ព័ត៌មានអន្តរជាតិ

អាមេរិក នឹងបន្ដពង្រឹងការសន្ទនា ពហុភាគី របស់ខ្លួន នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីទប់នឹងឥទ្ធិពលចិន

វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងបន្តពង្រឹងការសន្ទនាពហុភាគីរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ដែលគេស្គាល់ថា Quad ដើម្បីប្រឈមនឹងបញ្ហាជាច្រើននៅក្នុងតំបន់រួមទាំងប្រទេសចិនផងដែរ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់បានឲ្យដឹងថា អ្នកនាំពាក្យលោក Ned Price ក៏បានលើកឡើងផងដែរថា Quad នឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

អ្នកនាំពាក្យនាយកដ្ឋានរូបនេះបានប្រាប់សន្និសីទសារព័ត៌មានថា “នៅពេលនិយាយដល់ Quad វាជាឧទាហរណ៍មួយរបស់សហរដ្ឋអាមេរិក និងដៃគូជិតដិតបំផុតរបស់យើង ដែលកំពុងរួមគ្នាដើម្បីភាពល្អនៃឥណ្ឌូ – ប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ” ។

លោកបន្ដថា “ដូច្នេះយើងនឹងពង្រឹងវាដោយធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើផ្នែកនៃការផ្តោតអារម្មណ៍បែបប្រពៃណី ដែលរួមបញ្ចូលទាំងសន្តិសុខដែនសមុទ្រផងដែរ ហើយរួមបញ្ចូលការតស៊ូតាមបែបប្រជាធិបតេយ្យ។

ការកត់សម្គាល់នេះបានធ្វើឡើងបន្ទាប់ពីរដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានចូលរួមក្នុងកិច្ចពិភាក្សាថ្នាក់រដ្ឋមន្រ្តីដំបូងរបស់លោកជាមួយសមភាគីរបស់លោកមកពីប្រទេស Quad ផ្សេងទៀត គឺអូស្រ្តាលី ជប៉ុន និងឥណ្ឌា ដែលក្នុងនោះអ្នកការទូតកំពូលអាមេរិកបានយល់ព្រមធ្វើកិច្ចចរចាថ្នាក់រដ្ឋមន្ត្រីយ៉ាងហោចណាស់ម្តងក្នុងមួយឆ្នាំ៕

ដោយ ឈូក បូរ៉ា

To Top