ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ និងមហាអំណាច ពិភពលោក ជួបពិភាក្សាពី លទ្ធភាពរបស់អាមេរិក ដើម្បីវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

តេអេរ៉ង់៖ សហភាពអឺរ៉ុប (EU) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា តំណាងប្រទេសចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី អង់គ្លេស និងអ៊ីរ៉ង់ នឹងជួបគ្នា នៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាពីការវិលត្រឡប់របស់សហរដ្ឋអាមេរិក ដែលអាចកើតមាន ទៅក្នុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់។

យោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ បានឲ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយខ្លួនបានប្រកាស ការប្រជុំគណៈកម្មការចម្រុះ នៃផែនការសកម្មភាពរួម (JCPOA) ដែលជាកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “អ្នកចូលរួមនឹងពិភាក្សាពី ទស្សនវិស័យនៃការវិលត្រឡប់របស់សហរដ្ឋអាមេរិក ដែលអាចកើតមាន ទៅកាន់ផែនការ JCPOA និងវិធីដើម្បីធានាឱ្យបាននូវការអនុវត្តកិច្ចព្រមព្រៀងពេញលេញ និងប្រកបដោយប្រសិទ្ធភាព ដោយភាគីទាំងអស់” ។

ការប្រជុំតាមអ៊ីនធឺណិត នឹងត្រូវដឹកនាំដោយអគ្គលេខាធិការរង និងជាប្រធានផ្នែក នយោបាយនៃសេវាកម្មសកម្មភាពខាងក្រៅអឺរ៉ុប Enrique Mora ក្នុងនាមតំណាងជាន់ខ្ពស់ របស់សហភាពអឺរ៉ុបលោក Josep Borrell ។

ផែនការសកម្មភាពរួម JCPOA ត្រូវបានឈានដល់ ក្នុងឆ្នាំ២០១៥ រវាងអ៊ីរ៉ង់ និងក្រុម P5 + 1 (សមាជិកអចិន្រ្តៃយ៍ទាំង ៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ រួមមានសហរដ្ឋអាមេរិក អង់គ្លេស រុស្ស៊ី បារាំង ចិន បូកអាល្លឺម៉ង់) និងសហភាពអឺរ៉ុប ហើយក្រុងតេអេរ៉ង់បានយល់ព្រមវិលត្រឡប់ផ្នែកខ្លះនៃកម្មវិធីអាវុធនុយក្លេអ៊ែរ របស់ខ្លួន ជាថ្នូរនឹងការដកទណ្ឌកម្មសេដ្ឋកិច្ច៕
ដោយ ឈូក បូរ៉ា

To Top