វ៉ាស៊ីនតោន៖ សហភាពអឺរ៉ុប (EU) បានឲ្យដឹងថាភាគីនៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរអ៊ីរ៉ង់ នឹងកោះប្រជុំនៅទីក្រុងវីយែន ប្រទេសអូទ្រីស នៅសប្តាហ៍ក្រោយ ដើម្បីពិភាក្សាពីលទ្ធភាពនៃការដកទណ្ឌកម្មលើអ៊ីរ៉ង់ ក៏ដូចជាការទទួលខុសត្រូវរបស់ប្រទេសនេះ សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងនេះបន្ថែមទៀត។
តំណាងប្រទេសចិន បារាំង អាល្លឺម៉ង់ រុស្ស៊ី អង់គ្លេស និងអ៊ីរ៉ង់ ដែលត្រូវបានគេស្គាល់ថា ជាអ្នកចូលរួមក្នុងផែនការសកម្មភាពរួម (JCPOA) បានជួបគ្នានៅព្រឹកថ្ងៃសុក្រម្សិលមិញនេះហើយ“ បានយល់ព្រមបន្តសម័យប្រជុំ នៃគណៈកម្មការចម្រុះនៅទីក្រុងវីយែន នៅសប្តាហ៍ក្រោយ ដោយសហភាពអឺរ៉ុប បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដើម្បីកំណត់ឱ្យច្បាស់នូវការដកទណ្ឌកម្ម និងវិធានការអនុវត្តនុយក្លេអ៊ែរ។
ការប្រជុំតាមប្រព័ន្ធអ៊ីនធឺណិត កម្រិតខ្ពស់នៅថ្ងៃសុក្រម្សិលមិញនេះ ត្រូវបានដឹកនាំដោយអគ្គលេខាធិការរង និងជាប្រធានផ្នែកនយោបាយ នៃសេវាកម្មសកម្មភាពខាងក្រៅអឺរ៉ុប (EEAS) លោក Enrique Mora ក្នុងនាមតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខលោក Josep Borrell ។
លោក Mora បានឲ្យដឹងនៅលើបណ្តាញសង្គមធ្វីតធឺថា“ មានកិច្ចប្រជុំវិជ្ជមាននៅថ្ងៃនេះ” ។ លោកបានបន្ថែមទៀតថា ភាគីទាំងអស់នឹងធ្វើការផ្សះផ្សាឡើងវិញនៅទីក្រុងវីយែន នៅសប្តាហ៍ក្រោយ ដោយមាន“ ការងារជាច្រើន ដែលកំពុងឆ្ពោះទៅរកឱកាសដ៏សំខាន់” ដើម្បីនាំយក JCPOA មានជីវិតឡើងវិញ។
សេចក្តីថ្លែងការណ៍ EEAS បានឲ្យដឹងថាអ្នកចូលរួម បានទទួលស្គាល់នូវការរំពឹងទុកនៃការវិលត្រឡប់ពេញទំហឹងរបស់សហរដ្ឋអាមេរិក ទៅ JCPOA ឬកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ និង “គូសបញ្ជាក់ពីការត្រៀមខ្លួនរបស់ពួកគេ ដើម្បីដោះស្រាយបញ្ហានេះ ប្រកបដោយភាពវិជ្ជមាន នៅក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នាមួយ” ហើយពួកគេក៏បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្ត របស់ពួកគេ ក្នុងការការពារ JCPOA និងពិភាក្សាអំពីបែបបទ ដើម្បីធានាការវិលត្រឡប់ទៅរកការអនុវត្តពេញលេញ និងប្រកបដោយប្រសិទ្ធភាព៕
