សមុទ្រចិនខាងត្បូង ជាចំណុចក្ដៅនិងរសើបបំផុតក្នុងតំបន់!៖
សមុទ្រចិនខាងត្បូង មានវិសាលភាពប្រមាណ៣,៥០០ ០០០ គីឡូម៉ែត្រការ៉េ ជាតំបន់សមុទ្រមួយ ដែលមានសណ្ឋានធំលំដាប់ទី៤ និងជាចំណែកមួយរបស់សមុទ្រប៉ាស៊ីហ្វិក។ ក្នុងតំបន់សមុទ្រចិនខាងត្បូងនេះ សម្បូរទៅដោយកោះ ហើយកោះទាំងនេះបានប្រមូលផ្ដុំជាច្រើន កកើតទៅជាប្រជុំកោះ Archipelagoes កោះ ប្រជុំកោះ និងជួរកោះទាំងនេះដែលមួយភាគធំ ពុំមានមនុស្សរស់នៅ និងពុំអាចរស់នៅបានឡើយ!។
យោងតាម Wikipedia គឺ South China Sea ជានាមសព្ទមួយត្រូវបានស្គាល់យ៉ាងទូលំទូលាយបំផុតក្នុងភាសាអង់គ្លេស ដែលតំបន់សមុទ្រនេះ ត្រូវបានកំណត់ឡើងដោយអង្គការ International Hydrography ដែលសមុទ្រនេះបានលាតសន្ធឹងពីទិសនិរតីរហូតដល់ទិសឦសាន្ត ដោយមានព្រំប្រទល់ភាគខាងត្បូង គឺ៣អង្សារក្នុងរយៈទទឹងខាងត្បូងរវាងចន្លោះ Sumatra ខាងត្បូង និង Kalimantan (ឈូងសមុទ្រ Karimata ) និងព្រំដែនខាងជើងរបស់វា គឺជាប់ឈូងសមុទ្រតៃវ៉ាន់ ដោយចាប់ពីទិសខាងជើងតៃវ៉ាន់រត់រហូតដល់ឈូងសមុទ្រភូគៀនរបស់ចិនប្រជាមានិត!។ ដោយឡែកឈូងសមុទ្រថៃ (Gulf Of Thailand ) ក៏មានមួយចំណែកបានស្ថិតនៅក្នុងភាគខាងលិច របស់សមុទ្រចិនខាងត្បូងផងដែរ!។
ជារួម ប្រទេសទាំងអស់ដែលស្ថិតនៅជាប់ ឬជុំវិញតំបន់សមុទ្រចិនខាងត្បូងនេះ បានហៅសមុទ្រចិនខាងត្បូងនេះ ទៅតាមការឱ្យនិយមន័យ ដោយការហៅនេះ អនុលោមទៅតាមអធិបតេយ្យភាព ប្រវត្តិសាស្ត្ររបស់ពួកគេមកលើសិទ្ធិអធិបតេយ្យលើតំបន់សមុទ្រនេះ!។
ក្នុងបរិបទមួយនេះ ទើបក្នុងប្រវត្តិសាស្រ្តនៃភូមិសាស្រ្តនយោបាយដ៏យូរលង់មកហើយ ចិនបានហៅតំបន់សមុទ្រចិនខាងត្បូងនេះថា ជាសមុទ្រខាងត្បូង(South Sea) បើហ្វីលីពីនវិញ បានហៅតំបន់សមុទ្រនេះថា ជាសមុទ្រLuzon ដែលការហៅនេះដោយLuzon ជាកោះមួយដ៏ធំរបស់ហ្វីលីពីនបានស្ថិតនៅក្នុងតំបន់សមុទ្រនេះ។ តែក្រោយមក ចាប់តាំងពីមានការវិវាទជាចរិតអន្តរជាតិទាក់ទងដល់អត្ថប្រយោជន៍ អធិបតេយ្យភាពនាម្ដុំនេះមក ហ្វីលីពីនក៏បានប្រកាសជាផ្លូវការដោយ ប្ដូរឈ្មោះសមុទ្រLuzon នេះទៅជា West Philippines Sea ទៅ!។ ចំពោះវៀតណាមវិញ បានហៅ តំបន់សមុទ្រនេះថា ជាសមុទ្រខាងកើត (East Sea ឬ Bien Dong )ដោយសណ្ឋានដែនដីភូមិសាស្រ្តរបស់វៀតណាម គឺបានបែរទៅរកសមុទ្រមួយនេះក្នុងទិសខាងកើត! ដោយឡែកចំពោះបារាំងដែលធ្លាប់ធ្វើជាមេអាណានិគមត្រួតត្រាមកលើតំបន់នេះ ទើបបារាំងបានហៅតំបន់សមុទ្រនេះថា Archipel des ile Spratly ចំពោះជប៉ុនវិញបានហៅប្រជុំកោះទាំងនេះថា Shinan Guto ។ ទន្ទឹមនេះ បើយោងទៅតាមឯកសារបុរាណស្ដីពីដំណើរនាវាចរណ៍របស់ ពួកPortugal នាសតវត្សរ៍ទី១៥នោះ នៅមានឈ្មោះមួយទៀតដែលពួកនាវិកទាំងនេះបានហៅនោះ គឺសមុទ្រចម្ប៉ា (Sea of Champa)។ ពិសេសជាងនេះទៅទៀត គឺក្នុងសម័យកាលដែលពួក ម៉ុងហ្គោលីធ្វើការត្រួតត្រាមកលើប្រទេសចិននាសតវត្សរ៍ទី១២នោះ ក៏មានប្រេសិតជីតាក្វាន់ បានធ្វើដំណើរមកទឹកដីចេនឡានាឆ្នាំ១២៩៥ ហើយក៏បានស្នាក់នៅនគរចេនឡានេះរហូតដល់ឆ្នាំ១២៩៧ទើបលោកវិលត្រឡប់ទៅស្រុកចិនវិញ។ យោងតាមសំណេរប្រវត្តិសាស្រ្តរបស់លោក ជីតាក្វាន់ គឺដំណើររបស់ក្រុមលោកបានចូលមកកាន់ទឹកដីចម្ប៉ាមុន ដែលការធ្វើដំណើរនេះមានមធ្យោបាយជាសំប៉ានឆ្លងកាត់កោះ Paracel ចូលមកទឹកដីចម្ប៉ា ក្រោយពីចូលចម្ប៉ាក្រុមរបស់លោកធ្វើដំណើរលើតំបន់សមុទ្រចិនខាងត្បូងមកកាន់ទឹកដីចេនឡា រួចបន្តដំណើរទៅដល់អង្គរតាមបណ្ដោយដងទន្លេមេគង្គ កាត់ទន្លេសាបទៅដល់ភ្នំក្រោម រួចទៅដល់តំបន់អង្គរតែម្ដងទៅ!។
តាមការវិភាគរបស់ពួកអ្នកបុរាណវិទ្យា គឺលោកជីតាក្វាន់ បានធ្វើដំណើរមកដល់ ចន្លោះព្រំប្រទល់រវាងដែនដីចម្ប៉ា និងដែនដីចេនឡា ដែលដើមឡើយជាតំបន់របស់ខេត្តសួគ៌ាកម្ពុជាក្រោម ដែលបច្ចុប្បន្ននេះជាម្ដុំខេត្ត Ba Ria របស់វៀតណាម។ ចេញពីខេត្តសួគ៌ា ក្រុមលោកបានបន្តដំណើរតាមសំប៉ានចេញទៅម្ដុំកោះត្រឡាច ហើយចុះមកដែនដីកម្ពុជាក្រោម -ចេនឡាទឹកលិច មកដល់ត្រង់ដៃទន្លេទី៤របស់ទន្លេមេគង្គ រួចបានទៅដល់ម្ដុំចតុមុខ(មុខព្រះបរមរាជវាំងបច្ចុប្បន្ន) ។ ហើយតាមការសិក្សានេះ ក្រុមលោកជីតាក្វាន់បានទុកសំប៉ានចោលនៅម្ដុំចតុមុខ មុខវាំង រួចប្រើប្រាស់ទូកវិញធ្វើដំណើរឡើងទៅទន្លេសាបនិងទៅកាន់អង្គរទៅ! ដោយការធ្វើដំណើរទាំងនេះបានចំណាយពេលទាំងអស់ប្រមាណជាង៣សប្ដាហ៍!។
សមុទ្រចិនខាងត្បូង គឺជាតំបន់សមុទ្រដែលសម្បូរទៅសម្បត្តិធម្មជាតិ ហើយក៏ជាតំបន់វិវាទមួយប្រកបទៅដោយការប្រកួតប្រជែង ដណ្ដើមផលប្រយោជន៍ និងក៏ជាចំណុចមួយដ៏ក្ដៅបំផុតសម្រាប់សតវត្សរ៍ទី២១នេះ!។
សង្រ្គាមត្រជាក់លើកទី១ បានចប់ សង្រ្គាមត្រជាក់លើកទី២ ចាប់កកើតមានជារូបរាង គូបដិបក្ខទម្ងន់យក្សនៅដដែលតែខុសនឹង២០ឆ្នាំមុន របបនយោបាយសង្គម និងលទ្ធិជាតិនិយមរៀងៗខ្លួន មានជីវិតរស់នៅគ្រប់ប្រទេស! ស្របពេលដែលនិិន្នាការតំបន់(Regionalization) និងទំនោរសាកលភាវូបនីយកម្ម (Globalization)បាននិងកំពុងត្រូវបានជំរុញស្របទៅតាមផលប្រយោជន៍របស់អ្នកខ្លាំង! ក្នុងពេលដែលសហរដ្ឋអាមេរិកនៅតែជាមហាអំណាចផុតលេខ (Super Of Superpower)នោះ!។
