ភ្នំពេញ៖ ក្នុងដំណាក់កាល នៃការរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍កម្ពុជានេះ លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ បានលើកឡើងថា ពេលនេះមិនមែនជាពេលរើសអើង ក៏មិនមែនជាពេលទម្លាក់កំហុស ផ្ទុយទៅវិញ គឺជាពេលដែលយើងត្រូវរួបរួម ចូលរួម និងលើកទឹកចិត្តហើយទាំងអស់គ្នា រួមគ្នា យើងពិតជានឹងឆ្លងផុត គ្រាលំបាកនេះជាមួយគ្នា។
តាមរយៈគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី១១ មីនានេះ អ្នកតំណាងរាស្រ្ត ហ៊ុន ម៉ានី បានបញ្ជាក់ថា “ពេលនេះមិនមែនជាពេលរើសអើង ហើយពេលនេះ ក៏មិនមែនជាពេលទម្លាក់កំហុស។ ផ្ទុយទៅវិញ ពេលនេះ គឺជាពេលដែលយើងត្រូវរួបរួម ចូលរួម និងលើកទឹកចិត្ត។ ជាងនេះទៅទៀត ពេលនេះជាពេលដែលយើង ត្រូវក្លាហានទាំងអស់គ្នា ក្នុងការចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានណែនាំនានា ពីអាជ្ញាធរមានសមត្ថកិច្ច”។
លោក ហ៊ុន ម៉ានី សូមជូនពរដល់ជនរួមជាតិទាំងអស់ ឲ្យជួបប្រទះតែសេចក្តីសុខ និងមាននូវសុខភាពល្អ និងសូមជូនពរ ជាពិសេស ដល់លោកតា លោកយាយ មីងមា បងប្អូន ដែលកំពុងស្ថិតក្នុងដំណាក់កាល នៃការព្យាបាលជំងឺកូវីដ១៩នេះ ឲ្យឆាប់បានជាសះស្បើយកុំបីខាន។
ទាំងអស់គ្នា រួមគ្នា យើងពិតជានឹងឆ្លងផុត គ្រាលំបាកនេះជាមួយគ្នា។
គិតត្រឹមព្រឹកថ្ងៃ១១ មីនា កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន១១៦៣ នាក់ អ្នកជាសះស្បើយចំនួន ៥៩៧ នាក់ និងអ្នកកំពុងព្យាបាល ចំនួន៥៦៥ នាក់៕