បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃសុក្រនេះបានឲ្យដឹងថាជនជាតិអង់គ្លេសម្នាក់ ត្រូវបានសិង្ហបុរីប្រកាសដាក់ទោសឲ្យជាប់គុករយៈពេល២ សប្តាហ៍ព្រមទាំងពិន័យប្រមាណជា១០០០ដុល្លារ ផងនៅក្រោយរកឃើញថា
បុរសរូបនេះបានបំពានច្បាប់ ចត្តាឡីស័កដោយធ្វើការចាកចេញពីបន្ទប់សណ្ឋាគារ ហើយទៅជួបជាមួយនឹងគូដណ្តឹងរបស់ខ្លួន។
លោក Nigel Skea វ័យ៥២ឆ្នាំត្រូវបានគេពិនិត្យមើលឃើញថាបានលួចដើរចេញ ពីសណ្ឋាគារតាមរយៈជណ្តើរសម្រាប់គ្រាអាសន្ននិង ចំណាយពេល១យប់ជាមួយនឹងគូដណ្តឹងរបស់លោកគឺនាង Agatha Maghesh Eyamalai ដែលមានវ័យ៣៩ឆ្នាំហើយ ហេតុការណ៍នេះបានកើតឡើងតាំងតែពី ខែកញ្ញាខណៈដល់គូស្នេហ៍ទាំងពីរនាក់ពេលនេះគឺបានរៀបការ រួចទៅហើយ។
ក្នុងនោះផងដែរក្រៅតែពីលោក Skea ហើយភរិយារបស់គាត់គឺនាង Eyamalai ក៏ត្រូវបានគេប្រកាសឲ្យដាក់គុករយៈពេល១សប្តាហ៍ផងដែរ។ គួរឲ្យដឹងដែរថាច្បាប់ធ្វើចត្តាឡីស័ករបស់សិង្ហបុរីគឺមានរយៈពេល១៤ថ្ងៃ។
តុលាការបានរៀបរាប់ទៀតថា Skea បានដើរចុះតាមជណ្តើរកំពស់១៣ជាន់និងចំណាយពេលស្ទើរតែមួយយប់ជាមួយនឹង Eyamalai ដែលជាអ្នកចាំបើកទ្វារជូនលោកចេញពីសណ្ឋាគារ៕ ប្រែសម្រួល៖ស៊ុនលី