ដើម្បីបន្តកេងចំណេញនយោបាយ បម្រើឱ្យផលប្រយោជន៍យុទ្ធសាស្រ្តសេដ្ឋកិច្ចនោះ ពួកឈ្មួញសង្រ្គាម (Warmongers) បន្ទាប់ពីធ្វើឱ្យមានភាពវឹកវរ ចលាចលនៅមជ្ឈឹមបូព៌ា ភាពប្រឈមស៊ីសាច់ហុតឈាមនៅអាស៊ីខាងត្បូង ការតានតឹងលើឧបទ្វីបកូរ៉េ ឧទ្ទវហេតុនៅតំបន់សមុទ្រលឿង និងការដុតកកូរឱ្យមានបញ្ហានៅក្នុងប្រទេសភូមាមក ក៏ស្រាប់តែមានព្យុះសង្ឃរានយោបាយលើតំបន់សមុទ្រចិនខាងត្បូងក្រោមលេសបញ្ហាតៃវ៉ាន់ស្អីគេនោះ នាំឱ្យមានការតានតឹងថ្មី។ អធិករណ៍ដែលជាចំណាប់ខ្មាំងប្រវត្តិសាស្រ្ត ត្រូវបានអ្នកនយោបាយម្នាក់ឱ្យឈ្មោះថា បញ្ហាសមុទ្រចិនខាងត្បូង គឺជាបញ្ហា Palestine របស់អាស៊ី ជារឿងព្រេងនិទាន ១០០១យប់ ព្រោះបញ្ហានេះបានបន្តអូសបន្លាយ ហែកតំបន់អាស៊ីមួយនេះទៅជាច្រើនបំណែក ដោយអត្ថប្រយោជន៍ ដ៏សាវន្តរបស់ជាតិ សុទ្ធតែមានការខុសផ្សេងពីគ្នាទាំងអស់!។
សង្រ្គាមត្រជាក់ នៅក្នុងបញ្ហាសមុទ្រចិនខាងត្បូង ក្នុងជាង១ទសវត្សរ៍ កន្លងមក បានក្លាយទៅជាមុខទំនិញដែលមានតម្លៃធ្វើឱ្យពួកប្រទេសដែលមានការពាក់ព័ន្ធ ក៏ដូចជាពួកប្រទេសដែលពុំមានការពាក់ព័ន្ធ ទៅរួមគ្នាធ្វើការទិញដូរ តថ្លៃក្នុងផលប្រយោជន៍យុទ្ធសាស្រ្តរៀងៗខ្លួនទៅវិញ!។
វៀតណាម លេងសន្លឹកបៀរអំណាចខាងក្រៅតំបន់!៖
នៅចំពោះមុខព្យុះសង្ឃរានៃសម្ពាធយ៉ាងខ្លាំងក្លាដូច្នោះ វៀតណាមពុំមានលទ្ធភាពតទល់ក្រៅពីការសម្របសម្រួលជាយុទ្ធសាស្រ្តក្នុងការអូសទាញ “កម្លាំងខាងក្រៅតំបន់” ឱ្យចូលរួមក្នុងសំណុំរឿងសមុទ្រចិនខាងត្បូង ចែកផលប្រយោជន៍ដោយឆ្លងតាមរយៈការធ្វើអន្តរជាតូបនីយកម្ម និងពហុភាគីមកលើSouth China Sea!។
មានការគិតគូរជាមុន នៅពេលដែលវៀតណាម បានសម្រេចឱ្យឥណ្ឌា មានសិទ្ធិប្រើប្រាស់កំពង់ផែ Nha Trang ដែលផែនេះស្ថិតនៅជិតកំពង់ផែ Cam Ranh ក៏ជាទីតាំងដែលស្ថិតស្របក្នុងខ្សែ Longtitude ទៅនឹងកំពង់ផែ Hai Nam របស់ចិននោះ។ ការប្ដេជ្ញាសហការរបស់វៀតណាមជាមួយឥណ្ឌាក្នុងវិស័យប្រេង ត្រូវបានមជ្ឈដ្ឋានអ្នកវិភាគនយោបាយតំបន់វាយតម្លៃថា វៀតណាមកំពុងស្វែងរកតុល្យភាពកម្លាំងមួយបំពេញសមតាទៅនិងអានុភាពរបស់ចិន ក្នុងពេលដែលឥណ្ឌាបានប្ដេជ្ញាអនុវត្តន៍នូវគោលនយោបាយ “ឆ្ពោះទៅទិសខាងកើត- Look East” របស់ខ្លួនមកកាន់តំបន់មួយនេះស្របពេលដែលចិននិងឥណ្ឌានៅមានបញ្ហាវិវាទគ្នាលើបញ្ហាខ្សែបន្ទាត់ព្រំដែន ការមិនចុះសម្រុងគ្នាលើបញ្ហាប៉ាគីស្ថាន បញ្ហាKashmir រួមទាំងបញ្ហាអាហ្គានីស្ថានផង!។
