ព័ត៌មានអន្តរជាតិ

ពាណិជ្ជកម្ម រវាងសហភាពអឺរ៉ុប-ចិន មានការរីកចម្រើនខ្លាំង បើទោះស្ថិតក្នុង វិបត្ដិជំងឺរាតត្បាត

បឺរលីន ៖ ក្រុមហ៊ុនជាច្រើន នៅសហភាពអ៊ឺរ៉ុប និងចិន រីករាយដែលបានឃើញ ពាណិជ្ជកម្មទ្វេភាគី រវាងសហភាពអឺរ៉ុប និងចិន នៅឆ្នាំ២០២០ ដែលជាឆ្នាំដែលត្រូវបានរារាំង ដោយការបិទទ្វារ និងការរំខានផ្នែកឧស្សាហកម្ម ដោយសារតែវិធានការរឹតត្បិត ដែលបានធ្វើឡើង ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ- ១៩ ។

ការិយាល័យស្ថិតិ របស់សហភាពអ៊ឺរ៉ុប បានឲ្យដឹងថា ប្រទេសចិន បានក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់ របស់សហភាពអ៊ឺរ៉ុប កាលពីឆ្នាំមុន ដោយវ៉ាដាច់សហរដ្ឋអាមេរិក។

ការនាំចូលរបស់ប្លុកពីប្រទេសចិន ក្នុងឆ្នាំ២០២០ បានកើនឡើង ៥,៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់ ៣៨៣,៥ ពាន់លានអឺរ៉ូ (៤៦២ ពាន់លានដុល្លារ) ហើយការនាំចេញបានកើនឡើង ២,២ ភាគរយដល់ ២០២,៥ ពាន់លានអឺរ៉ូ។ ទន្ទឹមនឹងនេះដែរពាណិជ្ជកម្ម របស់សហភាពអឺរ៉ុប ជាមួយសហរដ្ឋអាមេរិក បានធ្លាក់ចុះយ៉ាងខ្លាំងទាំងសងខាងនេះ បើយោងតាម Eurostat ។

ដោយសារការធ្លាក់ចុះជារួម ក្នុងពាណិជ្ជកម្មពិភពលោក ចំពេលមានការរីករាលដាល នៃរោគរាតត្បាត កំណើនសេដ្ឋកិច្ចដ៏ខ្លាំងក្លា នៅក្នុងពាណិជ្ជកម្មចិន – អឺរ៉ុប ពិតជាអាចត្រូវបានគេចាត់ទុកថា ជាជ័យជំនះដ៏លំបាក ដែលមួយផ្នែកដោយសារតែកិច្ចសហប្រតិបត្តិការ ដ៏រឹងមាំរបស់ភាគីទាំងពីរ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺរាតត្បាតកូវីដ-១៩ ។

នៅក្នុងនោះដែរនៅថ្ងៃទី១០ ខែកុម្ភៈ សន្និសីទអង្គការសហប្រជាជាតិ ស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ (UNCTAD) បានឲ្យដឹងនៅក្នុង“ បច្ចុប្បន្នភាពពាណិជ្ជកម្មសកល” ប្រចាំត្រីមាសរបស់ខ្លួនថា ពាណិជ្ជកម្មពិភពលោកនៅឆ្នាំ ២០២០ បានធ្លាក់ចុះប្រហែល ៩ ភាគរយពីមួយឆ្នាំមុន៕

ដោយ ឈូក បូរ៉ា

To Top