ភ្នំពេញ៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល សូមធ្វើការអំពាវនាវសារជាថ្មីម្តងទៀត សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នខ្ពស់មែនទែន លើស្ថានភាពឆ្លងបច្ចុប្បន្ននេះ ព្រោះវីរុសកូវីដ-១៩ បម្លែងថ្មី កំពុងតែចរាចរយ៉ាងសកម្មខ្លាំងក្លា នៅក្នុងប្រទេសកម្ពុជា ដោយយើងមិនដឹងថា វានៅទីណាខ្លះនោះទេ ជាពិសេសនៅរាជធានីភ្នំពេញនេះតែម្តង ដែលមានការចម្លងបន្តគ្នាលឿនណាស់ និងឆ្លងបន្តទៅខេត្ត មួយចំនួនរួចទៅហើយ។
តាមរយៈសារអំពាវនាវនៅថ្ងៃទី១៣ មីនា នេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលបានបន្តថា ពេលនេះ នៅផ្ទះ និងកុំធ្វើការចល័តពីកន្លែងមួយទៅកន្លែងមួយ ហើយមិនត្រូវបង្ក ការជួបជុំគ្នាច្រើនណាមួយនោះទេ ដូចជាពីធីមង្គលការ ឡើងផ្ទះ បុណ្យសាសនាផ្សេងៗ ដោយពន្យាពេល គឺត្រូវតែធ្វើនៅពេលនេះជាចាំបាច់បំផុត ដែលជាវិធានការជួយដល់ការកាត់ផ្តាច់បាន នូវការចម្លងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ទៀតបានជាអតិប្បរិមា។ ជ្រើសរើសយកការបញ្ឈប់ការជួបជុំ ឬការពន្យារពេល នៃការរៀបចំពិធីនានាល្អប្រសើរ ជាជាងការឆ្លង ហើយអាចស្លាប់ បានគ្រប់ពេលវេលានាពេលនេះ។
លោកស្រី បញ្ជាក់ថា “សូមចងចាំថា វីរុសបម្លែងថ្មីនេះ សាហាវជាង និងខ្លាំងជាងវីរុសនាពេលមុនៗ ដែលអាចធ្វើឱ្យបុគ្គល ស្លាប់បានគ្រប់ពេលវេលា ដែលថ្មីៗនេះ យើងមានករណីស្លាប់ម្នាក់រួចទៅហើយ ហើយក៏នៅមានអ្នក ដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរមួយចំនួនទៀតដែរ ដែលក្រុមគ្រូពេទ្យ កំពុងតែជួយសង្រ្គោះ យ៉ាងមមាញឹកជាទីបំផុត”។
អ្នកនាំពាក្យ ក្រសួងសុខាភិបាលបន្ថែមថា សូមបងប្អូនថែរក្សាសុខភាព និងមើលកូនចៅឱ្យបានល្អ កុំឱ្យដើរចេញក្រៅរហេតរហូត សម្រាប់មនុស្សពេញវ័យ បើមិនមានការចាំបាច់ទេនោះ សូមនៅផ្ទះ ល្អជាងការចល័តទៅកន្លែងនេះកន្លែងនោះ ដែលមិនមានភាពចាំបាច់ ដែលមានហានិភ័យ ចម្លងវីរុសបម្លែងថ្មីនេះខ្ពស់ណាស់ សម្រាប់លោកអ្នកនាពេលនេះ។
ដំណាក់កាលនេះ ជាដំណាក់កាលលំបាក ដែលបុគ្គលគ្រប់រូប មានកាតបព្វកិច្ចចាំបាច់ ក្នុងការចូលរួមអនុវត្តន៍វិធានការសុខាភិបាល និងវិធានការផ្សេងៗទៀត ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាលបានដាក់ចេញ ដូចជាការអំពាវនាវខាងលើនេះជាដើម ហើយរួមសាមគ្គីគ្នា ប្រយុទ្ធនឹងសត្រូវអត់ស្រមោល និងមិនដឹងថា នៅទីណានោះ ទាំងអស់គ្នា ដែលយើងអាចឆ្លងកាត់ការលំបាក នាពេលនេះទាំងអស់។
បរាជ័យ ឬជោគជ័យ លើការប្រយុទ្ធនឹងសត្រូវកូវីដ-១៩ បម្លែងថ្មីនាពេលនេះ គឺអាស្រ័យលើការចូលរួម របស់បងប្អូនទាំងអស់គ្នា និងសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មានសុខភាពល្អ និងចៀសផុតពីការចម្លងវីរុសកូវីដ-១៩ បម្លែងថ្មីនាពេលនេះផងដែរ៕