បរទេស៖ យ៉ាងហោចណាស់ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-52 Stratofortress ២គ្រឿងរបស់សហរដ្ឋអាមេរិក ត្រូវបានគេជឿថា បានហោះចេញ ពីមូលដ្ឋានទ័ពអាកាស Andersen របស់សហរដ្ឋអាមេរិកនៅកោះហ្គាំ ហើយបានហោះហើរលើផ្នែកខ្លះ នៃសមុទ្រចិនខាងកើត កាលពីថ្ងៃព្រហស្បតិ៍។ នេះបើយោងតាមកាសែតតៃវ៉ាន់។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថា យន្តហោះ B-52 Stratofortress គឺជាយន្តហោះទម្លាក់គ្រាប់បែក យុទ្ធសាស្រ្តរបស់អាមេរិក ដែលត្រូវបានរចនា និងសាងសង់ឡើង ដោយក្រុមហ៊ុនប៊ូអ៊ីង និងប្រតិបត្តិការ ដោយកងទ័ពអាកាសអាមេរិក ចាប់តាំងពីទសវត្សឆ្នាំ ១៩៥០ ។
យោងតាមរបាយការណ៍ យន្តហោះ B-52 Stratofortress បានឆ្លងកាត់ច្រក Miyako Strait ផ្លូវទឹករវាងកោះមីយ៉ាកូ និងកោះ អូគីណាវ៉ា មុនពេលហោះហើរលើផ្នែកខ្លះ នៃសមុទ្រចិនខាងកើត ក្បែរដែនទឹក និងឆ្នេរសមុទ្ររបស់កោះតៃវ៉ាន់ ដែលទាមទារដោយប្រទេសចិន។
ទោះយ៉ាងណា ទោះបីជាមានសេចក្តីរាយការណ៍ក៏ដោយ ក្រសួងការពារជាតិកោះតៃវ៉ាន់ មិនបានផ្តល់ការបញ្ជាក់ណាមួយថា តើយន្តហោះចម្បាំងរបស់អាមេរិក ហោះហើរនៅផ្នែកខ្លះ នៃសមុទ្រចិនខាងកើតទេ។
កាលពីខែមីនា យន្តហោះទម្លាក់គ្រាប់បែក B-52H Stratofortress ចំនួន ២ គ្រឿង បានហោះនៅលើសមុទ្រចិនខាងកើត សម្រាប់បេសកកម្ម “ការបណ្តុះបណ្តាលសមាហរណកម្ម” ដោយកងទ័ពជើងទឹកអាមេរិក និងកងកំលាំងស្វ័យការពារខ្លួន របស់ទ័ពអាកាសជប៉ុន។ មួយខែក្រោយមកយន្តហោះ B-52 ចំនួន ២ គ្រឿងត្រូវបានគេរាយការណ៍ថា បានហោះនៅចម្ងាយប្រមាណ ២៥០ គីឡូម៉ែត្រនៃឆ្នេរសមុទ្រ Guangdong ដែលជាខេត្តមួយ នៅភាគអាគ្នេយ៍ប្រទេសចិន និងបានហោះព័ទ្ធជុំវិញកោះ Pratas ដែលគ្រប់គ្រងដោយកោះតៃវ៉ាន់ មុនពេលធ្វើដំណើរត្រឡប់ ទៅកោះហ្គាំ៕ ប្រែសម្រួលៈ ណៃ តុលា