ព័ត៌មានអន្តរជាតិ

ប៉ូលីសបារាំងចូលនិវត្ត ចូលរួមជាមួយកងទ័ព អំពាវនាវឱ្យប្រធានាធិបតី នាយករដ្ឋមន្រ្តី និងព្រឹទ្ធសភា ចាត់វិធានការការពារសង្គ្រាមស៊ីវិល

បរទេស៖ មន្រ្តីប៉ូលីសបារាំងដែល ចូលនិវត្តន៍មួយក្រុម បានចេញលិខិតបើកចំហថ្មីមួយ ទៅកាន់ប្រធានាធិបតី អេម៉ានុយអែល ម៉ាក្រុង, នាយករដ្ឋមន្រ្តី Jean Castex និងព្រឹទ្ធសភាបារាំង ទាមទារសុវត្ថិភាពសម្រាប់ការអនុវត្តច្បាប់និងសន្តិសុខ សម្រាប់ពលរដ្ឋបារាំងជាទូទៅ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ញត្តិដែលត្រូវបានចេញផ្សាយនៅលើគេហទំព័រ MesOpinions.com ដែលជាញត្តិ និងការស្ទង់មតិបារាំង ត្រូវបានសរសេរដោយមន្រ្តីប៉ូលីសចូលនិវត្តន៍ចំនួន ៩៣ នាក់ ហើយស្នើយ៉ាងទទូចដល់រដ្ឋាភិបាល“ ឱ្យធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីបញ្ចប់ស្ថានការណ៍ធ្ងន់ធ្ងរបំផុត ដែលបារាំងកំពុងឆ្លងកាត់ក្នុងបញ្ហាសន្តិសុខ និងភាពស្ងប់ស្ងាត់សាធារណៈ។

ហត្ថលេខាដោយមនុស្សជាង ៣៦ ០០០ នាក់ ញត្តិនោះបានបង្ហាញថា សិទ្ធិអំណាចរបស់រដ្ឋបារាំងកំពុងរងការប៉ះទង្គិចដោយក្រុមជនជាតិភាគតិចដែលមានអំពើហិង្សា ហើយមាន“ ទឹកដីបាត់បង់” នៅក្នុងប្រទេសបារាំងដែលច្បាប់របស់សាធារណរដ្ឋលែងអនុវត្តតទៅទៀត៕ប្រែសម្រួលៈ ណៃ តុលា

To Top