បរទេស៖ ប្រធានាធិបតីអាមេរិក លោក ចូបៃដិន បានបញ្ជាឱ្យមានការវាយប្រហារ តាមអាកាសលើទីតាំងដែល ត្រូវបានប្រើដោយក្រុមជីវពលគាំទ្រដោយអ៊ីរ៉ង់ នៅភាគខាងកើតប្រទេសស៊ីរី កាលពីយប់ថ្ងៃព្រហស្បតិ៍ ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ ដោយគ្រាប់រ៉ុក្កែតចំនួនបី ដាច់ដោយឡែកពីគ្នា ប្រឆាំងនឹងកងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ នេះបើយោងតាមអ្នកនាំពាក្យ មន្ទីរបញ្ចកោណ។
យោងតាមសារព័ត៌មាន Politico ចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក John Kirby បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារបានបំផ្លាញទីតាំង ជាច្រើននៅចំណុចត្រួតពិនិត្យព្រំដែន ដែលត្រូវបានប្រើដោយក្រុមជីវពល គាំទ្រដោយអ៊ីរ៉ង់ដែលភ្ជាប់ទៅនឹង ការវាយប្រហារប្រឆាំងនឹង សហរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ រួមមាន Kataib Hezbollah និង Kataib Sayyid al-Shuhada ។
ការវាយប្រហារតាមដែនអាកាសនេះ ត្រូវបានអនុញ្ញាតជាការឆ្លើយតប ចំពោះការវាយប្រហារថ្មីៗប្រឆាំង នឹងបុគ្គលិកអាមេរិកនិងសម្ព័ន្ធមិត្ត នៅក្នុងប្រទេសអ៊ីរ៉ាក់និងការគំរាមកំហែង ដែលកំពុងកើតមានចំពោះបុគ្គលិកទាំងនោះ។
មន្ត្រីការពារជាតិម្នាក់បានប្រាប់ POLITICO ថាការវាយប្រហារតាមអាកាស ត្រូវបានរៀបចំឡើងដើម្បីបំផ្លាញសមត្ថភាព របស់ក្រុមជីវពលក្នុងការ វាយប្រហារនាពេលអនាគត ៕
ប្រែសម្រួលៈ ណៃ តុលា