Covid-19

សម្តេច ស ខេង ដាក់បញ្ជា ឲ្យអាជ្ញាធរផាកពិន័យ ចំពោះបុគ្គលមិនពាក់ម៉ាស់ និងរក្សាគម្លាត

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញបទបញ្ជា ឲ្យអាជ្ញាធរធ្វើការផាកពិន័យ ចំពោះអ្នកមិនពាក់ម៉ាស់ និងរក្សាគម្លាតសុវត្ថិភាពសង្គម។

យោងតាមលិខិតរបស់សម្តេច ស ខេង ផ្ញើជូនអភិបាលរាជធានី ខេត្ត នៅថ្ងៃទី២៧មីនាឆ្នាំ២០២១បានលើកឡើងយ៉ាងដូច្នេះថា សូមជម្រាបជូន អភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលរាជធានី ខេត្ត ជ្រាបថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល បានដាក់ចេញប្រកាស អន្តរក្រសួងលេខ ១៧៨ សហវ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១១ ស្តីពីការពិន័យជាប្រាក់ចំពោះបុគ្គល ឬនីតិបុគ្គលដែលប្រព្រឹត្ត អំពើល្មើសនឹងវិធានការ សុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះ ថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។

ទន្ទឹមនេះក្រសួងសុខាភិបាល ក៏បានដាក់ចេញប្រកាសលេខ ០៨១ ស.នក.ប្រក ចុះ ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល ស្តីពីកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាត សុវត្ថិភាពក្នុងអំឡុងពេល នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍។

ពាក់ព័ន្ធនឹងការងារនេះ ផ្អែកតាម សំណើរបស់ក្រសួងសុខាភិបាល និងដើម្បីចូលរួមសហការ ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូដ -១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ឲ្យមានប្រសិទ្ធភាព ក្រសួងមហាផ្ទៃ សូមណែនាំដល់ អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី ខេត្ត ត្រូវផ្តល់ការគាំទ្រ និងគោលការណ៍ណែនាំ ដល់គណៈបញ្ជាការឯកភាព រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវចូលរួមសហការឲ្យបានជិតស្និទ្ធ ជាមួយមន្ត្រីសុខាភិបាល ក្នុងការអនុវត្តការផាកពិន័យអន្តរការណ៍ លើបុគ្គល ឬនីតិ បុគ្គលដែលមិនអនុវត្ត នូវកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គល ស្របតាមច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាន។

ក្នុងលិខិតសម្តេចក្រឡាហោម ស ខេងបានលើកឡើងទៀតថា នៅក្នុងការចាត់ចែង អនុវត្តការងារជាក់ស្តែង ប្រសិនបើមានជួបការលំបាក ឬបញ្ហាប្រឈមណាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ត្រូវរាយការណ៍ជូនក្រសួងសុខាភិបាល និងចម្លងជូនក្រសួងមហាផ្ទៃ ជាបន្ទាន់។

សូមជម្រាបថា ក្រសួងសុខាភិបាលកំណត់រាជធានីខេត្តចំនួន៥ ជាកន្លែងត្រូវតែអនុវត្តវិធានការសុខាភិបាល ដោយពាក់ម៉ាស់ និងរក្សាគម្លាត គឺរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តសៀមរាប ខេត្តព្រៃវែង និងខេត្តព្រះសីហនុ៕ ដោយ៖ ស សំណាង

To Top