Covid-19

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចូលរួមរំលែក មរណទុក្ខជាមួយក្រុម គ្រួសារសពស្ត្រី ជនជាតិខ្មែរ​អាយុ​៧៦ឆ្នាំ ដែលស្លាប់ដោយសារ ជំងឺកូវីដ១៩

ភ្នំពេញ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាខ្លាំងជាមួយក្រុមគ្រួសារសព ស្ត្រីជនជាតិខ្មែរ​ អាយុ​ ៧៦ឆ្នាំ ដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ នៅថ្ងៃទី ២៧​ ខែមីនា ឆ្នាំ២០២១ ។ 

យោងតាមកាកបាទក្រហមកម្ពុជាបានឲ្យដឹងបន្ថែមថានៅក្នុងការចូលរួមរំលែកមរណទុក្ខនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាត់ទុកការស្លាប់របស់ជនរងគ្រោះខាងលើ គឺជាមរណភាពមួយគួរឲ្យសោកស្ដាយជាទីបំផុត ដែលបច្ចុប្បន្នមេរោគដ៏កាចសាហាវនេះកំពុងតែឆ្លងរាលដាលនៅលើពិភពលោកហើយក៏កំពុងតែសម្លាប់ជីវិតមនុស្សយ៉ាងច្រើនជារៀងរាល់ថ្ងៃ។ ស្ថិតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសបួងសួងសូមឲ្យវិញ្ញាណក្ខន្ធសពបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សូមអំពាវនាវដល់បងប្អូនជនរួមជាតិទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំង និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣ការពារ និង៣កុំ» ដេីម្បីសុវត្ថិភាពផ្ទាល់ខ្លួន គ្រួសារ សហគមន៍ និងសង្គមជាតិយេីង។

សូមបញ្ជាក់ថា សពស្ត្រីជនជាតិខ្មែរ​ អាយុ​ ៧៦ឆ្នាំ រស់នៅភូមិ២​ ឃុំព្រែកខ្សាយ​ ស្រុកពាមរក៍​ ខេត្តព្រៃវែង​ បានទទួលមរណភាពនៅវេលាម៉ោង​ ១៩:០៥នាទីយប់ថ្ងៃទី​ ២៧​ ខែមីនា ឆ្នាំ២០២១ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត៕

To Top