តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់សាធារណរដ្ឋអ៊ីស្លាម បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានបដិសេធចំពោះ របាយការណ៍ដែលថានាវាអ៊ីរ៉ាក់ មួយគ្រឿងត្រូវបានគេប្លន់នៅក្នុងដែនទឹក ភាគខាងត្បូងរបស់ខ្លួន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។
លោក Siavash Arjmandzadeh អគ្គនាយកកំពង់ផែ និងដែនសមុទ្រខេត្ត Bushehr នៅឆ្នេរសមុទ្រអ៊ីរ៉ង់ ត្រូវបានគេដកស្រង់សម្ដីថា “គ្មាននាវាបរទេសណាមួយ ត្រូវបានគេប្លន់យកនៅក្នុងដែនទឹក នៃប្រទេសអ៊ីរ៉ង់នោះទេ ហើយព័ត៌មានណាមួយ នៅក្នុងបញ្ហានេះត្រូវបានបដិសេធ” ។
សារព័ត៌មានដែលបានចុះផ្សាយ ដោយសារព័ត៌មានបរទេសមួយចំនួន មានជាប់ទាក់ទងទៅនឹង កប៉ាល់រុញរបស់អ៊ីរ៉ាក់ ដែលបានចូលចតនៅលើកោះ Seh Dandan ក្នុងដែនទឹកនៃខេត្ត Bushehr ដោយសារតែទឹកជំនន់។
លោកបានអះអាងថា នាវាអ៊ីរ៉ាក់បានជួបឧប្បត្តិហេតុមួយ នៅក្នុងដែនទឹកអន្តរជាតិ នៃឈូងសមុទ្រកាលពីថ្ងៃទី១២ ខែមីនា ហើយក្រោយមកបានចុះចតនៅចម្ងាយ ៨ ម៉ាយ (១២,៨ គីឡូម៉ែត្រ) ពីកំពង់ផែ Bushehr ដោយបន្ថែមថា អាជ្ញាធរអ៊ីរ៉ង់ នឹងធ្វើកិច្ចសហប្រតិបត្តិការចាំបាច់ ជាមួយម្ចាស់នាវារហូតដល់ បញ្ហាបច្ចេកទេសត្រូវបានជួសជុល ហើយកប៉ាល់អាចវិលត្រឡប់ ទៅសមុទ្រវិញបាន ៕
ដោយ ឈូក បូរ៉ា