បរទេស៖ បណ្ដាមេដឹកនាំអាស៊ីអាគ្នេយ៍នានា តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមកិច្ចប្រជុំស្តីពីវិបត្តិនៅមីយ៉ានម៉ានាថ្ងៃសៅរ៍នេះ ក្នុងគោលបំណងបញ្ចុះបញ្ចូល លោកឧត្តមសេនីយ៍ Min Aung Hlaing ដែលដឹកនាំការដណ្ដើមអំណាចយោធា បង្កឲ្យមានភាពចលាចលក្នុងប្រទេស រកផ្លូវបញ្ចប់អំពើហិង្សា។
កិច្ចប្រជុំកំពូលរបស់មេដឹកនាំ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ក្នុងទីក្រុងហ្សាកាតានេះ គឺជាកិច្ចប្រឹងប្រែងសម្របសម្រួល ជាអន្តរជាតិលើកដំបូង ដើម្បីបន្ធូរបន្ថយវិបត្តិក្នុងប្រទេសមីយ៉ានម៉ា ជាប្រទេសក្រីក្រមួយ ស្ថិតនៅជាប់ប្រទេសចិន ឥណ្ឌា និងប្រទេសថៃ។ មីយ៉ានម៉ា គឺជាសមាជិកមួយរបស់សមាគមអាស៊ាន មានសមាជិក១០ប្រទេស។
ដោយអ្នកចូលរួមត្រូវចូលរួមដោយផ្ទាល់ បើទោះជាមានការរាតត្បាតនៃជម្ងឺកូវីដ១៩ក៏ដោយក្តីនោះ រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសឥណ្ឌូនេស៊ី លោក Retno Marsudi បាននិយាយនៅថ្ងៃសុក្រម្សិលមិញថា ជំនួបកំពូលនេះ បានបង្ហាញឲ្យឃើញនូវក្តីព្រួយបារម្ភដ៏ជ្រាល់ជ្រៅ ស្តីពីស្ថានភាពក្នុងប្រទេសមីយ៉ានម៉ា និងការប្តេជ្ញារបស់អាស៊ាន ក្នុងការជួយមីយ៉ានម៉ាឲ្យរួចផុតពីស្ថានភាពដ៏អាក្រក់នេះ។
តាមសេចក្តីរាយការណ៍ វាគឺជារឿងមិនធម្មតា សម្រាប់មេដឹកនាំរដ្ឋាភិបាលយោធាក្នុងប្រទេសមីយ៉ានម៉ា ដែលចូលរួមក្នុងជំនួបកំពូលអាស៊ាន ដែលជាធម្មតា ប្រទេសនេះ ត្រូវបានតំណាងដោយមន្ត្រីថ្នាក់ទាប ឬក៏មន្ត្រីស៊ីវិលប៉ុណ្ណោះ។ លោកឧត្តមសេនីយ៍ Min Aung Hlaing ត្រូវបានគេប្រទះឃើញចុះពីយន្តហោះ ក្រោយពីដំណើរតាមជើងហោះហើរពិសេស ពីទីក្រុង Naypyitaw រដ្ឋធានីរបស់ប្រទេសមីយ៉ានម៉ា៕
ប្រែសម្រួល៖ប៉ាង កុង