ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាម សម្រេចបិទទីតាំង ចំនួន១៣ កន្លែង បន្ទាប់ពីរកឃើញ អ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៥នាក់

កំពង់ចាម ៖ ល០ក  អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានសម្រេចបិទទីតាំងចំនួន១៣ កន្លែង បន្ទាប់ពីរកឃើញមានអ្នកវិជ្ជមានកូវីដ-១៩ចំនួន ៥នាក់ ។ 

ការសម្រេចនេះបានធ្វើឡើងបន្ទាប់ពី លោកអភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ នាព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២១នេះ ស្តីពីការពង្រឹងវិធានការការពារ និងទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ។

ក្នុងឱកាសនោះអភិបាលខេត្តកំពង់ចាមលោកអ៊ុនចាន់ដាបានថ្លែងថា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងផ្ទុះឡើងចំនួន៥ ករណី នាពេលថ្មីៗនេះ អាជ្ញាធរខេត្តសម្រេចបិទជាបណ្ដោះអាសន្ននូវទីតាំងចំនួន ១៣កន្លែង ដែលមានការពាក់ព័ន្ធនឹងអ្នកវិជ្ជមាន កូវីដ-១៩ ក្នុងខេត្តកំពង់ចាមមានដូចជា ក្នុងផ្សារធំ ក្រុងកំពង់ចាមបិទចំនួន ៩ កន្លែង , ក្នុងផ្សារសាមគ្គីបិទ ១កន្លែង,  គ្លីនិក ម៉ី មុនីបូរិន្ទ ១កន្លែង , គ្លីនិក យិន ស៊ីណាត ១កន្លែង , មណ្ឌលសុខភាព ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ១កន្លែង ។ 

បើតាមលោកវេជ្ជបណ្ឌិត គីមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ចាម បានឲ្យដឹងថា អ្នកដែលមានផ្ទុកវិជ្ជមានកូវីដ-១៩ទាំង៥ នាក់រួមមាន ៖

១ ៖ឈ្មោះ ជួប សារ៉េត ភេទស្រី អាយុ ៤៥ ឆ្នាំ នៅភូមិសង្កេត ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ចូលចត្តាឡីស័ក ថ្ងៃទី ២៥ (ឆ្លងពីកូននៅភ្នំពេញ)។

 ២ ៖ ឈ្មោះ វណ្ណា ហ្សារីន (កូនរបស់ លោក វ៉ាន់ណា ក្រូ) ភេទស្រី អាយុ ១៨ខែ។

៣ ៖ ឈ្មោះ វណ្ណា ឡូស៉ិច (កូនរបស់លោក វ៉ាន់ណា ក្រូ) ភេទប្រុស អាយុ ៨ឆ្នាំ។

 ៤ ៖ ឈ្មោះ លាង សុធារី (ប្រពន្ធ វ៉ាន់ណា ក្រូ) ភេទស្រី អាយុ ២៧ឆ្នាំ នៅភូមិអូឬស្សី ឃុំអូឬស្សី ក្រសួង ក្រចេះ។

៥  ៖ ឈ្មោះ លាង ញ៉ (ឪពុកក្មេក លោក វ៉ាន់ណា ក្រូ) ភេទប្រុស អាយុ  ៧៥ឆ្នាំ នៅភូមិទីមួយ ឃុំវាលវង់ ក្រុងកំពង់ចាម។

លោកវេជ្ជបណ្ឌិតបន្តថា ចំពោះអ្នកវិជ្ជមានកូវីដ-១៩ ទាំង៥ខាងលើត្រូវបានក្រុមគ្រូពេទ្យចាត់បញ្ជូន ពីមណ្ឌលចត្តាឡីស័កទៅព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តកំពង់ចាម។

សូមបញ្ជាក់ជូនថា លោក វ៉ាន់ណា ក្រូ ជាមន្រ្តីនរគបាលនៅខេត្តត្បូងឃ្មុំ បានមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តកំពង់ចាម ហើយបានបន្តចម្លងជំងឺនេះដល់ឪពុកក្មេក ប្រពន្ធ និងកូនពីរនាក់បន្ថែមទៀត។

ទាក់ទិនទៅនឹងករណីខាងលើនេះ គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩  លោក អ៊ុន ចាន់ដា បានស្នើដល់ អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ សូមបន្តយកចិត្តទុកដាក់ខ្ពស់អំពីវិធានការនៃការអនុវត្តច្បាប់ និងការអប់រំផ្សព្វផ្សាយទៅដល់មូលដ្ឋាន នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល (៣ការពារ និង ៣កុំ) រួមនឹងវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ សំដៅធ្វើយ៉ាងណាកុំឲ្យជំងឺដ៏កាចសហាវមួយនេះកាន់តែរីករាលដាលខ្លាំងឡើង៕

To Top