ដាម៉ាស: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី១ ខែធ្នូនេះ បានឲ្យដឹងថា កងកម្លាំងសហរដ្ឋអាមេរិក បានបើកប្រតិបត្តិការ វាយប្រហារ តាមតាមអាកាស ទៅលើខេត្ត Hasakah ភាគខាងពាយព្យ នៃប្រទេសស៊ីរី កាលពីថ្ងៃសៅរ៍ម្សិលមិញ ជាលទ្ធផលខ្លួន អាចសម្លាប់ក្រុម សកម្មប្រយុទ្ធ រដ្ឋឥស្លាម IS ចំនួន៨ នាក់។
ទូរទស្សន៍រដ្ឋរបស់ស៊ីរី ដែលបានធ្វើការ ប្រកាសព័ត៌មាននេះ បាននិយាយទៀតថា សហរដ្ឋអាមេរិក បានធ្វើការវាយប្រហារចំនួន ២ដង នៅក្នុងភូមិ Hisso និង Rajm al-Hajar ជាទីដែលកងកម្លាំង សហរដ្ឋអាមេរិក បានសម្លាប់ក្រុមសកម្មប្រយុទ្ធ IS ចំនួន៨នាក់។ កន្លងមកបណ្តាញ សារព័ត៌មានផ្លូវការនានា ធ្លាប់បានរាយការណ៍ ពីប្រតិបត្តិការរបស់អាមេរិក នៅភាគខាងពាយព្យ ប្រទេសស៊ីរី ដែលភាគច្រើន ផ្តោតលើក្រុមសកម្មប្រយុទ្ធ IS។
គួរឲ្យដឹងដែរថាក្រុមIS ត្រូវបានបរាជ័យយ៉ាងខ្លាំង នៅក្នុងប្រទេសស៊ីរី ហើយសមាជិក ជាច្រើននិងសមាជិកគ្រួសារ របស់ពួកគេ ពេលនេះកំពុងរស់នៅ ក្នុងទីតាំងដែលស្ថិតនៅ ក្នុងជំរំជនភៀសខ្លួន al-Hol ដែលគ្រប់គ្រង ដោយកងកម្លាំងឃឺដ នៅ ក្នុងខេត្ត Hasakah នេះ៕
ប្រែសម្រួល:ស៊ុនលី