ការស្វែងរកកម្លាំងសមតា ដើម្បីធ្វើជាតុល្យភាពកម្លាំងនោះបើសហការជាមួយអាមេរិកមុននេះ ពួកអ្នកកាន់អំណាចរបស់វៀតណាម ហាក់បីដូចជាមិនទាន់ទុកចិត្ត ជឿជាក់មកលើភាពស្មោះត្រង់របស់បងធំ “Uncle Sam” ដោយឡែកអាមេរិកវិញក៏មិនពេញចិត្តទៅនិងនយោបាយ “មុខពីរ-Double faces” របស់វៀតណាមផងដែរ ម្យ៉ាងវិញទៀតដែលបច្ចុប្បន្ននេះ បញ្ហាសិទ្ធិមនុស្ស សេរីភាពសាសនា បញ្ហាជនជាតិនៅតែជាឧបសគ្គចម្បងក្នុងទំនាក់ទំនងរវាងក្រុង Washington ជាមួយ Hanoi ដដែលនោះ!។
ទោះបីជាស្ថិតក្នុងកាលៈទេសៈណាមួយក៏ដោយ ក៏វៀតណាមមិនបោះបង់ចោលអំណាចអធិបតេយ្យលើសមុទ្រចិនខាងត្បូងឡើយ! ហើយប្រការដែលវៀតណាមបង្កើនទំនាក់ទំនងនិងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយពួកប្រទេសមហាយក្សខាងក្រៅតំបន់ គឺជាជំហានវិវត្តន៍ថ្មីក្នុងឥរិយាបថ Natural Manner សំដៅការពារផលប្រយោជន៍សួនតួររបស់ខ្លួន!។
ប្រការដែលឥណ្ឌា ត្រូវបានយកមកប្រើប្រាស់ ធ្វើជាតុល្យករ ក្នុងការទប់ទល់ជាមួយចិនក្នុងយុទ្ធសាស្រ្តរបស់វៀតណាម ត្រូវរង់ចាំមើលពេលវេលាសិន ព្រោះឥណ្ឌានៅឥតទាន់គ្រប់់គីឡូនៅឡើយ! តែនេះគ្រាន់តែជាសារមួយផ្ញើរទៅចិនថា សមុទ្រចិនខាងត្បូងមិនងាយលេបត្របាក់ដូចការគិតរបស់ចិននោះទេ!។
ការបើកកំពង់ផែ Cam Ranh ឡើងវិញគឺជាការគិតគូរយុទ្ធសាស្រ្ត មួយក្នុងការឆ្ពោះទៅកាន់កាប់សមុទ្រចិនខាងត្បូង ក្រោមផ្លាករកស៊ីពាណិជ្ជកម្ម!៖
Cam Ranh ជាកំពង់ផែដែលនិមិត្តរូបឱ្យវត្តមានជាយោធា ដែលធ្លាប់តែមានមុខជាប្រចាំនៅទីនេះ!។ ក្នុងសម័យសង្រ្គាមនៅឥណ្ឌូចិនលើកទី២ Cam Ranh ជាមូលដ្ឋានយោធាយុទ្ធសាស្រ្តរបស់អាមេរិកដល់ក្រោយឆ្នាំ១៩៧៥ Cam Ranh បានប្រែក្លាយទៅជាមូលដ្ឋានយោធាជើងទឹកមួយដ៏ធំបំផុតនៅក្រៅប្រទេសរបស់សហភាពសូវៀត ហើយជនជាតិរុស្ស៊ីក្រោយមកបានបោះទីតាំងយោធានៅ Cam Ranh នេះរហូតដល់ឆ្នាំ២០០២ទើបបានដកចេញអស់ទៅ!។
គិតរហូតមកដល់ថ្ងៃនេះអាចនិយាយបានថា វៀតណាមទទួលបានជោគជ័យក្នុងការធ្វើអន្តរជាតូបនីយកម្មមកលើសមុទ្រចិនខាងត្បូង! ព្រោះយ៉ាងហោចណាស់ចាប់តាំងពីមាន Engagement របស់អាមេរិក ចូលមកលើសំណុំរឿង សមុទ្រចិនខាងត្បូង មក គឺវៀតណាម មានភាពមុះមុតក្នុងការលើកឡើង យ៉ាងចំហរ និងធ្វើឱ្យបញ្ហាសមុទ្រចិនខាងត្បូងនេះ ក្លាយទៅជាបញ្ហារបស់តំបន់និងពិភពលោករួមគ្នាយកចិត្តទុកដាក់នោះ។
ជាការប្រាកដនិយម គឺវៀតណាមជោគជ័យ ក្នុងការធ្វើឱ្យសមុទ្រចិនខាងត្បូង ប្រែក្លាយទៅជាបញ្ហាអន្តរជាតូបនីយកម្ម ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លាពីមហាអំណាចអាមេរិក និងប្រទេសក្រៅតំបន់ជាច្រើន។ តែជាផលវិបាកវិញ ការដើរខិតជិតអាមេរិកជាយថាហេតុបានជះឥទ្ធិពលយ៉ាងអវិជ្ជមានមកលើអនាគតនៃស្ថិរភាពនៅក្នុងប្រទេសវៀតណាម ដែលផ្ទៃក្នុងនៅមានបញ្ហាច្រើនបាននិងកំពុងលេចធ្លោជាចំណុចបច្ចុប្បន្នភាពគួរឱ្យចាប់អារម្មណ៍ផងដែរ!។
