អត្ថបទ

វីដេអូសិក្សា​ ពីកម្មវិធី «Smart 1,000 Grade 12 Video Collection» បានបញ្ចូលទៅក្នុង E-learning App របស់ក្រសួងអប់រំ យុវជន និងកីឡា

ភ្នំពេញ-ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២១៖ វីដេអូមេរៀនសម្រាប់សិក្សា​ តាមអនឡាញពីកម្មវិធី «Smart 1,000 Grade 12 Video Collection» ត្រូវបានដាក់បញ្ចូល ទៅក្នុងកម្មវិធីស្វ័យសិក្សា «MoEYS E-Learning» ដែលត្រូវបានដាក់ឱ្យប្រើប្រាស់ ជាផ្លូវការរួមគ្នាដោយក្រសួងអប់រំ យុវជន និងកីឡាកម្ពុជា និងសហភាពសហព័ន្ធ យុវជនកម្ពុជា កាលពីសប្ដាហ៍មុន ជាមួយនឹងគោលបំណងគាំទ្រ ដល់សិក្សានុសិស្ស ដែលការសិក្សារបស់គេ មិនអាចធ្វើទៅបានដោយសារ ការបិទសាលារៀនបណ្ដោះអាសន្ន មូលហេតុបង្កដោយជំងឺរាតត្បាត ជាសកលកូវីដ-១៩។

កម្មវិធីស្វ័យសិក្សា MoEYS E-Learning អនុញ្ញាតឲ្យសិស្សានុសិស្ស ស្វែងរកមាតិកាអប់រំ ទាក់ទងនិងមេរៀន នៅសាលារបស់ពួកគេ ហើយនៅទីបំផុតគម្រោងនេះ នឹងផ្ដល់មេរៀនទាំងអស់ ដល់សិស្សគ្រប់ថ្នាក់ ទាំងអស់ផងដែរ។

ទោះយ៉ាងណាក៏ដោយ នាពេលបច្ចុប្បន្ន មានតែមាតិកាអប់រំ សម្រាប់ថ្នាក់ទី ១២ ប៉ុណ្នោះ ត្រូវបានបញ្ចប់ជាស្ថាព និងបានដាក់បញ្ចូល ទៅក្នុងកម្មវិធីស្វ័យសិក្សា app ដោយមាតិកាអប់រំ សម្រាប់ថ្នាក់ទី ១២ នេះត្រូវបានបង្កើតឡើង តាមរយៈភាពជាដៃគូ រវាងក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាស្ថានបើកទូលាយ ដោយទទួលបានការគាំទ្រ ផ្នែកហិរញ្ញវត្ថុ ពីមូលនិធិ ទឹកប្រាក់ ១លានដុល្លារ ដើម្បីប្រឆាំជំងឺកូវីដ-១៩ របស់ក្រុមហ៊ុន Smart Axiata។

ក្នុងកម្មវិធីស្វ័យសិក្សាឥតគិតថ្លៃនេះ សិក្សានុសិស្សអាច មើលវីដេអូមេរៀន ដែលថតទុកជាមុន ដែលរៀបចំឡើងដោយគ្រូបង្រៀន ទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា អាចទាញយកសៀវភៅពុម្ព ឆ្លើយសំណួរ ដើម្បីអនុវត្តសម្រាប់ប្រឡង តាមដានការរីកចម្រើន នៃការរៀនសូត្ររបស់ពួកគេ ហើយទាញយក និងរក្សាមាតិការៀនមេរៀន ទុកមើលទាំងពេលមិនមានអ៊ិនធឺណិត ។

លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា៖ «ខណៈពេល មានមនុស្សជាច្រើន កំពុងទទួលរងផលប៉ះពាល់ ពីជំងឺរាតត្បាតជាសកល កូវីដ-១៩ នាពេលបច្ចុប្បន្ន លទ្ធផលប៉ះពាល់ រយៈពេលវែង នៃជំងឺរាតត្បាត ជាសកលនេះ នឹងមានកាន់តែធ្ងន់ធ្ងរ លើសិស្សានុសិស្ស ដែលមិនបានចូលសាលារៀន អំឡុងពេលនៃគ្រាលំបាកនេះ។ កម្មវិធីស្វ័យសិក្សានេះ រៀបចំឡើង ដើម្បីឲ្យប្រាកដថា សិស្សានុសិស្សកាន់តែច្រើន អាចស្វែងរកឱកាស សិក្សាឥតគិតថ្លៃ និងងាយស្រួល។

កម្មវិធីស្វ័យសិក្សានេះ មិនមែនជាដំណោះស្រាយល្អឥតខ្ចោះទេ ហើយក៏មិនអាច ជំនួសការសិក្សា ក្នុងថ្នាក់រៀនទាំងស្រុង បាននោះដែរ ជាពិសេសក្នុងសហគមន៍ ងាយរងគ្រោះ ដែលមិនសូវមាន ទូរស័ព្ទដៃទំនើប ឫ អ៊ិនធឺណិត ប៉ុន្តែកម្មវិធីស្វ័យសិក្សា នេះច្បាស់ថា នឹងផ្ដល់សារៈសំខាន់ ដល់សិក្សានុសិស្សជាច្រើន ជាពិសេសសម្រាប់ សិស្សានុសិស្ស ដែលត្រៀមប្រឡង បញ្ចប់ថ្នាក់វិទ្យាល័យ។»

