ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការពារជាតិ ហ្វីលីពីន និយាយថា ចិនមានបំណងគ្រប់គ្រង តំបន់នៅដែនសមុទ្រចិន ខាងត្បូងបន្ថែមទៀត

បរទេស ៖ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន បាននិយាយ នៅថ្ងៃអាទិត្យនេះ ថា ប្រទេសចិនកំពុងតែសម្លឹង គ្រប់គ្រងតំបន់បន្ថែមទៀត នៅក្នុងដែនសមុទ្រ ចិនខាងត្បូង ដោយលើកឡើង ពីការបន្តមានវត្តមាននាវាចិន ដែលទីក្រុង ម៉ានីលជឿថា ប្រើប្រាស់ដោយកងជីវពល នៅក្នុងផ្នែកមានជម្លោះ នៃផែនទឹកយុទ្ធសាស្ត្រនោះ ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោករដ្ឋមន្ត្រីការពារជាតិ ហ្វីលីពីន Delfin Lorenzana បានមាន ប្រសាសន៍ថា “ការបន្តមានវត្តមាន កងជីវពលដែនសមុទ្រ របស់ចិននៅក្នុងតំបន់ បង្ហាញឲ្យឃើញនូវគោលបំណង របស់ពួកគេ ក្នុងការគ្រប់គ្រងបន្ថែមទៀត នៅក្នុងសមុទ្រហ្វីលីពីន ភាគខាងលិច”។

គួរបញ្ជាក់ថា នេះគឺជាសេចក្តីថ្លែងការណ៍ ប្រកបដោយអរិភាពទីពីរ ធ្វើឡើងដោយលោក Lorenzana ក្នុងរយៈពេលពីរថ្ងៃ ទន្ទឹមនឹងការលើកឡើងជាថ្មី នូវសំណើធ្វើឡើងដោយហ្វីលីពីន ឲ្យនាវាចិនចាកចេញពី តំបន់ថ្មប៉ប្រះទឹក Whitsun ដែលទីក្រុងម៉ានីល ហៅថាតំបន់ថ្មប៉ប្រះទឹក Julian Felipe ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ២០០ម៉ាយរបស់ហ្វីលីពីន ។

កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ លោករដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសហ្វីលីពីនរូបនេះ បានមានប្រសាសន៍ប្រាប់ថា នៅតែមាននាវាចិនចំនួន៤៤គ្រឿង នៅក្នុងតំបន់ថ្មប៉ប្រះទឹក Whitsun បើទោះជាមានស្ថានភាពអាកាសធាតុ ប្រសើរឡើងហើយនោះ៕
ប្រែសម្រួល៖ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top