យក Cam Ranh ធ្វើជានុយនយោបាយ៖
ក្នុងប៉ុន្មានឆ្នាំមុន ការសម្រេចបើកកំពង់ផែ Cam Ranh ឱ្យនាវាបរទេសចូលឈប់សំចតឡើងវិញ និងការស្ថាបនាកំពង់ផែនេះឡើងវិញឱ្យទៅជាមជ្ឈមណ្ឌលសេវាកម្មចម្រុះ ស្របពេលដែលវៀតណាមកំពុងតទល់ជាមួយចិនលើសមុទ្រចិនខាងត្បូង! អាចជាការគិតគូរយុទ្ធសាស្រ្តមួយថ្មីក្នុងការខិតខំប្រឹងប្រែងធ្វើយ៉ាងណាកំហិតបាននូវការគំរាមកំហែងក្នុងកម្រិតណាមួយពីចិន មកលើប្រទេសខ្លួន!។
បើពិនិត្យមើលក្នុងទិដ្ឋភាពសាកលភាវូបនីយកម្មនិងផលប្រយោជន៍សេដ្ឋកិច្ចវិញ គឺការអនុញ្ញាតឱ្យនាវាបរទេស រួមទាំងនាវាចម្បាំងបរទេសចេញចូលកំពង់ផែCam Ranh គឺជាសិទ្ធិរបស់វៀតណាម ជាកិច្ចការផ្ទៃក្នុងរបស់វៀតណាមសុទ្ធសាធ! តែបើតាមការវិភាគរបស់ពួកអ្នកយុទ្ធសាស្រ្តវិញ ការសម្រេចនេះគឺជាសង្រ្គាមខួរក្បាល(War of Nerves) ជាការគិតគូរមួយមានចរិតយុទ្ធសាស្រ្តខ្ពស់ ធ្វើដូចជាពាណិជ្ជកម្ម តែការរកស៊ីនេះបានស្ថិតនៅក្រោមផ្លាកគោលដៅតែមួយគត់ គឺឆ្ពោះទៅចក្ខុវិស័យយូរអង្វែង គឺដើម្បីគ្រប់គ្រងសមុទ្រចិនខាងត្បូងឱ្យបាន!
Cam Ranh ពុំមែនជាមូលដ្ឋានយោធាបរទេស គឺគ្រាន់តែសម្រាប់ផ្ដល់ជូនបរទេសមកជួលធ្វើជាកន្លែង ឬមូលដ្ឋានសម្រាប់ការផ្គត់ផ្គង់ភស្តុភា និងសម្រាប់សេវាកម្មបច្ចេកទេសតែប៉ុណ្ណោះ!។ ដូច្នោះមានកត្តាយុទ្ធសាស្រ្តក្នុងការសម្រេចបើកឱ្យដំណើរការកំពង់ផែ Cam Ranhឡើងវិញ គឺជាការគិតគូរ ថ្លឹងថ្លែងមួយយ៉ាងជ្រាលជ្រៅពាក់ព័ន្ធដល់ទាំងកត្តាសន្តិសុខជាតិ កត្តាបរិយាកាសអន្តរជាតិ ហើយក៏អាចមានការចូលរួមពិគ្រោះយោបល់ពីបណ្ដាមហាអំណាចខាងក្រៅតំបន់ទៀតផង!។
វៀតណាមសម្រេចចែករំលែកកំពង់ផែCam Ranhនេះ ក្នុងគោលដៅដើម្បីជាការទប់ទល់ រារាំងដល់ដំណើរវាតទីរបស់ចិននៅលើសមុទ្រចិនខាងត្បូងជាការប្រាកដនិយមមែន!។ ការសម្រេចអនុញ្ញាតឱ្យមាននាវាបរទេសចេញចូលកំពង់ផែCam Ranh ជាជំហានមួយទៀតក្នុងការធ្វើអន្តរជាតូបនីយកម្មមកលើសមុទ្រចិនខាងត្បូង ជាការបន្តជំរុញបញ្ហាសមុទ្រចិនខាងត្បូងឱ្យកាន់តែចូលជ្រៅទៅក្នុងដំណោះស្រាយការទូតជាពហុភាគី ដោយមានចេតនាមិនចង់ធ្វើ Bilateral dialogue ជាមួយចិនសោះឡើយ!។
