ភ្នំពេញ ៖ កម្លាំងចម្រុះប្រចាំគោលដៅ ត្រួតពិនិត្យច្រកចេញ-ចូល ក្នុងភូមិសាស្ត្រខេត្តកែប ( កំពង់នង់) កាលពីល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ លើផ្លូវជាតិលេខ៣៣ ត្រង់ចំណុចព្រំប្រទល់កំពត-កែប បានឃាត់ខ្លួនជនជាតិ វៀតណាមចំនួន ៧នាក់ (ស្រី ៥នាក់) ធ្វើដំណើរមកពីខេត្តព្រះសីហនុ និងជនជាតិខ្មែរចំនួន ១នាក់ ជាអ្នកនាំផ្លូវ ព្រមទាំងដឹកបន្តតាមម៉ូតូ ពីខេត្តកំពតឆ្ពោះទៅខេត្តកែប តាមផ្លូវលំ ដើម្បីគេចពីប៉ុស្តិ៍ត្រួតពិនិត្យ ក្នុងគោលដៅ ទៅកាន់ប្រទេសវៀតណាម ។
ក្រោយឃាត់ខ្លួន ជនជាតិវៀតណាមទាំងនោះ ត្រូវបាននាំទៅកាន់ស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីប្រគល់បន្តឲ្យមន្ទីរសុខាភិបាល ខេត្តបញ្ជូនទៅមណ្ឌលចត្តាឡីស័ក រង់ចាំយកសំណាកវត្ថុ វិភាគ ចំណែកជនជាតិខ្មែរ ជាអ្នកផ្តល់មធ្យោបាយនាំផ្លូវ ត្រូវបានកសាងសំណុំរឿងបញ្ជូន ទៅតុលាការដើម្បីចាត់ការបន្ត ។
រដ្ឋបាលខេត្តកែប សូមអំពាវនាវដល់កម្លាំង សមត្ថកិច្ចបន្តការរឹតបន្តឹងឲ្យបានតឹងរឹង និងសុំការចូលរួមពីបងប្អូន ប្រជាពលរដ្ឋនៅបណ្ដា រាជធានី-ខេត្ត ដែលមានឆ្លងជំងឺកូវីដ -១៩ ក្នុងសហគមន៍ពិសេសនៅតំបន់ក្រហម និងតំបន់បិទខ្ទប់សូមកុំធ្វើការចល័តចេញ ក្នុងកាលៈទេសៈដ៏លំបាកនេះ ។
ជាងនេះទៅទៀត សូមកុំយកគំរូតាមករណីខាងលើ ព្រោះការលួចគេចវេស មិនអាចរួចផុតពីកម្លាំង សមត្ថកិច្ចបានទេ ហើយត្រូវប្រឈមនឹង ការអនុវត្តវិធានការច្បាប់ និងវិធានការ សុខាភិបាលផងដែរ ៕