរួមពីអាជ្ញាធរខេត្ត និងអាជ្ញាធរមូលដ្ឋាន អាចយល់ដឹងច្រើនទៀត ដើម្បីអនុវត្តមូលដ្ឋានរបស់ខ្លួន មានភាពសកម្មជាងមុនបន្ថែមទៀត»។
លោករំលឹកថា សកម្មភាពផែនការអនុវត្ត គណនេយ្យភាពសង្គម ដំណាក់កាលទី១ រាជរដ្ឋាភិបាល ក៏ទទួលបានបទពិសោធន៍ជាច្រើនផងដែរ។ បច្ចុប្បន្ននេះ អនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ ចាប់ពីឆ្នាំ២០១៩ រហូតដល់ ឆ្នាំ២០២៣ ដើម្បីពង្រឹងអភិបាលកិច្ច នៅថ្នាក់ក្រោមជាតិ ។ ឯកឧត្តមបន្ដថា ការពង្រឹងអភិបាលកិច្ច ដើម្បីកែលំម្អកំណែ ទម្រង់ផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ឲ្យកាន់តែមានប្រសិទ្ធិភាព ខ្ពស់បន្ថែមទៀត។
បន្ថែមពីនេះទៀត លោកក៏បានរៀបរាប់ថា គម្រោងគាំទ្រផែនការអនុវត្ត គណនេយ្យភាពសង្គម ដំណាក់កាលទី២ អាចមានវិសាលភាពធំជាង ដំណាក់កាលទី១ ដោយសារតែដំណាក់កាលទី១ ធ្វើឡើងតែសេវាសុខាភិបាល សេវាអប់រំ សេវារដ្ឋបាលឃុំ-សង្កាត់។ ឥឡូវនេះ ដំណាក់កាលទី២ បានពង្រីកកិច្ចការងារមួយចំនួនទៀត ហើយក៏បានពង្រីកដល់ខេត្ត-ក្រុង មួយចំនួន ដើម្បីធ្វើយ៉ាងឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្ត សេវាសាធារណៈ របស់រាជរដ្ឋាភិបាល ទាំងថ្នាក់ជាតិ និងក្រោមជាតិ។
ឆ្លៀតឱកាសនោះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ហាញក្ដីសង្ឃឹមថា តាមរយៈសកម្មភាពខាងលើ ប្រជាពលរដ្ឋ ជាពិសេស ស្ត្រី កុមារ យុវជន ជនជាតិដើមភាគតិច និងប្រជាពលរដ្ឋក្រីក្រទូទាំងប្រទេស នឹងទទួលបានផលប្រយោជន៍ ពីការអនុវត្តគម្រោងគាំទ្រផែនការ អនុវត្តគណនេយ្យភាពសង្គម ដំណាក់ទី២ នេះ ។
សូមជម្រាបថា គម្រោងគាំទ្រផែនការ អនុវត្តគណនេយ្យភាពសង្គម ដំណាក់កាលទី២ នេះ មានរយៈពេល៥ឆ្នាំ ចាប់ពីឆ្នាំ២០១៩ រហូតដល់ឆ្នាំ២០២៣ ខាងមុខនេះ ៕