ការចែករំលែកកំពង់ផែ Cam Ranh ជាអំណាចឯកសិទ្ធិស្វ័យការពារថ្មីរបស់អ្នកកាន់អំណាចវៀតណាមប្រឆាំងទៅនឹឹងសកម្មភាពរបស់ចិនលើសមុទ្រចិនខាងត្បូង។ ភ្ញៀវបរទេសដែលចេញចូលCam Ranh ហើយត្រូវបានស្វាគមន៍យ៉ាងកក់ក្ដៅនោះ គឺបណ្ដាកងនាវាចរណ៍មកពី អាមេរិក ឥណ្ឌា ជប៉ុន រុស្ស៊ី ដែលសុទ្ធតែភ្ញៀវពិសេសមានចរិតបដិបក្ខផលប្រយោជន៍ទៅនឹងចិនទាំងអស់ក្នុងតំបន់នេះ!។ ការប្រកាសពង្រឹងកិច្ចសហប្រតិបត្តិការយោធានាពេលថ្មីៗនេះរបស់វៀតណាមជាមួយពួកមហាអំណាចលើពិភពលោក ជាឥរិយាបថក្នុងនយោបាយថ្មីទៀតនៃយុទ្ធសាស្រ្តចម្រុះរួមទាំងការងារការទូត សកម្មភាពយោធាប្រឆាំងទៅនឹងចិនលើសមុទ្រចិនខាងត្បូង!។ ក្នុងផលប្រយោជន៍ដូចគ្នា Cam Ranh ក្នុងអនាគតអាចនឹងក្លាយទៅជាចំណុចស្នូលដែលគេទាំងឡាយយកមកធ្វើការ វះកាត់ ចរចានិងសម្របសម្រួល ដោយCam Ranh ទាក់ទងទៅដល់ផលប្រយោជន៍របស់បណ្ដាប្រទេសមហាអំណាចនៅក្នុងតំបន់នេះ!។
Cam Ranh ត្រូវបានចាត់ទុកជាកំពង់ផែយោធាប្រកបទៅដោយយុទ្ធសាស្រ្តមួយដ៏ធំនៅក្នុងតំបន់ ដោយភូមិសាស្រ្ត Cam Ranh មានវិសាលភាពភាពធំ ទឹកជ្រៅ មានជួរភ្នំបាំងពីក្រោយ ស្ថិតនៅជិតផ្លូវនាវាចរណ៍មានចរិតយុទ្ធសាស្រ្តអន្តរជាតិ និងស្ថិតនៅជិតម្ដុំប្រជុំកោះ Spratly និង Paracel ។ Cam Ranh នេះធ្លាប់ត្រូវបានសូវៀតប្រើប្រាស់និងប្រែក្លាយទៅជាទីកន្លែងសម្រាប់ការជ្រកកោនដល់នាវាចម្បាំងទាំងឡាយរបស់សូវៀត រួមទាំងការការពារនិងការលាក់កំបាំងនូវកងនាវាចម្បាំងនិងនាវាមុជទឹកផង! ហើយសូវៀតក៏ធ្លាប់បានកសាងនៅCam Ranh នេះទៅជាមជ្ឈមណ្ឌលលួចស្ដាប់ព័ត៌មានសម្ងាត់(Interception Center)នៅទីនេះផងដែរ។ Cam Ranh គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់កងទ័ពជើងទឹក ដែលមានគុណប្រយោជន៍ក្នុងការAttraction បំផុតក្នុងករណីបើមានកិច្ចសហប្រតិបត្តិការក្នុងវិស័យកងទ័ពជើងទឹក សំដៅបង្កើនកម្លាំងចម្រុះទប់ទល់ ប្រឆាំងទៅនឹងអនុភាពវាតទីយោធារបស់មហាយក្សចិននៅក្នុងតំបន់!។
សារសំខាន់នៃយុទ្ធសាស្រ្តរបស់កំពង់ផែCam Ranh នេះគឺស្ថិតនៅត្រង់ចំណុចភូមិសាស្រ្ត យុទ្ធសាស្រ្ត ដោយCam Ranh នេះឆ្ងាយពីផ្លូវនាវាចរណ៍អន្តរជាតិប្រមាណ១ម៉ោង ដែលក្នុងពេលនោះពីកំពង់ផែ Hai Phong មកដល់ចំណុចនេះ ត្រូវធ្វើដំណើរបាត់អស់ប្រមាណ១៨ម៉ោងបើតាមនាវានោះ!។ Cam Ranh ជាកំពង់ផែដែលមានកម្រិតទឹកជ្រៅជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។ ជារួមឈូងសមុទ្រCam Ranh មានជម្រៅទឹកពី១៨ទៅ៣២ម៉ែត្រ មានបាតសមុទ្ររាបស្មើ ដែលជាភាពងាយស្រួលក្នុងការបោះយុថ្កា ហើយនាវាដែលមានទម្ងន់ផ្ទុកជាង៣ម៉ឺនតោន អាចចូលទៅឈប់សំចតបាននៅក្នុងពេលវេលា ពិសេសជាងនេះឈូងសមុទ្រCam Ranh នេះមានលទ្ធភាពទទួលកងនាវា (Fleet) រួមមានទាំងនាវាចម្បាំង នាវាមុជទឹក និងនាវាពិឃាតចូលសំចតសម្រាក ក្នុងពេលតែមួយយ៉ាងច្រើនគ្រឿងដោយសុវត្ថិភាព!។
