ព័ត៌មានអន្តរជាតិ

ហ្វីលីពីន អនុម័តវ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ Sputnik V របស់រុស្ស៊ី សម្រាប់ការប្រើប្រាស់បន្ទាន់

ម៉ានីល ៖ អគ្គនាយករដ្ឋបាល ចំណីអាហារ និងឪសថហ្វីលីពីន (FDA) បានផ្តល់ការអនុញ្ញាតជាបន្ទាន់ សម្រាប់ការប្រើប្រាស់ វ៉ាក់សាំង Sputnik V របស់រុស្ស៊ី ប្រឆាំងនឹងជំងឺកូវីដ -១៩ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

អគ្គនាយក FDA លោក Enrique Domingo បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន តាមប្រព័ន្ធអ៊ីនធឺណិតថា“ អត្ថប្រយោជន៍ ដែលអាចដឹង និងមានសក្តានុពល នៃវ៉ាក់សាំង Spunik V នៅពេលដែលត្រូវបានប្រើ ដើម្បីការពារជំងឺកូវីដ-១៩ គឺលើសពីហានិភ័យ និងសក្តានុពលនៃវ៉ាក់សាំងនេះ។

លោកអគ្គនាយកបានលើកឡើងថា វ៉ាក់សាំងដែលផលិត នៅប្រទេសរុស្ស៊ី អាចត្រូវបានផ្តល់ទៅឱ្យមនុស្ស ដែលមានសុខភាពល្អ និងដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ។

វ៉ាក់សាំងរបស់រុស្ស៊ី គឺជាវ៉ាក់សាំងទី៤ ដែលត្រូវបានផ្តល់ភ្លើងខៀវ ដោយ FDA សម្រាប់ការប្រើប្រាស់ជាបន្ទាន់ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍ បន្ទាប់ពីវ៉ាក់សាំង Pfizer-BioNTech, Oxford-AstraZeneca និង Sinovac ។

រដ្ឋបាលចំណីអាហារ និងឪសថ ក៏បានបញ្ជាក់ថាការអនុញ្ញាត គ្រាអាសន្នមិនមែនជាការអនុញ្ញាតទីផ្សារ ឬវិញ្ញាបនប័ត្រចុះបញ្ជីផលិតផល ដើម្បីលក់វ៉ាក់សាំងពាណិជ្ជកម្មនោះទេ ។

រដ្ឋាភិបាលហ្វីលីពីន មានគោលបំណង ប្រមូលប្រជាជន ហ្វីលីពីនរហូតដល់ ៧០ លាននាក់ ដើម្បីចាក់វ៉ាក់សាំងនៅឆ្នាំនេះ ដោយចាប់ផ្តើមពីបុគ្គលិកថែទាំ សុខភាពមនុស្សចាស់ និងសហគមន៍ក្រីក្រ ៕
ដោយ ឈូក បូរ៉ា

To Top