នយោបាយ

ស្ថានបេសកកម្ម អចិន្រ្តៃយ៍កម្ពុជា ៖ ការប្រយុទ្ធប្រឆាំង របស់កម្ពុជា ទៅនឹងមេរោគកូវីដ-១៩ គោរពតាមគោលការណ៍ នីត្យានុកូលភាព ភាពចាំបាច់ និងសមាមាត្រ

ភ្នំពេញ ៖ ស្ថានបេសកកម្ម អចិន្រ្តៃយ៍កម្ពុជា នៅទីក្រុងហ្សឺណែវ បានលើកឡើងថា ការប្រយុទ្ធប្រឆាំងរបស់កម្ពុជា ទៅនឹងមេរោគកូវីដ-១៩ គោរពតាមគោលការណ៍ នីត្យានុកូលភាព ភាពចាំបាច់ និង សមាមាត្រ ខណៈស្ថានបេសកកម្ម អចិន្ដ្រៃយ៍ ខកចិត្តយ៉ាងខ្លាំង ចំពោះការចេញផ្សាយព័ត៌មាន របស់ អ្នករាយការណ៍ពិសេស ៤រូប ដែលមើលរំលងនូវទិដ្ឋ ភាពជារួមទាំងមូល នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ របស់កម្ពុជា។

យោងតាមសេចក្ដីថ្លែងការណ៍របស់ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា នាថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ថា «អ្នកជំនាញខាងលើ ដែលមិនមែនជាបុគ្គលិក របស់អង្គការសហប្រជាជាតិ ប៉ុន្តែបម្រើការងារ ក្នុងសមត្ថភាពផ្ទាល់ខ្លួន តែងតែមានអារម្មណ៍ថា អ្វីៗគួរធ្វើទៅតាមរបៀបផ្សេង ដោយផ្អែកលើទស្សនៈផ្ទាល់ខ្លួន របស់ពួកគាត់» ។

ប្រភពដដែល បន្ដថា ក្នុងករណីគំនិតសាកល្បង របស់ពួកគាត់មានការថ្លោះធ្លោយ បុគ្គលទាំងនោះពុំមានទំនួល ខុសត្រូវអ្វីឡើយ។ ក៏ប៉ុន្តែរាជរដ្ឋាភិបាល ដែលត្រូវបានបោះឆ្នោតជ្រើសរើស ដោយពលរដ្ឋកម្ពុជា តែងតែទទួល ខុសត្រូវទាំងស្រុង ចំពោះរាល់ការសម្រេចចិត្ត របស់ខ្លួន ដោយផ្អែកលើការវាយតម្លៃ អំពីហានិភ័យ ជាមួយនឹងវិធាន និងលក្ខណៈវិនិច្ឆ័យច្បាស់លាស់។

ស្ថានបេសកម្មអចិន្រ្តៃយ៍កម្ពុជា បញ្ជាក់ជាថ្មីថា ការប្រយុទ្ធប្រឆាំងរបស់កម្ពុជាទៅនឹងមេរោគកូវីដ ១៩ បានដាក់បញ្ចូល នូវគុណតម្លៃសិទ្ធិមនុស្ស ដោយមិនទុកបុគ្គលណាម្នាក់ចោលឡើយ ។ មានតែការអនុវត្តឱ្យបានពេញលេញ និងមានប្រសិទ្ធភាពនូវវិធានការ សុខាភិបាល រដ្ឋបាល និងផ្សេងទៀត រួមបញ្ចូលគ្នា ប៉ុណ្ណោះ ទើបអាចធានា បាននូវការសង្រ្គោះ ជីវិត សុវត្ថិភាពសុខភាព សាធារណៈ និងការវិលត្រឡប់ទៅរកជីវភាព ប្រក្រតីថ្មី បានឆាប់រហ័ស។

ក្នុងន័យនេះ អ្នករាយការណ៍ពិសេស ត្រូវទទួលស្គាល់នូវអាទិភាព និងបំពេញតួនាទីរបស់ខ្លួនដោយទំនួលខុសត្រូវ តាមរយៈការជួយបំពេញបន្ថែម នៅកន្លែងផ្ទាល់ ជាជាងការបង្អាក់ដល់បេសកកម្មសង្គ្រោះជីវិត និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺដ៏កាចសាហាវនេះ ក្នុងសហគមន៍៕

To Top