ការធ្វើឱ្យកំពង់ផែCam Ranhនេះប្រែក្លាយទៅជាទីកន្លែងយុទ្ធសាស្រ្ត គឺស្ថិតនៅក្នុងគោលគំនិតដើម្បីស្រូបយកកម្លាំងបរទេសឱ្យចូលមកកាន់ទីនេះ ដើម្បីជាតុល្យភាពកម្លាំងក្នុងការទប់ទល់ និងក្នុងការកំហិតដល់អំណាចដ៏មហិមារបស់កងទ័ពជើងទឹកចិននៅលើសមុទ្រចិនខាងត្បូង ក្នុងកម្រិតណាមួយនោះនាពេលអនាគត!។
ការបើក Cam Ranhឡើងវិញ ព្រមទាំងការអនុញ្ញាតឱ្យកងកម្លាំងជើងទឹកបរទេសចូលគឺជា “ក្បាច់គុន”មួយដ៏ខ្ពស់បំផុតក្នុងនយោបាយការទូត “ពហុភាគី” របស់វៀតណាម ក្នុងជំហានទី២បន្ទាប់ពីបានខិតខំប្រឹងប្រែងប្រែក្លាយបញ្ហាវិវាទលើប្រជុំកោះSpratly ក្នុងតំបន់សមុទ្រចិនខាងត្បូងទៅជាបញ្ហាអន្តរជាតូបនីយកម្ម ព្រោះការសម្រេចនេះ ក៏បានធ្វើឱ្យមតិសាធារណៈអន្តរជាតិយកចិត្តទុកដាក់មកលើតំបន់នេះថែមទៀត រួមទាំងវត្តមានជាអចិន្ត្រៃយ៍របស់កងនាវាបរទេស មានមុខជាប្រចាំនៅទីនេះ ដែលជាយថាហេតុដូចជារបៀបរក្សាឱ្យមានកងកម្លាំងប៉ូលិសអន្តរជាតិមួយក្រុមយាមប្រចាំការ ឃ្លាំមើលនូវរាល់សកម្មភាពយោធារបស់ចិនជាប្រចាំនៅក្នុងតំបន់មួយនេះ។
អត្ថន័យសំខាន់ដំបូង របស់វៀតណាម ក្នុងការសម្រេច ទាក់ទងដល់កំពង់ផែ Cam Ranh នេះដំបូងឡើយមានចរិតភូមិសាស្រ្ត យុទ្ធសាស្រ្ត បន្ទាប់មក ទើបផលប្រយោជន៍សេដ្ឋកិច្ច ជាជំហានដើរតាមក្រោយ!។ មានលទ្ធភាពត្រៀមជាមុន ដែលកងទ័ពអាមេរិកអាចនឹងវិលមកប្រើប្រាស់កំពង់ផែ Cam Ranh នេះ ដោយអាចយកធ្វើជាទីកន្លែងផ្គត់ផ្គង់ភស្តុភា ជួសជុល និងការឈប់សំចតសម្រាប់កងនាវា(Fleet)ទាំងមូល ពេលដែលកងទ័ពជើងទឹករបស់អាមេរិកធ្វើដំណើរទៅមក ឆ្លងកាត់សមុទ្រនេះទៅកាន់តំបន់សមុទ្រមួយទៀត!។
ការវិលមករបស់អាមេរិកនៅCam Ranhក៏នៅមានសម្មតិកម្មច្រើនដោយមានអ្នកយុទ្ធសាស្រ្តយោធាខ្លះបានលើកឡើងនូវហេតុផលមួយចំនួន ដែលមិនអាចកើតមានឡើងចំពោះអាមេរិកនៅវៀតណាមបានដោយអាមេរិកប្រហែលជានឹងមិនទទួលយកឬកសាងមូលដ្ឋានយោធាអចិន្ត្រៃយ៍ណាមួយនៅវៀតណាមទេ ព្រោះទីមួយ៖ វៀតណាមនិងមានការថ្លឹងថ្លែងបំផុតក្នុងការអនុញ្ញាតឱ្យអាមេរិកបោះទីតាំងយោធា ព្រោះនេះជាការចេញមុខប្រឆាំងចិនដោយចំហរដែលនេះជាហានិភ័យខ្ពស់បំផុត ទីពីរ៖បើមានការកសាងមូលដ្ឋានអចិន្ត្រៃយ៍យ៉ាងដូច្នោះ គឺមានការបង់ខាតច្រើនដោយត្រូវធ្វើMaintenance ជាប្រចាំ ហើយអាមេរិកក៏មិនចង់ចំណាយលុយដ៏ច្រើនមកលើហេតុផលទាំងនេះ ទីបី៖បើមានមូលដ្ឋានយោធាអចិន្ត្រៃយ៍យ៉ាងនេះ វាមានភាពងាយស្រួលក្នុងការជាគោលដៅសម្រាប់ការវាយប្រហារដោយកាំជ្រួចរយៈឆ្ងាយ ឬពីយន្តហោះក្នុងសម័យវិទ្យាសាស្រ្តដ៏ទំនើបយ៉ាងនេះ!
