ព័ត៌មានអន្តរជាតិ

ការប្រយុទ្ធគ្នា នៅមីយ៉ានម៉ា ផ្ទុះឡើងក្បែរព្រំដែនថៃ

បរទេស៖ ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា នៅព្រឹកថ្ងៃអង្គារនេះ បានផ្ទុះឡើងនៅប៉ុស្តិ៍ ទាហានមីយ៉ានម៉ាមួយកន្លែង ស្ថិតនៅក្បែរព្រំដែនខាងកើត ជាប់នឹងប្រទេសថៃ ក្នុងតំបន់មួយដែលគ្រប់គ្រង ភាគច្រើនដោយកងកម្លាំង នៃកងទ័ពជនជាតិភាគតិចការ៉ែន។

សហភាពជាតិការ៉ែនបាននិយាយថា ខ្លួនទើបដណ្ដើមបានទីតាំងទាហាន នៅក្នុងការប៉ះទង្គិចគ្នាដ៏តានតឹងបំផុត ចាប់ពីរដ្ឋប្រហារថ្ងៃទី០១កុម្ភៈ ដែលរុញច្រានមីយ៉ានម៉ា ឲ្យធ្លាក់ចូលក្នុងវិបត្តិធ្ងន់ធ្ងរ ហើយការប្រយុទ្ធគ្នានេះ ក៏បានកើតមានក្រោយមួយថ្ងៃបន្ទាប់ពី មេដឹកនាំអាស៊ីអាគ្នេយ៍នានានិយាយថា ពួកគេបានសម្រេចព្រមព្រៀងគ្នា ជាឯកច្ឆ័ន្ទជាមួយរបបសឹកមីយ៉ានម៉ា ស្តីពីការបញ្ចប់អំពើហិង្សា។

លោក Padoh Saw Taw Nee ជាប្រធានក្រុមកិច្ចការ បរទេសពួកការ៉ែន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ឲ្យដឹងថា កងកម្លាំងរបស់សហភាពជាតិការ៉ែន បានដណ្ដើមបានប៉ុស្តិ៍ទាហាននោះ នៅម៉ោងប្រហែល៥ទៅ៦ព្រឹក។

អ្នកភូមិ ដែលរត់ឆ្លងទន្លេ Salween ក្នុងប្រទេសថៃ បាននិយាយប្រាប់ថា ការប្រយុទ្ធគ្នាដ៏ខ្លាំងក្លា បានចាប់ផ្តើមឡើង នៅមុនពេលថ្ងៃរះ ហើយវីដេអូដែលគេបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញឲ្យឃើញនូវអណ្ដាតភ្លើង និងផ្សែងចេញពីទីខ្ពង់រាបព្រៃភ្នំ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top