លោកបណ្ឌិតសភាចារ្យ បានបន្ថែមទៀតថា ៖ «ជាមួយនឹងការគាំទ្រ ពីក្រុមហ៊ុន Smart Axiata ក្រោយពីបានរៀបចំស្ទូឌីយោ ចំនួនពីរ និងបង្កើតកម្មវិធី Smart 1,000 Grade 12 Video Collection រួចមក យើងអាចផ្ដល់មាតិកា មេរៀនតាមអនឡាញ ទាំងស្រុង ដល់សិស្សានុសិស្ស ថ្នាក់ទី១២ ដែលកំពុងត្រៀមបញ្ចប់ ថ្នាក់វិទ្យាល័យ និងត្រូវរៀបចំប្រឡងបញ្ចប់។»

ក្រុមហ៊ុន Smart Axiata បានកំពុងបន្តគាំទ្រ គម្រោងសិក្សាតាមអនឡាញ ជាមួយនឹងជំនួយបច្ចេកទេស និងហិរញ្ញវត្ថុ ដើម្បីធានាឲ្យបានថាកម្មវិធីស្វ័យសិក្សា តាមឧបករណ៍ចល័ត អាចស្វែងរកបានកាន់តែទូលំទូលាយ នៅពេលប្រកាស ដាក់ឲ្យប្រើប្រាស់។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖ «យើងបានជួយសម្របសម្រួល ក្នុងការផ្ដល់សារពាក្យសម្ងាត់ (One Time Password) សម្រាប់សិស្សានុសិស្ស ប្រមាណ៥០ម៉ឺននាក់ ដើម្បីអាចចុះឈ្មោះ លើកម្មវិធីទូរស័ព្ទ និងជំរុញនូវការប្រើប្រាស់ កម្មវិធីទូរស័ព្ទ នេះ ក៏បានណែនាំវា ទៅកាន់អតិថិជន របស់យើងផងដែរ។

ខ្ញុំពិតជារំភើបខ្លាំងណាស់ ដែលបានឃើញសមិទ្ធិផល ពីកម្មវិធី Smart 1,000 Grade 12 Video Collection ត្រូវបានប្រកាស ដាក់ឲ្យប្រើប្រាស់ នៅក្នុងកម្មវិធីទូរស័ព្ទ ដែលក្រសួងអប់រំ យុវជន និងកីឡា និងវិទ្យាស្ថានបើកទូលាយ បានរៀបចំឡើង កាលពីចុងឆ្នាំមុន ដើម្បីឲ្យមានការប្រើប្រាស់ កាន់តែទូលំទូលាយ ហើយេនេះ នឹងជាសក្ខីភាពដ៏សំខាន់ ក្នុងការការពារកុំឲ្យមាន សិស្សានុសិស្ស ដែលការរៀនសូត្រ របស់ពួកគេត្រូវបានបាត់បង់ ដោយសារការប៉ះពាល់ ពីជំងឺរាតត្បាតជាសកល។»

លោក ថូម៉ាស បានបន្ថែមទៀតថា៖ «យើងតែងតែនិយាយអំពីឥទ្ធិពល និងគុណតម្លៃ របស់ការអប់រំ ដូច្នេះហើយ វាមានសារៈសំខាន់ណាស់ ដែលយើងត្រូវតែធ្វើ នូវអ្វីដែលយើងអាចធ្វើ ទៅបានដើម្បីជួយ នៅពេលយើងឃើញថា ឱកាសនៃការអប់រំ សម្រាប់សិស្សានុសិស្ស កំពុងទទួលរងនូវហានិភ័យ ដោយមិនមែន ជាកំហុសរបស់ពួកគេ ។»

ក្រុមហ៊ុន Smart Axiata កំពុងស្វែងរកមធ្យោបាយបន្ថែម ដើម្បីបន្តការគាំទ្ររបស់ខ្លួន សម្រាប់ក្រសួងអប់រំ យុវជន និងកីឡា រួមមានការប្រើប្រាស់ បណ្ដាញទំនាក់ទំនងរបស់ខ្លួន ដើម្បីផ្ញើសារជាអក្សរ ទៅកាន់សិស្ស និងឪពុកម្តាយ ឲ្យបានដឹងលឺអំពីកម្មវិធីនេះ បង្កើតវីដេអូកាន់តែច្រើន និងមាតិកាសំណួរ ជំរុញការពិភាក្សា ក្នុងក្រុមលើកម្មវិធី App និងផ្ដល់ទិន្នន័យអ៊ិនធឺណិត ដល់សិស្សានុសិស្សដើម្បីប្រើប្រាស់ តាមដែលអាចធ្វើទៅបាន។

កម្មវិធីស្វ័យសិក្សា MoEYS E-Learning អាចដោនឡូត បានតាមរយៈ តំណនេះ http://onelink.to/moeysapp

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart Axiata តាមរយៈ www.facebook.com/smartforcambodia ឬចូលទៅកាន់គេហទំព័រ www.smart.com.kh៕

Announcement_5.5
To Top