វ៉ាស៊ីនតោន ៖ ក្រសួងពាណិជ្ជកម្ម សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានបន្ថែមក្រសួង ការពារជាតិមីយ៉ាន់ម៉ា ក្រសួងមហាផ្ទៃ និងអង្គភាពពាណិជ្ជកម្ម ចំនួនពីរ ទៅក្នុងបញ្ជីខ្មៅ នៃពាណិជ្ជកម្មរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
នៅក្នុងនោះដែរក្រសួងពាណិជ្ជកម្មអាមេរិក ក៏បានប្រកាសពីវិធានការ ត្រួតពិនិត្យការនាំចេញ ដែលរឹតត្បិតថែមទៀតប្រឆាំងនឹងមីយ៉ាន់ម៉ា។
កាលពីខែមុនសហរដ្ឋអាមេរិក បានកំណត់មេដឹកនាំយោធា មីយ៉ាន់ម៉ាជាច្រើនរូប និងបានចុះបញ្ជីអង្គភាពចំនួន ៣ ដែលជាប់ទាក់ទងនឹងយោធា ឬកងកម្លាំងសន្តិសុខរបស់មីយ៉ាន់ម៉ា។
ស្ថានភាពអាសន្នរយៈពេលមួយឆ្នាំ ត្រូវបានប្រកាសនៅក្នុងប្រទេស មីយ៉ាន់ម៉ា បន្ទាប់ពីប្រធានាធិបតីលោក U Win Myint និងទីប្រឹក្សារដ្ឋលោកស្រីអ៊ុងសាន ស៊ូជី រួមជាមួយមន្ត្រីដទៃទៀត មកពីគណបក្សសម្ព័ន្ធភាពជាតិ ដើម្បីលទ្ធិប្រជាធិបតេយ្យ NLD ត្រូវបានចាប់ខ្លួនដោយយោធាកាលពីថ្ងៃទី០១ ខែកុម្ភៈ។
យោធាបានចោទប្រកាន់ថា មានការលួចបន្លំសន្លឹកឆ្នោត យ៉ាងច្រើននៅក្នុងការបោះឆ្នោត សកលកាលពីខែវិច្ឆិកា ឆ្នាំ២០២០ របស់ប្រទេសនេះ ដែលបានឃើញថាគណបក្ស NLD បានឈ្នះអាសនៈភាគច្រើននៅក្នុងសភាទាំងពីរ ប៉ុន្ដែគណៈកម្មការបោះឆ្នោតសហភាពមីយ៉ាន់ម៉ា បានច្រានចោលការចោទប្រកាន់នេះ ៕
ដោយ ឈូក បូរ៉ា