ព័ត៌មានអន្តរជាតិ

ចំនួនអ្នកស្លាប់ ដោយសារព្យុះស៊ីក្លូន នៅឥណ្ឌូនេស៊ី កើនឡើងដល់ ១៧៧នាក់ និង៤៥នាក់កំពុងបាត់ខ្លួន

ហ្សាកាតា ៖ មន្ត្រីក្នុងតំបន់បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារព្យុះស៊ីក្លូន ត្រូពិក នៅខេត្ត East Nusa Tenggara ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់ ១៧៧ នាក់ដោយមានមនុស្សចំនួន ៤៥ នាក់ផ្សេងទៀតកំពុង បាត់ខ្លួន និងភូមិជាច្រើនទៀត ត្រូវកាត់ផ្ដាច់ ដោយសារផ្លូវគោក ត្រូវបានកាត់ផ្តាច់ ដោយសារបាក់រអិលផ្ទាំងថ្ម ។

លោក Josef Nae Soi អភិបាលរងខេត្តបានឲ្យដឹង នៅក្នុងសន្និសីទ សារព័ត៌មាន ជាក់ស្តែងមួយ ដែលធ្វើឡើងរួមគ្នា ជាមួយទីភ្នាក់ងារគ្រប់គ្រង គ្រោះមហន្តរាយជាតិថា “ ភូមិនានានៅដាច់ឆ្ងាយពីគ្នា រាប់ទាំងអ្នកស្រុក Kupang ។ ថ្ងៃស្អែកយើងនឹងដាក់ពង្រាយឧទ្ធម្ភាគចក្រ និងសាឡាង ដើម្បីចែកចាយជំនួយដល់តំបន់ទាំងនេះ” ។

ការស្លាប់ទាក់ទងនឹងព្យុះស៊ីក្លូន នៅក្នុងខេត្តនេះភាគច្រើន ត្រូវបានគេរាយការណ៍ថា មាននៅស្រុក East Flores គឺ ៧២នាក់, Lembata ៤៧នាក់ និង Alor ២៨នាក់ រួមទាំងនាក់បាត់ខ្លួនជាច្រើននាក់ទៀត ។

យោងទៅតាមឲ្យដឹងពីលោក Josef Nae Soi បានឲ្យដឹងថា ការជម្លៀសពលរដ្ឋចេញ ពីតំបន់រងគ្រោះ កំពុងដាក់ឲ្យរស់នៅក្នុងផ្ទះជម្លៀស ដែលជាការរៀបចំ ដើម្បីការពារការរីករាលដាលនៃ COVID-១៩ នៅក្នុងប៉ុស្តិ៍ជម្លៀស ។

ទីភ្នាក់ងារឧតុនិយមអាកាសធាតុ និងភូគព្ភសាស្ត្របានឲ្យដឹងថា អាកាសធាតុខ្លាំងដូចជាភ្លៀងខ្លាំង ខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់រហូតដល់ ៦ ម៉ែត្រ បានវាយប្រហារខេត្ដមួយចំនួន របស់ប្រទេសឥណ្ឌូនេស៊ី ៕

ដោយ ឈូក បូរ៉ា

To Top