ព័ត៌មានជាតិ

កម្ពុជា-សហរដ្ឋអាមេរិក បន្តកិច្ចសហប្រតិបត្តិការ ចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា បើទោះជំងឺកូវីដ១៩ កំពុងបន្តការគំរាមកំហែង

ភ្នំពេញ៖ កម្ពុជា-សហរដ្ឋអាមេរិក បានសំដែងនូរការពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្តទៀត ដែលបានចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចកម្ពុជា និងការបង្កើតការងារជូនបងប្អូនកម្មករនិយោជិត ហើយបើទោះជាជំងឺកូវីដ ១៩ កំពុងបន្តការគំរាមកំហែងក៏ដោយ ក៏ការរនាំចេញផលិតផលពីកម្ពុជាទៅកាន់ទីផ្សារមិនមានការធ្លាក់ចុះទេ មានតែកើនឡើងបើប្រៀបជាមួយទីផ្សារប្រទេសផ្សេងទៀត។

ការអះអាងបែបនេះធ្វើឡើងក្នុងជំនួបរវាង លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយលោក W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្តីការក្រសួងការងារ ដើម្បីពិភាក្សាការងារលើវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការកន្លងមក ជាពិសេស កិច្ចសហប្រតិបត្តិការ លើការអនុវត្តគោលនយោបាយ ផ្សាភ្ជាប់ពាណិជ្ជកម្មទៅនិង បទដ្ឋានការងារអន្តរជាតិ ដែលកម្ពុជាធ្លាប់បានអនុវត្ត ប្រកបដោយជោគជ័យជាមួយសហរដ្ឋអាមេរិក តាំងពីឆ្នាំ១៩៩៩ រហូតដល់បច្ចុប្បន្ន។

នាឱកាសនោះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះភាគីសហរដ្ឋអាមេរិក ដែលទទួលស្គាល់នូវវឌ្ឍនភាពនៃការអនុវត្តសិទ្ធសេរីភាព អង្គការវិជ្ជាជីវៈ ការធានាបាននូវលក្ខខណ្ឌការងារ ស្របតាមបទដ្ឋានការងារអន្តរជាតិ ដែលជាកត្តាស្នូលសម្រាប់ភាគីសហរដ្ឋអាមេរិកបន្តផ្តល់ភាពអនុគ្រោះពាណិជ្ជកម្មដល់កម្ពុជារហូតមកទល់បច្ចុប្បន្ន។ តាមរយៈ គម្រោងរោងចក្រកាន់តែប្រសើរឡើងនៅកម្ពុជា ដែលអនុវត្តដោយអង្គការអន្តរជាតិខាងការងារ (ILO) ជាគម្រោងវាយតំលៃប្រកបដោយតម្លាភាពនូវលក្ខខណ្ឌការងារ នៅក្នុងវិស័យកាត់ដេរ សំលៀកបំពាក់ និងផលិតស្បែកជើង ហើយដែលបច្ចុប្បន្នក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងពាណិជ្ជកម្ម កំពុងជំរុញការពង្រីកវិសាលភាពអនុវត្តដល់រោងចក្រផលិតផលិតផលធ្វើដំណើរ និងកាបូប (TGB)។

ក្រៅពីនេះ ភាគីទាំងពីរក៏បានពិភាក្សា ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើការបន្តលុបបំបាត់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ការពង្រឹងសមត្ថភាព អធិការការងារតាមរយៈការទសន្សកិច្ចសិក្សា នៅសហរដ្ឋអាមេរិកតាមរយៈ កម្មវិធី International Visitors Leadership Program on Demand និងការបន្តអនុស្សរណៈ នៃការយោគយល់គ្នារវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងមជ្ឈមណ្ឌលអាមេរិកកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ (ACILS)។ កិច្ចសហប្រតិ្តរវាងក្រសួង និងមជ្ឈមណ្ឌលអាមេរិកកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ ក្នុងរយពេលកន្លងមកក៍ទទួលបានសមិទ្ធផលជាច្រើន ក្នុងការចូលរួមជួយអោយ ភាគីពាក់ព័ន្ធ ជាពិសេសអង្គការវិជ្ជាជីវៈ កាន់តែមានភាពចាស់ទុំក្នុងការចូលរួមអនុវត្តច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ច្បាប់ស្តីពីរបបបេឡាជាតិសន្តិសុខសង្គម និងលិខិតបទដ្ឋាន គតិយុត្តិពាក់ព័ន្ធនឹងវិស័យការងារ ដែលទាំងនេះជាផ្នែកមួយដ៏សំខាន់ក្នុងការកាត់បន្ថយនូវវិវាទការងារ ហើយឈានទៅបង្កើតអោយមានសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ។

ទន្ទឹមនេះដែរ លោកឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលអនុវត្តបានយ៉ាងល្អក្នុងការចូលរួមធានានូវនិរន្តភាពនៃដំណើរការអាជីវកម្ម ផលិតកម្ម និងពាណិជ្ជកម្ម តាមរយៈការដាក់ចេញនូវវិធានការ សេចក្តីណែនាំ និងតាមដានត្រួតពិនិត្យមើលការអនុវត្តរបស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ព្រមទាំងការចូលរួមដោះស្រាយ រាល់បញ្ហានានា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសការទូទាត់អត្ថប្រយោជន៍ និងប្រាក់ឧបត្ថម្ភជូនបងប្អូនកម្មករនិយោជិតពេលរោងចក្រព្យួរការងារ និងដោះស្រាយទូទាត់ប្រាក់អតីភាពការងារ និងអត្ថប្រយោជន៍ ពេលរោងចក្របិទទ្វារ លែងដំណើរការ ឬរោងចក្រក្ស័យធន ឬម្ចាស់រត់ចោល។

ភាគីទាំងពីរ បានឯកភាពគ្នា ក្នុងការបន្តពិនិត្យមើលលើ ចំណុចខ្លះៗនៃបទដ្ឋានគតិយុត្តិ ដែលត្រូវធ្វើបច្ចុប្បន្នភាព ដើម្បីការអនុវត្តកាន់តែទទួលបាន ប្រសិទ្ធភាពខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ។

ជាចុងក្រោយ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណជាថ្មីម្តងទៀត ចំពោះភាគីសហរដ្ឋអាមេរិក ដែលបានបន្តនូវការគាំទ្រ និងបន្តកិច្ចសហប្រតិបត្តការល្អ ក្នុងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការខិតខំបន្តអនុវត្តបានយ៉ាងល្អនូវការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ការផ្តល់កិច្ចគាំពារដល់ពលករទេសន្តរប្រវេសន៍ ការលុបបំបាត់នូវទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ ការបន្តលើកកម្ពស់សិទ្ធិសេរីភាព អង្គការវិជ្ជាជីវៈ សិទ្ធិការងារ សំវាទសង្គម និងការផ្តល់នូវកិច្ចគាំពារសង្គម៕

To Top