បរទេស៖ ឯកអគ្គរដ្ឋទូតមីយ៉ានម៉ា ប្រចាំនៅអង្គការសហប្រជាជាតិ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ រដ្ឋសភាសហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះថា ទីក្រុងវ៉ាស៊ីនតោន គួរតែផ្តោតគោលដៅ លើក្រុមហ៊ុនប្រេងនិងឧស្ម័នដំណើរការដោយរដ្ឋ និងធនាគារកម្មសិទ្ធិរដ្ឋមួយ ដោយការដាក់ទណ្ឌកម្ម។
លោកឯកអគ្គរដ្ឋទូត Kyaw Moe Tun ជាតំណាងរបស់សមាជិករដ្ឋសភាជាប់ឆ្នោត ប្រឆាំងនឹងរបបសឹកយោធា របស់ប្រទេសមីយ៉ានម៉ា នោះ ក៏បានធ្វើការព្រមានថា វិបត្តិដែលបង្កឡើង ដោយរដ្ឋប្រហារថ្ងៃទី០១ ខែកុម្ភៈ នៅក្នុងប្រទេសភូមា បានគម្រាមកំហែង ដល់សន្តិសុខក្នុងតំបន់។
តាមសេចក្តីរាយការណ៍ លោកឯកអគ្គរដ្ឋទូតមីយ៉ានម៉ារូបនេះ បាននិយាយប្រាប់ដល់គណៈកម្មការទទួលបន្ទុកកិច្ចការបរទេសរដ្ឋសភាថា ដូចគ្នាទៅនឹងធនាគារ Myawaddy និង Innwa ដែលដំណើរការដោយយោធានោះ សហរដ្ឋអាមេរិកគួរតែដាក់ទណ្ឌកម្ម លើធនាគារពាណិជ្ជបរទេសមីយ៉ានម៉ាដែលកាន់កាប់ដោយរដ្ឋ MFTB និងសហគ្រាសប្រេងនិងឧស្ម័នមីយ៉ានម៉ា MOGE។
គួរបញ្ជាក់ថា នាពេលថ្មីៗនេះ រដ្ឋបាលលោក បៃដិន បានធ្វើការថ្កោលទោសចំពោះរដ្ឋប្រហារនៅភូមា និងបានដាក់ទណ្ឌកម្មលើឧត្តមសេនីយ៍ ដែលដឹកនាំរដ្ឋប្រហារ ក៏ដូចជាសមាជិកគ្រួសារពួកគេខ្លះ និងជំនួញដែលផ្តល់ប្រាក់ចំណូលដល់ពួកគេ៕
ប្រែសម្រួល៖ប៉ាង កុង