ភ្នំពេញ ៖ លោក សយ សុភាព ក្នុងនាមជាអ្នកចូលចិត្តវិភាគ ស្ថានការណ៍នយោបាយ ទាំងក្នុង និងក្រៅប្រទេសម្នាក់ដែរនោះ បានលើកពីករណីផ្ទាល់ខ្លួនថា លោកបានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ឈ្មោះស៊ីណូហ្វាម ដែលជាជំនួយឥតសំណង របស់ប្រទេសចិន មានរយៈពេល៣សប្តាហ៍ មកហើយ ប៉ុន្តែអត់មានបញ្ហា អ្វីកើតឡើងគួរឲ្យកត់សំគាល់ទេ ។
លោកបានលើកឡើង តាមរយៈបណ្តាញសង្គមហ្វេសប៊ុក នាថ្ងៃ២៩ មីនាថា “ខ្ញុំបានចាក់វ៉ាក់សាំងស៊ីណូហ្វាម គ្រប់ចំនួនអស់រយៈពេល ៣សប្តាហ៍មកហើយ ខ្ញុំអត់មានបញ្ហាដូច Cambodia Daily ផ្សាយទេ ។ សុខភាពធម្មតា” ។
ក្នុងន័យនេះ លោកបញ្ជាក់ថា កុំជឿតាមការញុះញង់របស់គេ ត្រូវតែមានជំនឿលើថ្នាក់ដឹកនាំកម្ពុជា ។ ដូចគ្នានេះលោកបានលើកពីអតីតកាល មកថា “៩ ១១ ៥៣ និង ២៩ ១២ ៩៨ ជារបស់វីរៈបុរសជាតិខ្មែរតែមួយគត់ គឺ សម្តេចព្រះបាទ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន។ ក្រៅពីនោះជាមនោគមន៍វិជ្ជា របស់បរទេសធ្វើឲ្យខ្មែរឈ្លោះគ្នា” ។
ផេករបស់សារព័ត៌មាន The Cambodia Daily Khmer ដោយដកស្រងពីទូរទស្សន៍ជាតិកម្ពុជា (ទទក) កាលពីថ្ងៃទី២៨ ខែមីនា បានសរសេរលើទំព័រ Facebook របស់ខ្លួនដោយដកស្រង់សម្ដី នាយកប្រតិបត្តិឱសថជនជាតិចិន របស់ក្រុមហ៊ុន ស៊ីណូហ្វាម មកចុះផ្សាយថា ក្រុមហ៊ុននឹងចាំបាច់ ត្រូវវាយតម្លៃលទ្ធផល ពីការសាកល្បង ដំណាក់កាលទី៣ នៅក្រៅប្រទេស ជាមុនសិន ដើម្បីសម្រេចថា តើគួរតែត្រូវចាក់វ៉ាក់សាំង បង្ការរោគបន្ថែមលើវ៉ាក់សាំង បង្ការជំងឺកូវីដ១៩ ដែលត្រូវចាក់ពីរដូស របស់ខ្លួន ឬយ៉ាងណា?៕