ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម ដាក់វិធានការ​ ឲ្យអាជ្ញាធរមូលដ្ឋានអនុវត្ត បន្ទាប់ពីរបានបិទភូមិអូររុន ក្រោយពេលរកឃើញ អ្នកឆ្លងជំងឺកូវីដ-១៩

កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ៣១ ខែមីនា ឆ្នាំ២០២១ នេះ បានដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យភូមិអូររុន ឃុំខ្ពបតាងួន ស្រុកស្ទឹងត្រង់ ដែលបានប្រកាស បិទជាបណ្ដោះអាសន្ន បន្ទាប់ពីរកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩ នឹងដាក់វិធានការ ដើម្បីឲ្យអាជ្ញាធរមូលដ្ឋានអនុវត្ត ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងដ៏កាចសាហាវនេះ ។

បន្ទាប់ពីបានស្ដាប់មតិ យោបល់របស់ថ្នាក់ដឹកនាំមូលដ្ឋាន លោក អ៊ុន ចាន់ដាបានដាក់ចេញនូវវិធានការ ចាំបាច់មួយចំនួន ដោយដោយឲ្យអភិបាល ស្រុកស្ទឹងត្រង់ កសាងនូវផែនការការពារ សម្រាប់ភូមិអូររុន ដែលត្រូវរំលេចឱ្យបានច្បាស់ អំពីភូមិសាស្រ្តភូមិមួយនេះ មានជាប់ព្រំប្រទល់ ជាមួយនឹងភូមិណាខ្លះ នឹងឈានដល់ការប្រើប្រាស់ កងកម្លាំង ដើម្បីគ្រប់គ្រងទីតាំងឈរជើង ។ ជាមួយគ្នានេះត្រូវបញ្ចូល ទាំងផែនការផ្សព្វផ្សាយ ពោលគឺ ត្រូវចុះអប់រំផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋឱ្យបានជាប្រចាំ តាមខ្នងផ្ទះនីមួយៗតែម្ដង និង ចាត់តាំងក្រុមយុវជន អោយចែកម៉ាស នឹងសាប៊ូលាងដៃ ជូនប្រជាពលរដ្ឋ តាមខ្នងផ្ទះផងដែរ ដើម្បីរំលឹកដល់ស្មារតីប្រជាពលរដ្ឋ ឲ្យពួកគាត់ចេះការពារ កុំឲ្យមានជំងឺកូវីដ១៩ ឆ្លងចូលទៅក្នុងគ្រួសាររបស់ពួកគាត់ ។

លោក អ៊ុន ចាន់ដា បានមានប្រសាសន៍បន្តថា សូមឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវអនុវត្ត តាមទីវត្តអារាមត្រូវទូងស្គរ បន្លឺជាសម្លេង ទៅតាមពេលវេលា ដែលបានកំណត់ ដើម្បីដាស់អារម្មណ៍ឲ្យប្រជាពលរដ្ឋ ភ្ញាក់រលឹកចេះការពារខ្លួន រហូតដល់មានការណែនាំថ្មី ឬភូមិមួយនេះត្រូវបើកឡើងវិញ ។

ជាមួយគ្នានេះដែរ ចំពោះអ្នកធ្វើដំណើរចេញក្រៅភូមិ ត្រូវកំណត់អទិភាព ឲ្យបានច្បាស់លាស់ ដោយពិនិត្យមើលអ្នក ដែលមានហានិភ័យខ្ពស់ មិនអនុញ្ញាតឲ្យចេញពីភូមិទេ ។ ចំពោះអ្នកមានហានិភ័យទាប ឬគ្មានហានិភ័យ បើត្រូវអនុញ្ញាតឲ្យពួកគាត់ចេញក្រៅភូមិ ត្រូវកំណត់ពេលវេលា ឲ្យបានច្បាស់លាស់ ដោយទទួលបានការអនុញ្ញាតត្រឹមត្រូវ ពីប្រធានភូមិ ឬក៏លោកមេឃុំ មិនអនុញ្ញាតឲ្យពួកគាត់ចេញ ចូល ដោយសេរីនោះទេ ។ ដោយឡែកចំពោះប្រជាពលរដ្ឋ ដែលជាប់ធ្វើចត្តាឡីស័កអស់ពីផ្ទះ គ្មានមនុស្សថែរក្សា ទ្រព្យសម្បត្តិ សត្វពាហនៈរបស់គាត់ អាជ្ញាធរភូមិឃុំត្រូវរាយការណ៍បន្ទាន់ មកអភិបាលស្រុក ដើម្បីរកវិធានការ ដាក់មនុស្សនៅជួយថែរក្សា ធានាធ្វើយ៉ាងណា កុំឲ្យមានការបាត់បង់ ទ្រព្យសម្បត្តិរបស់ពួកគាត់ ។

ក្នុងនោះដែរអាជ្ញាធរឃុំ ត្រូវកំណត់អត្តសញ្ញាណ ចំពោះប្រជាពលរដ្ឋដែលងាយរងគ្រោះ ដោយសារការខ្វះខាត ចំណីអាហារ ក្នុងពេលធ្វើចត្តាឡីស័ក ឬក្នុងពេលបិទភូមិនេះ ត្រូវតែជួយដោះស្រាយចំណី អាហារជូនពួកគាត់ ជាសវាងការហូបមិនគ្រប់គ្រាន់ ធ្វើឲ្យពួកគាត់មានជំងឺផ្សេងៗ ។ ចំណែកប្រជាពលរដ្ឋក្រៅភូមិ អេចង់ប្រារព្ធពិធីសាសនា ឬសែនផ្នូរនាពេលខាងមុខនេះ មិនត្រូវអនុញ្ញាតឲ្យចូលមកពាក់ព័ន្ធ ជាមួយប្រជាពលរដ្ឋក្នុងភូមិ ដែលបានបិទនេះទេ ៕

To Top