ម៉ូស្គូ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov និងរដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken បានជួបគ្នាជាលើកដំបូង នៅថ្ងៃពុធម្សិលមិញនេះ ដោយសម្តែងនូវឆន្ទៈក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ប៉ុន្តែក៏បានទទួលស្គាល់នូវ“ ភាពខុសគ្នាដ៏ធ្ងន់ធ្ងរ” ចំពេលទំនាក់ទំនងតានតឹងរវាង ប្រទេសទាំងពីរ។
ជំនួបជាមួយសមភាគីរបស់ លោកនៅខាងក្រៅកិច្ចប្រជុំក្រុមប្រឹក្សាតំបន់អាក់ទិក នៅរដ្ឋធានី Reykjavik ប្រទេសអ៊ីស្លង់ លោក Lavrov បានលើកឡើងថា ទីក្រុងម៉ូស្គូ និងទីក្រុងវ៉ាស៊ីនតោនត្រូវសម្រេចចិត្តលើកិច្ចសហប្រតិបត្តិការ របស់ពួកគេបន្ថែមទៀត ទោះបីជាមានភាពខុសគ្នាយ៉ាងខ្លាំងនៅក្នុងបញ្ហាជាច្រើន រវាងភាគីទាំងពីរ។
លោកបានលើកឡើងថា “យើងមានភាពខុសប្លែកគ្នាយ៉ាងធ្ងន់ធ្ងរ នៅក្នុងការវាយតម្លៃនៃស្ថានភាពអន្តរជាតិ។ យើងមានភាពខុសគ្នាធ្ងន់ធ្ងរនៅក្នុងវិធីសាស្រ្តនៃភារកិច្ច ដែលត្រូវដោះស្រាយសម្រាប់ភាពប្រក្រតីរបស់ខ្លួន” ។
អ្នកការទូតរុស្ស៊ីរូបនេះបានបន្ដថា“ ជំហររបស់យើង គឺសាមញ្ញណាស់។ យើងបានត្រៀមខ្លួនរួចជាស្រេច ដើម្បីពិភាក្សាលើបញ្ហាទាំងអស់ដោយគ្មានការលើកលែង ប៉ុន្តែស្ថិតនៅក្រោមការយល់ឃើញថា ការពិភាក្សានឹងមានភាពស្មោះត្រង់ជាមួយនឹងអង្គហេតុនៅលើតុ ហើយជាការពិតនៅលើមូលដ្ឋាននៃការគោរព គ្នាទៅវិញទៅមក” ។
សម្រាប់ផ្នែករបស់លោក Blinken បានឲ្យដឹងថារដ្ឋបាលលោក ចូ បៃដិន កំពុងស្វែងរក“ ទំនាក់ទំនងដែលអាចព្យាករណ៍បាន និងមានស្ថេរភាព” ជាមួយប្រទេសរុស្ស៊ី ដោយកត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោន ចង់ធ្វើការជាមួយប្រទេសរុស្ស៊ីលើផ្នែកខ្លះនៃផលប្រយោជន៍ទៅវិញទៅមក រួមទាំងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ការប្រែប្រួលអាកាសធាតុក៏ដូចជា បញ្ហានុយក្លេអ៊ែរទាក់ទងនឹងអ៊ីរ៉ង់ និងឧបទ្វីបកូរ៉េ។
ប៉ុន្តែនៅពេលចាប់ផ្តើមសុន្ទរកថារបស់លោក Blinken បានលើកឡើងថា វាមិនមែនជារឿងអាថ៌កំបាំងនោះទេ ដែលយើងមានភាពខុសគ្នារបស់យើង ហើយទីក្រុងវ៉ាស៊ីនតោន នឹងឆ្លើយត បប្រសិនបើរុស្ស៊ីធ្វើសកម្មភាពយ៉ាងគឃ្លើន។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក បាននិងកំពុងតានតឹងខ្លាំងនៅក្នុងប៉ុន្មានខែថ្មីៗនេះ។ ភាគីទាំងពីរមានភាពខុសគ្នាច្បាស់ លើបញ្ហាទាក់ទងនឹងអ៊ុយក្រែនសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណិត សិទ្ធិមនុស្ស និងការជ្រៀតជ្រែកក្នុងការបោះឆ្នោត របស់សហរដ្ឋអាមេរិក៕ ដោយ ឈូក បូរ៉ា