ព័ត៌មានអន្តរជាតិ

អាមេរិក និងសម្ព័ន្ធមិត្ដទាំងពីរ ព្រមព្រៀង លើតម្រូវបន្ទាន់ សម្រាប់ការសន្ទនាឡើងវិញ ជាមួយកូរ៉េខាងជើង


សេអ៊ូល៖ ទីប្រឹក្សាសន្តិសុខជាតិរបស់កូរ៉េខាងត្បូងលោក Suh Hoon បានឲ្យដឹងថាប្រទេសកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិកបានព្រមព្រៀងលើតម្រូវការក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ដោយសន្តិភាពខណៈគ្រប់ភាគីបានបញ្ជាក់ជាថ្មីនូវកិច្ចប្រឹងប្រែងរួមគ្នា ដើម្បីន្តកិច្ចពិភាក្សានុយក្លេអ៊ែរឡើងវិញ ជាមួយក្រុងព្យុងយ៉ាង។

លោក Suh បានប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំចំនួន ៣ផ្លូវជាមួយសមភាគីអាមេរិក និងជប៉ុន របស់លោកគឺលោក Jake Sullivan និងលោក Shigeru Kitamura ថា“ កូរ៉េខាងត្បូង អាមេរិក និងជប៉ុន បានឯកភាពគ្នាលើភាពបន្ទាន់នៃបញ្ហានុយក្លេអ៊ែររបស់កូរ៉េខាងជើង និងត្រូវការដំណោះស្រាយការទូតមួយចំពោះបញ្ហានេះ”។

លោកបានបន្ថែមថា“ កិច្ចប្រឹងប្រែង ដើម្បីបន្តកិច្ចចរចាកូរ៉េខាងជើង – អាមេរិក នៅកាលបរិច្ឆេទដំបូងត្រូវតែបន្ត” ។

ការប្រជុំកាលពីថ្ងៃសុក្រ រវាងទីប្រឹក្សាសន្តិសុខកំពូល នៃប្រទេសកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិក បានកត់សម្គាល់ជាលើកដំបូងរបស់ខ្លួន ចាប់តាំងពីប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។

មុននេះទីក្រុងវ៉ាស៊ីនតោន បានឲ្យដឹងថា កិច្ចប្រជុំនេះនឹងផ្តល់នូវឱកាសមួយ ដើម្បីពន្យល់ពីលទ្ធផលនៃការត្រួតពិនិត្យ គោលនយោបាយរបស់កូរ៉េខាងជើង ដែលកំពុងបន្តដល់សម្ព័ន្ធមិត្តសំខាន់របស់អាមេរិកទាំងពីរ នៅអាស៊ី ហើយថែមទាំងផ្តល់ឱ្យទីក្រុងសេអ៊ូល និងតូក្យូ នូវ“ ឱកាសមួយទៀត” ដើម្បីផ្តល់ការចូលរួមរបស់ពួកគេទៅក្នុងគោលនយោបាយថ្មី របស់សហរដ្ឋអាមេរិកលើកូរ៉េខាងជើងផងដែរ។

ភាគីអាមេរិក បានពន្យល់ពីលទ្ធផលបណ្តោះអាសន្ន នៃការត្រួតពិនិត្យគោលនយោបាយរបស់កូរ៉េខាងជើង ដែលកំពុងបន្តហើយទីប្រឹក្សាសន្តិសុខ របស់កូរ៉េខាងត្បូងអាមេរិក និងជប៉ុន បានពិភាក្សាយ៉ាងស៊ីជម្រៅលើបញ្ហាផ្សេងៗ ទាក់ទងនឹងការរៀបចំ និងការអនុវត្តវិធានការ សម្រាប់ការចរចាជាមួយកូរ៉េខាងជើង៕

ដោយ ឈូក បូរ៉ា

To Top