ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន ពន្លឿនសំណុំរឿង ក្បត់ជាតិ លើសម្ពន្ធមិត្ត របស់វិមានក្រឹមឡាំង

បរទេស៖អាជ្ញាធរនៃប្រទេសអ៊ុយក្រែន បានដាក់លោក Viktor Medvedchuk ជាសម្ពន្ធមិត្តដ៏លេចធ្លោរបំផុតរបស់វិមានក្រឹមឡាំងនៅក្នុងប្រទេសអ៊ុយក្រែន ក្រោមបទសង្ស័យជាផ្លូវការសម្រាប់ការក្បត់ជាតិកម្រិតខ្ពស់ នៅថ្ងៃអង្គារម្សិលមិញនេះ ជាផ្នែកនៃការបង្ក្រាបលើក្រុមរបស់លោក ដែលបញ្ឆេះឲ្យមានភាពតានតឹង រវាងទីក្រុងកៀវនិងទីក្រុងមូស្គូ។

តាមសេចក្តីរាយការណ៍ រដ្ឋអាជ្ញាអ៊ុយក្រែន កំពុងតែស្វះស្វែងធ្វើការឃុំខ្លួនលោក Viktor Medvedchuk ជាមេដឹកនាំបក្សប្រឆាំង និងជាពាណិជ្ជករមួយរូប ពីបទសង្ស័យក្បត់ជាតិ និងការប៉ុនប៉ងលួចធនធានជាតិនៅតំបន់គ្រីមា ជាទឹកដីដែលរុស្ស៊ីបានដាក់បញ្ចូលជាឧបសម្ព័ន្ធខ្លួនកាលពីឆ្នាំ២០១៤។

អគ្គរដ្ឋអាជ្ញា លោក Iryna Venediktova បាននិយាយប្រាប់សន្និសីទកាសែតមួយថា “យោងតាមការស៊ើបអង្កេត លោក Medvedchuk ក្នុងនាមជាអ្នករៀបចំ សកម្មភាពខុសច្បាប់ទាំងអស់ និងមានចំណងមិត្តភាពដ៏រឹងមាំជាមួយថ្នាក់ដឹកនាំ របស់សហព័ន្ធរុស្ស៊ី បានចាប់ផ្តើមសកម្មភាពបះបោរប្រឆាំងអ៊ុយក្រែន ដោយរួមមានទាំងក្នុងវិស័យ សេដ្ឋកិច្ចផងដែរ”។

តាមភស្តុតាង លោក Venediktova និងប្រធានទីភ្នាក់ងារ សន្តិសុខនៃប្រទេសអ៊ុយក្រែន បានមានប្រសាសន៍ថា លោក Medvedchuk បានធ្វើឲ្យប្រទេសរុស្ស៊ីអាចមានទីតាំងឧស្ម័នដ៏សមស្របមួយកន្លែង នៅក្នុងតំបន់គ្រីមា ដែលលោក Medvedchuk បានទទួលអាជ្ញាប័ណ្ណរុករក នៅមុនត្រូវបញ្ចូលជាឧបសម្ព័ន្ធក្នុងឆ្នាំ២០១៤៕ប្រែសម្រួល៖ប៉ាង កុង

To Top