បរទេស៖ ការសម្លាប់អ្នកតវ៉ាប្រឆាំង រដ្ឋប្រហារមានយ៉ាងតិច ៩១ នាក់ នៅមីយ៉ាន់ម៉ា បានធ្វើឱ្យមានកំហឹងទូទាំងពិភពលោក ដោយរដ្ឋមន្ត្រីការពារជាតិនៃប្រទេសចំនួន ១២ បានថ្កោលទោសយោធារបស់ប្រទេសនេះ។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានចោទប្រកាន់កងកម្លាំងសន្តិសុខថា ជា“ រជ្ជកាលនៃភេរវកម្ម” នៅថ្ងៃសៅរ៍ដែលជាថ្ងៃស្លាប់ច្រើនបំផុតចាប់តាំងពីរដ្ឋប្រហារកាលពីខែមុន។
មេដឹកនាំរដ្ឋប្រហារលោកឧត្តមសេនីយ៍ Min Aung Hlaing និងឧត្តមសេនីយ៍ផ្សេងទៀតរបស់លោក នៅតែរៀបចំពិធីជប់លៀងដ៏ខ្ជះខ្ជាយនៅយប់ថ្ងៃសៅរ៍នោះ សម្រាប់ទិវាកងកំលាំងប្រដាប់អាវុធ។
នៅថ្ងៃអាទិត្យ ពិធីបុណ្យសពត្រូវបានធ្វើឡើងដោយមានរបាយការណ៍ខ្លះដែលយោធាបានព្យាយាមធ្វើអន្តរាគមន៍ក្នុងការកាន់ទុក្ខនេះ។
សូមបញ្ជាក់ថា មនុស្សជាង ៤០០ នាក់ឥឡូវត្រូវបានសម្លាប់នៅក្នុងការបង្ក្រាបបាតុកម្មនៅមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារ ១ កុម្ភៈ៕
ប្រែសម្រួលៈ ណៃ តុលា