ព័ត៌មានអន្តរជាតិ

កងកម្លាំងសន្តិសុខឥណ្ឌា ជាង២០នាក់ បានស្លាប់ ក្នុងការវាយប្រហារ របស់ពួកម៉ៅនិយម

បរទេស ៖ សមាជិកកងកម្លាំងសន្តិសុខឥណ្ឌា តិចបំផុត២២នាក់ ត្រូវពួកម៉ៅនិយមសម្លាប់ នៅក្នុងរដ្ឋមួយស្ថិតនៅភាគកណ្ដាលរបស់ប្រទេសឥណ្ឌា នៅក្នុងការវាយប្រហារដ៏ខ្លាំងក្លាបំផុតមួយ ធ្វើឡើងដោយក្រុមបះបោរឆ្វេង ជ្រុលនិយម នៅក្នុងឆ្នាំនេះ ។

នៅក្នុងទីក្រុង Raipur រដ្ឋ Chhattisgarh មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់មួយរូប តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់យ៉ាងដូច្នេះថា “យើងអាចបញ្ជាក់បានថា សមាជិកកងកម្លាំងឥណ្ឌា ចំនួន២២នាក់ ត្រូវបានពួកម៉ៅនិយមសម្លាប់” ។

យោងតាមប្រភពព័ត៌មានមួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន The JERUSALEM POST នៅថ្ងៃទី០៤ ខែមេសា ឆ្នំា២០២១ បានឲ្យដឹងថា ពួកគេទាំងនោះ ត្រូវបានសម្លាប់ក្នុងហេតុការណ៍​ បាញ់ប្រហារប្រព្រឹត្តទៅរយៈពេល៤ម៉ោង ក្នុងស្រុក Sukma ស្ថិតនៅតាមព្រំដែនចម្ងាយ៥៤០គីឡូម៉ែត្រ ខាងត្បូងទីក្រុង Raipur ។

ចំណែកលោក Om Prakash Pal ជាមន្ត្រីប៉ូលិសជាន់ខ្ពស់ មួយរូបនៅក្នុងទីក្រុង Raipur បានមានប្រសាសន៍ប្រាប់ថា ការធ្វើប្រតិបត្តិការនានា ដើម្បីស្វែងរកសមាជិកកងកម្លាំង សន្តិសុខកំពុងបាត់ខ្លួនមួយរូប កំពុងតែប្រព្រឹត្តទៅ៕
ប្រែសម្រួល៖ប៉ាង កុង

To Top