នយោបាយ

២ធ្នូនេះ គឺជាខួប ៤១ឆ្នាំ នៃការចាប់ផ្ដើមបង្កើត ចលនាវាយផ្តួលរំលំកងទ័ពខ្មែរក្រហម

ភ្នំពេញ៖ ចាប់ពីថ្ងៃ២ធ្នូ ឆ្នាំ១៩៧៨ មកដល់ថ្ងៃ២ធ្នូ ឆ្នាំ២០១៩នេះ គឺជាខួបទី៤១ឆ្នាំ នៃការចាប់ផ្ដើមបង្កើត ចលនាវាយផ្តួលរំលំកងទ័ពខ្មែរក្រហមនៃរបបកម្ពុជា ប្រជាធិបតេយ្យ ដោយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ 

រណសិរ្សនេះបានបដិសន្ធិឡើង នៅក្នុងតំបន់រំដោះក្នុងភូមិជើងភ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ និងមានឈ្មោះដំបូងថា«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដឹកនាំដោយឥស្សរជនជាន់ខ្ពស់ជាច្រើនរូបរួមមាន សម្តេច ហេង សំរិន សម្តេច ជា ស៊ីម សម្តេច ហ៊ុន សែន និងឥស្សរជនគណបក្ស ប្រជាជនកម្ពុជាជាច្រើនទៀត ដើម្បីតស៊ូវាយរំដោះទឹកដី និងរំដោះជីវិតប្រជាជនកម្ពុជា ពីរបបវាលពិឃាដប្រល័យពូជសាសន៍ ប៉ុល ពត ហើយទទួលបានជ័យជំនះទាំងស្រុងនាថ្ងៃ៧ មករា ឆ្នាំ១៩៧៩។

ដោយសារគុណូបការៈនេះហើយ បានធ្វើឲ្យស្មារតី២ធ្នូ ក្លាយទៅជាថ្ងៃដែលនៅស្ថិតស្ថេរជា អមតៈក្នុងដួងចិត្តប្រជាជនកម្ពុជា ជាពិសេសដួងចិត្តយុវជនជំនាន់ក្រោយគ្រប់ៗរូប ដែលជំរុញឱ្យយើងទាំងអស់គ្នាតែងតែប្រារព្ធទិវារំលឹកខួបនេះ ជារៀងរាល់ឆ្នាំមិនដែលខកខានឡើយ និងបានចាត់ទុក ថ្ងៃ២ធ្នូ ជាថ្ងៃចាប់ផ្ដើមដ៏អស្ចារ្យ ក្នុងការផ្ដួលរំលំរបប ប៉ុល ពត។ បច្ចុប្បន្ននេះ រណសិរ្សសាមគ្គីសង្គ្រោះជាតិ២ធ្នូ១៩៧៨ ត្រូវបានប្តូរឈ្មោះមកជា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» វិញដែលជាអង្គការចាត់តាំងមួយ ឈានមុខរបស់គណបក្សប្រជាជនកម្ពុជា។

ក្នុងនោះពលរដ្ឋខ្មែរ បានចាត់ទុកស្មារតីនៃថ្ងៃ២ធ្នូ គឺជាព្រឹត្តិការណ៍ជាតិមួយដ៏សំខាន់បំផុត ចំពោះបុព្វហេតុនៃការរស់រានមានជីវិតឡើងវិញរបស់មាតុភូមិ និងប្រជាជនកម្ពុជា។ រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះទាំងអស់គ្នាឲ្យ រួចផុតពីគ្រោះមហន្តរាយនៃរបបប្រល័យពូជសាសន៍ ប៉ុល ពត ប៉ុណ្តោះទេ ប៉ុន្តែរណសិរ្ស២ធ្នូនៅបានជួយប្រជាជនកម្ពុជាក្នុងការស្តារ កសាង និងអភិវឌ្ឍន៍មាតុភូមិឲ្យមានការរីកចំរើនលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និង អាណាចក្រនៅទូទាំងប្រទេសកម្ពុជាថែមទៀត៕

To Top