ព័ត៌មានជាតិ

មេបញ្ជាការ​ កងពលតូចដឹកជញ្ជូន លេខ៩៩ ចេញបញ្ជាយ៉ាងម៉ឺងម៉ាត់​ ឲ្យកងទ័ពទាំងអស់ ប្រុងប្រៀបជានិច្ច ចំពោះហេតុការណ៍ចាំបាច់ និងបន្ទាន់ណាមួយ

ភ្នំពេញ​៖ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូច​ ដឹកជញ្ជូនលេខ៩៩ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យកងទ័ពទាំងអស់​ បន្តប្រុងប្រៀបជានិច្ច ពេលកើតមាន ហេតុការណ៍ចាំបាច់ និងហេតុការណ៍ បន្ទាន់ណាមួយភ្លាមៗ។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ មេបញ្ជាការ ក៏បានរំលឹកអនុស្សាវរីយ៍ និងរឿងរ៉ាវមួយចំនួន ដែលរូបលោកផ្ទាល់ និងមិត្តរួមអាវុធ បានឆ្លងកាត់​ ក្នុងដំណាក់ការសង្គ្រាម ពេលបំពេញភារៈ កិច្ចបើករថយន្ត ដឹកកងទ័ព គ្រាប់រំសេវ និងស្បៀងអាហារ ទៅកាន់សមរភូមិ ។

តាមរយៈបណ្តាញសង្គម ហ្វេសប៊ុកផ្លូវការ របស់កងពលតូច ដឹកជញ្ជូនលេខ៩៩ បានលើកឡើងថា “មុននឹងឡើងបើករថយន្ត លោកមេបញ្ជាការ បានរំលឹកពីប្រវត្តិខ្លះៗ​ ដល់បងប្អូនកងទ័ពថា រយៈពេល៣ឆ្នាំ ចាប់តាំពីឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៨៦ លោកបានទទួលភារៈកិច្ច ក្នុងយុទ្ធនាការ អតីតផ្លូវជាតិលេខ៥៦ បច្ចុប្បន្នផ្លូវជាតិ លេខ៥៥ ចាប់ពីស្ទឹងលាជ ស្រុកភ្នំក្រវ៉ាញ រហូតដល់តំបន់ថ្មដា។ នៅជំនាន់នោះ ចាប់ពីស្ទឹងលាជ រហូតដល់ចំណោទ៨៥ គឺតំបន់ដាច់ស្រយ៉ាល គ្មានផ្ទះប្រជាជនរស់នៅនោះទេ តាមផ្លូវធ្វើដំណើរ គឺពោរពេញដោយ គ្រាប់មីនបង្កប់របស់ខ្មែរក្រហម និងការលបវាយស្ទាក់ របស់ខ្មាំង ។

ប្រភពបន្តថា “គ្រាមួយនោះ នៅថ្ងៃ៧ ខែ៥ ឆ្នាំ៨៥ ត្រង់ចំណុចជើងភ្នំចិនយំ ពេលបំពេញបេសកកម្ម អតីតមិត្តរួមអាវុធ របស់លោកមេបញ្ជាការ បានបើករថយន្តកិនមីនតោន ដែលខ្មាំងសត្រូវបានដាក់បង្កប់ ក៏ត្រូវផ្ទុះរបួសដាច់ជើង ទាំងសងខាង ចម្ងាយប្រហែល ជាង២ម៉ែត្រ ប៉ុណ្ណោះពីលោកមេបញ្ជាការ។ ក្នុងនាមជាមិត្តរួមអាវុធ លោកមេបញ្ជាការ មិនបានបោះបង់ និងរត់ចោលគ្នានោះទេ ហេតុការណ៍មួយទៀត លោកមេបញ្ជាការ បានជួយអូសរថយន្ត មិត្តរួមអាវុធ ដែលផ្ទុះមីន ឆ្លងកាត់ភ្នំស្វារអិល ឬភ្នំ១៥០០ ដើម្បីឆ្ពោះមកកាន់គោលដៅ ខេត្តពោធិ៍សាត់”៕

To Top