ព័ត៌មានអន្តរជាតិ

អតីតរដ្ឋមន្រ្តីការពារជាតិបារាំង ត្រូវតុលាការផ្តន្ទាទោសព្យួរ២ឆ្នាំ ក្នុងសំណុំរឿងពុករលួយ លក់នាវាមុជទឹកឱ្យប៉ាគីស្ថាន

បរទេស៖ នៅក្នុងរដ្ឋបាលរបស់ អតីតនាយករដ្ឋមន្ត្រីបារាំងលោក Edouard Balladur, លោក Leotard ដែលជាអតីតរដ្ឋមន្រ្តីការពារជាតិ បានរងការចោទប្រកាន់ថា បានទាក់ទងទៅលើការចំណាយ ដែលមានទឹកប្រាក់សរុប ២ លានអឺរ៉ូ ទាក់ទងនឹងការលក់នាវាមុជទឹកបារាំង ទៅឱ្យប្រទេសប៉ាគីស្ថាន។

យោងតាមសារព័ត៌មាន sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា អតីតរដ្ឋមន្រ្តីក្រសួងការពារជាតិបារាំងលោក Francois Leotard ត្រូវបានកាត់ទោសព្យួររយៈពេល ២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន ១០ ម៉ឺនអឺរ៉ូ នៅក្នុងការជំនុំជម្រះក្តីប្រឆាំងអំពើ ពុករលួយដែលត្រូវបានគេស្គាល់ថា ជា «ព្រឹត្តិការណ៍ការ៉ាជី» ។

អតីតរដ្ឋមន្រ្តីការពារជាតិវ័យ ៧៨ ឆ្នាំរូបនេះ ត្រូវបានផ្តន្ទាទោសក្នុងការសមគំនិត ក្នុងការប្រើប្រាស់ទ្រព្យសម្បត្តិសាជីវកម្ម មិនត្រឹមត្រូវជុំវិញការលក់នាវាមុជទឹក ទៅឱ្យប្រទេសប៉ាគីស្ថាន និងកងនាវាចរទៅឱ្យប្រទេសអារ៉ាប៊ីសាអូឌីត នៅចន្លោះឆ្នាំ ១៩៩៣ និង ១៩៩៥ ។

ចំណែកអតីតនាយករដ្ឋមន្រ្តីអាយុ ៩១ ឆ្នាំលោក Edouard Balladur ត្រូវបានលើកលែងទោស។ គាត់ត្រូវបានរកឃើញថាគ្មានទោស ដោយតុលាការនៃសាធារណរដ្ឋ (CJR) ដែលព្យាយាមបម្រើការងារ និងអតីតរដ្ឋមន្រ្តីចំពោះការរំលោភ ដែលបានប្រព្រឹត្តិក្នុងពេលកំពុងកាន់តំណែង ៕

ប្រែសម្រួលៈ ណៃ តុលា

To Top