ព័ត៌មានជាតិ

កម្ពុជា ធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំក្រុមការងារ សម្របសម្រួល ការដឹកជញ្ជូនអាស៊ាន លើកទី៤០

ភ្នំពេញ ៖ លោក គង់ សុផល អគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងជាប្រធានប្តូរវេន នៃក្រុមការងារសម្របសម្រួល ការដឹកជញ្ជូនអាស៊ាន នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំ ក្រុមការងារសម្របសម្រួល ការដឹកជញ្ជូនអាស៊ាន លើកទី៤០ តាមរយៈប្រព័ន្ធអនឡាញ។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ ២៤ ខែមីនា ឆ្នាំ២០២១ ដោយកម្ពុជាធ្វើជាម្ចាស់ផ្ទះ សហការជាមួយលេខាធិការដ្ឋានអាស៊ាន និងមានការអញ្ជើញចូលរួម ដោយផ្ទាល់ពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងការចូលរួមពីចម្ងាយពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា តំណាងប្រទេស នៃរដ្ឋជាសមាជិកអាស៊ាន និងដៃគូអភិវឌ្ឍន៍នានាផងដែរ។

អង្គប្រជុំនេះ បានពិភាក្សាដោយផ្តោត ជាសំខាន់លើបច្ចុប្បន្នភាព នៃការដឹកជញ្ជូនឆ្លងកាត់ព្រំដែនរវាងប្រទេសក្នុងតំបន់ ការស្តារឡើងវិញនូវការ ដឹកជញ្ជូនក្នុងតំបន់ នៃរដ្ឋជាសមាជិកអាស៊ាន ឱ្យមានប្រសិទ្ធភាព ការពិនិត្យមើលអនុសាសន៍ និងសកម្មភាពតាមដាន នៃកិច្ចប្រជុំកន្លងមក ស្ថានភាពនៃការឱ្យសច្ចាប័នលើ កិច្ចព្រមព្រៀង សម្របសម្រួលដឹកជញ្ជូនអាស៊ាន ការបង្កើតនិងអនុវត្តនីតិវិធីពាក់ព័ន្ធ ក្នុងកិច្ចសម្រួល ការដឹកជញ្ជូនរបស់អាស៊ាន និងការគាំទ្រប្រតិបត្តិការ នៃគណៈកម្មាធិការ សម្របសម្រួលដឹកជញ្ជូនឆ្លងកាត់។

អង្គប្រជុំក៏បានពិភាក្សាផងដែរ លើរបាយការណ៍ ស្ដីពីបញ្ហាពាក់ព័ន្ធនឹងគយ របាយការណ៍ស្តីពីបញ្ហាពាក់ព័ន្ធការធានារ៉ាប់រង លិខិតអនុញ្ញាតរថយន្តដឹកជញ្ជូន ទំនិញឆ្លងកាត់ព្រំដែនអាស៊ាន ប្រព័ន្ធតាមដាន ដឹកជញ្ជូន ការអភិវឌ្ឍក្របខណ្ឌច្បាប់ ដើម្បីគាំទ្រការដឹកជញ្ជូនពហុមធ្យោបាយ ការពង្រឹងកិច្ចសម្របសម្រួលជាមួយគំនិតផ្តួចផ្តើមអនុតំបន់លើការអនុវត្តកិច្ចព្រមព្រៀងដឹកជញ្ជូននានា និងការផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកទាក់ទងនឹងប្រតិបត្តិការដឹកជញ្ជូនទំនិញនិងអ្នកដំណើរតាមផ្លូវគោកក្រោមកិច្ចព្រមព្រៀងឆ្លងកាត់ព្រំដែនទ្វេភាគី ត្រីភាគីក្នុងក្របខណ្ឌអនុតំបន់ ក្នុងអំឡុងពេល នៃការរីករាលដាលជាសាកល នៃជំងឺកូវីដ-១៩ និងបញ្ហាសំខាន់ៗជាច្រើន៕

To Top