ភ្នំពេញ ៖ ដោយមើលឃើញ ពីតម្រូវការ និងដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ១៩ USAID បានផ្តល់ឧបករណ៍ សម្រាប់យកសំណាក របស់អ្នកជំងឺ ដែលសង្ស័យថា មានជំងឺកូវីដ១៩ ចំនួន ១០០០ ឈុតដល់ក្រសួង សុខាភិបាលកម្ពុជា ។
យោងតាមបណ្តាញ សង្គមរបស់អង្គការ USAID នៅថ្ងៃទី១៧ ឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា តាមរយៈគម្រោង លើកកម្ពស់គុណភាព សេវាថែទាំសុខភាព ទីភ្នាក់ងារជំនួយអាមេរិក USAID បានផ្តល់ឧបករណ៍ សម្រាប់យកសំណាក របស់អ្នកជំងឺ ដែលសង្ស័យថា មានជំងឺកូវីដ១៩ ចំនួន ១០០០ ឈុត ជូន ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែក ក្នុងការឆ្លើយតបទៅនឹង ជំងឺកូវីដ១៩ និងបង្កើនប្រសិទ្ធភាព នៃការថែទាំអ្នកជំងឺ ។
ប្រភពបន្តថា កន្លងមក ទីភ្នាក់ងារជំនួយអាមេរិក USAID បានផ្តល់ថវិកា ជាង ១១ លានដុល្លារអាមេរិក ដើម្បីជួយប្រទេសកម្ពុជា ក្នុងការឆ្លើយតបទៅនឹង ការរីករាលដាលនៃជំងឺកូវីដ-១៩។ ធនធានបន្ថែមទាំងនេះគឺផ្អែកលើការគាំទ្រ ដែលមានស្រាប់ដល់ប្រជាជនកម្ពុជា ដែលភាគច្រើន នៃជំនួយទាំងនេះ គឺដើម្បីឆ្លើយតបនឹងបញ្ហា ដែលកំពុងកើតមាននៃជំងឺរាតត្បាតនេះ ។
សូមរំលឹកថា គិតត្រឹមព្រឹក ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ នៅកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩សរុប២២៥៤៤ នាក់ អ្នកជាសះស្បើយ១៣០០៦ នាក់និងអ្នកស្លាប់១៥៤ នាក់ ៕