ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា រដ្ឋាភិបាល កម្ពុជា-វៀតណាម ឯកភាពគ្នា និងបញ្ចប់នីតិវិធីផ្ទៃក្នុង សម្រាប់បន្តសុពលភាព កិច្ចសម្របសម្រួលជំរុញ ពាណិជ្ជកម្មទ្វេភាគីរវាង កម្ពុជា-វៀតណាម ឆ្នាំ២០១៩-២០២០ សម្រាប់បន្តអនុវត្ត នៅឆ្នាំ២០២១-២០២២។
តាមរយៈ សេចក្ដីជូនដំណឹងរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានបញ្ជាក់ថា « រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម បានឯកភាព និងបានបញ្ចប់នីតិវិធីផ្ទៃ ក្នុងសម្រាប់ បន្តសុពលភាពនៃ កិច្ចសម្របសម្រួលជំរុញពាណិជ្ជកម្មទ្វេភាគី រវាង រដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឆ្នាំ ២០១៩-២០២០ សម្រាប់បន្តអនុវត្តនៅ ឆ្នាំ២០២១-២០២២» ។
ក្រសួងបន្ដថា កម្ពុជា ទទួលបានភាពអនុគ្រោះពន្ធ សូន្យភាគរយ ចំពោះមុខទំនិញចំនួន ៣១ បន្ទាត់ពន្ធគយ ដែលមានដើមកំណើត នៅព្រះរាជាណាចក្រកម្ពុជា នាំចេញទៅសាធារណរដ្ឋ សង្គមនិយមវៀតណាម។
ក្រសួងពាណិជ្ជកម្ម បន្ថែមថា ផលិតករ ឬអ្នកនាំចេញ អាចធ្វើការស្នើសុំវិញ្ញាបនបត្រ បញ្ជាក់ដើមកំណើតទំនិញ ទម្រង់អេស (CO Form S) តាមរយៈគេហទំព័រ https://co.moc.gov.kh/ ចំពោះមុខទំនិញក្នុងឧបសម្ព័ន្ធ ។ ដោយឡែកសម្រាប់បរិមាណមុខទំនិញ អង្ករ និងសន្លឹកថ្នាំជក់ស្ងួត សម្រាប់អនុវត្ត ឆ្នាំ២០២១ ផលិតករ ឬអ្នកនាំចេញ ដាក់ពាក្យស្នើសុំមកក្រសួងពាណិជ្ជកម្ម (នាយកដ្ឋាននាំចេញ-នាំចូល នៃអគ្គនាយកដ្ឋាន សេវាពាណិជ្ជកម្ម) រៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ ៕