ព័ត៌មានអន្តរជាតិ

លោក Blinken ប្តេជ្ញាផ្តល់ការ គាំទ្រអាមេរិក ដល់អ៊ុយក្រែន

បរទេស៖រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken នៅក្នុងកិច្ចសន្ទនា គ្នាតាមទូរស័ព្ទមួយជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba នៅថ្ងៃពុធ សប្ដាហ៍នេះ បានបញ្ជាក់ពីការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះបូរណភាពទឹកដីនៃប្រទេស អ៊ុយក្រែន ក្នុងទីចំពោះមុខនៃភាពគឃ្លើនកំពុងកើតមានរបស់រុស្ស៊ី។

ប្រទេសអ៊ុយក្រែននិងប្រទេសរុស្ស៊ី បានធ្លាក់ក្នុងជម្លោះ ចាប់តាំងពីរុស្ស៊ីដាក់តំបន់ គ្រីមាឲ្យចូលជាឧបសម្ព័ន្ធខ្លួនកាលពីឆ្នាំ២០១៤ និងជុំវិញការគាំទ្ររបស់រុស្ស៊ីចំពោះពួកបះបោរ ដែលកំពុងតែប្រយុទ្ធនៅក្នុងតំបន់ Donbass នៃប្រទេសអ៊ុយក្រែន ដែលទីក្រុងកៀវនិយាយថា បានសម្លាប់មនុស្សចំនួន១៤.០០០នាក់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសអាមេរិកបាននិយាយប្រាប់យ៉ាងដូច្នេះថា លោក Blinken បានបង្ហាញនូវក្តីព្រួយបារម្ភ ស្តីពីស្ថានភាពសន្តិសុខនៅក្នុងប្រទេសអ៊ុយក្រែនភាគខាងកើត និងបានសម្តែងការចូលរួមរំលែកទុក្ខ ចំពោះការបាត់បង់ទាហានអ៊ុយក្រែនចំនួន៤នាក់ នាពេលថ្មីៗនេះ។

គួរបញ្ជាក់ថា កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបាននិយាយកាលពីសប្ដាហ៍មុនថា ទាហន៤នាក់ ត្រូវបានសម្លាប់នៅក្នុងហេតុការណ៍វាយប្រហារគ្រាប់ផ្លោងធ្វើឡើងដោយកងកម្លាំងរុស្ស៊ី នៅក្នុងតំបន់ Donbass ហើយនេះជាចំនួនស្លាប់ប្រចាំថ្ងៃខ្ពស់បំផុត គិតចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់គ្នាត្រូវបានធ្វើឡើង កាលពីខែកក្កដាឆ្នាំមិញ៕
ប្រែសម្រួល៖ប៉ាង កុង

To Top