ព័ត៌មានអន្តរជាតិ

សកម្មជនប្រឆាំង រុស្ស៊ី និយាយថា ប៉ូលិស ឃុំខ្លួនឪពុក ដើម្បីដាក់សម្ពាធលើខ្លួន

បរទេស៖សម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់លោក Alexei Navalny បានចោទប្រកាន់អាជ្ញាធរថា បានឃុំខ្លួនឪពុករបស់ខ្លួន កាលពីចុងសប្ដាហ៍ ក្នុងគោលបំណងដាក់សម្ពាធខ្លួនជុំវិញសកម្មភាពប្រឆាំង ដែលរួមមានទាំងការបង្កើតការតវ៉ាថ្មីមួយប្រឆាំងនឹងរដ្ឋាភិបាល។

លោក Ivan Zhdanov ជាប្រធានមូលនិធិប្រឆាំងអំពើពុករលួយរបស់លោក បាននិយាយប្រាប់ថា ប៉ូលិសបានឃាត់ខ្លួនឪពុកលោក នៅក្នុងទីក្រុង Rostov-on-Don ដោយចោទប្រកាន់ពីបទបំពានការិយាល័យ ក្រោយចូលទៅក្នុងផ្ទះរបស់គាត់ និងសួរចម្លើយគាត់ទាំងយប់។

លោក Ivan Zhdanov ដែលកំពុងនៅក្រៅប្រទេសរុស្ស៊ី និងជាផ្នែកនៃក្រុមសកម្មជនប្រឆាំងវិមានក្រឹមឡាំង ព្យាយាមគាំទ្រឲ្យមានការតវ៉ាថ្មីនោះ បានមានប្រសាសន៍ដូច្នេះថា “ខ្ញុំគ្មានមន្ទិលសង្ស័យទេថា សំណុំរឿងព្រហ្មទណ្ឌនេះ មានជាប់ពាក់ព័ន្ធនឹងខ្ញុំ និងអ្វីដែលខ្ញុំធ្វើ”។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Today Online នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ប៉ូលិសនៅក្នុងទីក្រុង នៅពេលភ្លាមៗនេះ មិនទាន់ឆ្លើយតបសំណើសុំការអត្ថាធិប្បាយស្តីពីករណីនោះនៅឡើយនោះទេ៕
ប្រែសម្រួល៖ប៉ាង កុង

To Top