ព័ត៌មានជាតិ

ព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់ នីតិសម្បទានយោបាយឡើងវិញ ចំពោះអតីត ថ្នាក់ដឹកនាំបក្សប្រឆាំង ៧រូប

ភ្នំពេញ ៖ ព្រះកុរណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ស្តីពីការផ្តល់នីតិសម្បទានយោបាយ ឱ្យអតីតថ្នាក់ដឹកនាំ និងអតីតគណបក្សសង្គ្រោះជាតិ ចំនួន៧រូប។ នេះបើតាមព្រះរាជក្រឹត្យព្រះមហាក្សត្រ នាថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។

ព្រះមហាក្សត្រ ផ្តល់នីតិសម្បទាធ្វើនយោបាយឡើងវិញ បន្ទាប់ពីមានការក្រាបបង្គំទូលថ្វាយពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បន្ទាប់ពីមានការស្នើសុំដោយ អតីតថ្នាក់ដឹកនាំ នៃអតីត គណបក្សសង្គ្រោះជាតិ ទាំងនោះ ទៅកាន់ក្រសួងមហាផ្ទៃ។

បុគ្គល៧រូប ដែលជាអតីតសមាជិក គណៈកម្មាធិការអចិន្ដ្រៃយ៍ និងជាអតីតសមាជិកគណៈកម្មាធិការនាយក អតីតគណបក្ស សង្គ្រោះជាតិ បានដាក់សំណើមកក្រសួងមហាផ្ទៃ ដើម្បីស្នើសុំសិទ្ធិធ្វើ នយោបាយឡើងវិញ មុនកាលកំណត់របស់សាលដី ការតុលាការកំពូល រួមមាន ៖ លោក យ៉ែម បុញ្ញឬទ្ធិ លោក មុត ចន្ថា លោក ជុំ ច័ន្ទដារិន លោក ទូត ឃឿត លោក ឡាត់ លិតេយ្យ លោក ឡុង គឹមឃន និងលោក យង់ ផាន់ណេត។

គួរបញ្ជាក់ថា អតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ សរុប១១៨នាក់ ត្រូវបានតុលាការកំពូលកម្ពុជាចេញសាលដីកា សម្រេចផ្អាកមិនឲ្យធ្វើសកម្មភាពនយោបាយ រយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ ក្រោយពីអតីតគណបក្សសង្រ្គោះជាតិ ត្រូវបានរំលាយដោយអំណាចសាលក្រមតុលាការ៕

To Top