ព័ត៌មានជាតិ

ប្រទះឃើញហ្វូងដំរីព្រៃ មកផឹកទឹកនៅក្រោយសាលាស្រុកកែវសីម៉ា ក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា

ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ មានដំរីព្រៃមួយហ្វូង មកផឹកទឹកនៅក្រោយសាលាស្រុកកែវសីម៉ា ក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី។

តាមរយៈបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក ក្រសួងបរិស្ថានបានបញ្ជាក់ថា «ដំរីព្រៃមួយហ្វូង មានចំនួនប្រមាណជាង១០ក្បាល បានមកផឹកទឹកនៅក្រោយសាលាស្រុកកែវសីម៉ា ក្នុងដែនជម្រកសត្វព្រៃ កែវសីម៉ា ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី»។

ប្រភពដដែល ក៏បានឲ្យដឹងទៀតថា នៅកម្ពុជា មានសត្វដំរីព្រៃមានចន្លោះពី ៤០០ទៅ ៦០០ក្បាល កំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិ ដូច្នេះពលរដ្ឋកុំរំខានសត្វដំរីព្រៃទាំងនេះ ដោយចូលរួមការពារ និងអភិរក្សទាំងអស់គ្នា៕

To Top