អានុភាពដ៏មហិមារបស់ ចិនប្រជាមានិត បានធ្វើឱ្យមានការផ្លាស់ប្ដូរ ប្រែប្រួលនូវតុល្យភាពកម្លាំងយោធានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក! ដែលហេតុការណ៍នេះបានធ្វើឱ្យពួកប្រទេសភូមិផងក្នុងតំបន់ ពួកប្រទេសសម្ព័ន្ធមិត្តរបស់អាមេរិកដូចជា ជប៉ុន អូស្រ្តាលី ឥណ្ឌា កូរ៉េខាងត្បូង រួមទាំងរុស្ស៊ីផង មានការភ្ញាក់ផ្អើលទៅនឹងអនាគតភាពថា តើសភាពការណ៍ទាំងនេះនឹងវិវត្តន៍ទៅជាយ៉ាងណានោះ!។
ក្នុងបរិបទនៃស្ថានភាពមួយយ៉ាងនេះ ទើបពួកអ្នកវិភាគនយោបាយនៅក្នុងតំបន់បានធ្វើសេចក្ដីសន្និដ្ឋានថា មកពីមានអំណាចយោធាយ៉ាងលើសលប់ គ្របដណ្ដប់របស់ចិនមកលើតំបន់ភាគខាងលិចប៉ាស៊ីហ្វិក និងតំបន់សមុទ្រចិនខាងត្បូងយ៉ាងដូច្នោះ បានធ្វើឱ្យវៀតណាម មានការបារម្ភយ៉ាងជ្រាលជ្រៅ ដែលនេះជាចលករមួយដ៏គន្លឹះក្នុងការជំរុញឱ្យវៀតណាម រត់ទៅស្វែងរកឆត្រសន្តិសុខ ទាំងរបស់អាមេរិក រុស្ស៊ី ល-ល ក្នុងការបង្កើតទៅជាដៃគូយុទ្ធសាស្រ្ត ឬជាកិច្ចសហប្រតិបត្តិការលើផ្នែកយោធាជាមួយវៀតណាម ដែលនេះពុំមែនជាភាពចៃដន្យនោះ!។
ទាំងវៀតណាមទាំងហ្វីលីពីន កំពុងតែត្រូវបានយកចិត្តទុកដាក់ និងត្រូវបានមហាអំណាចខាងក្រៅតំបន់ប្រើប្រាស់ជាឧបករណ៍ ដោយជំរុញឱ្យប្រទេសទាំងពីរនេះកាន់តែជំពាក់វាក់វណ្ឌទៅនឹងអត្ថប្រយោជន៍សួនតួរ ដោយពួកនេះបានចងបញ្ហាអត្ថប្រយោជន៍សួនតួរនេះទៅនឹងបូរណភាពទឹកដី ដើម្បីជាភាពងាយស្រួលក្នុងការអូសបន្លាយទាញពួកមហាអំណាចខាងក្រៅតំបន់ចូលមកតាំងទីលំនៅសារជាថ្មីនៅអាស៊ីប៉ាស៊ីហ្វិក ធ្វើជាBarrier of Defense ក្នុងការរារាំង ទប់ស្កាត់នូវការងើបឡើងយ៉ាងខ្លាំងក្លារបស់ចិននៅទីនេះ ដោយសភាវៈ Natural Manners!។
ពុំមែនអាមេរិក តែរុស្ស៊ី ដែលជាការបារម្ភមួយរបស់ចិន នៅលើសមុទ្រចិនខាងត្បូង!៖
ការប្រែប្រួលជាយុទ្ធសាស្រ្ត របស់អាមេរិកនៅសមុទ្រចិនខាងត្បូង៖នៅខែកក្កដា ២០១០ លោកស្រី Hillary Clinton រដ្ឋមន្រ្តីការបរទេសបានប្រកាសដោយសង្កត់ធ្ងន់ថា ប្រទេសទាំងអស់ត្រូវប្រើប្រាស់វិធានការសន្តិភាពដើម្បីចូលរួមដោះស្រាយការវិវាទលើសមុទ្រចិនខាងត្បូង!។ ក្រោយពីមានការថ្លែងការណ៍មួយនេះមក ទាំងប្រធានាធិបតី ទាំងរដ្ឋមន្រ្តីការពារជាតិអាមេរិកបានឯកភាពទៅនឹងទស្សនទានមួយនេះ ហើយទស្សនៈនេះ ក៏បានក្លាយទៅជាគោលនយោបាយជា Roadmap ដែលអាមេរិកធ្វើការជ្រើសជ្រើសសម្រាប់ដំណោះស្រាយលើបញ្ហាវិវាទនៅសមុទ្រចិនខាងត្បូងសំដៅធានាសន្តិភាព និងសន្តិសុខនៅក្នុងតំបន់នេះ!។ ក្រោយមក អាមេរិក រុស្ស៊ី ជប៉ុន ឥណ្ឌា អូស្រ្តាលី និងប្រទេសដទៃផ្សេងទៀតបានសម្ដែងឥរិយាបថនយោបាយចំពោះសមុទ្រចិនខាងត្បូង មានចរិតស្របទៅតាមRoadmap មួយនេះ!។
ត្រូវទទួលស្គាល់ការពិតមួយថា ជាតថភាពឱ្យតែជាបញ្ហាពាក់ព័ន្ធទៅនឹងការវិវាទកោះ ដែនដី គឺសហរដ្ឋអាមេរិកនឹងពុំមានការសម្ដែងជំហរណាមួយឡើយ!។ នៅបណ្ដាទសវត្សរ៍ទី១៩៨០ អាមេរិកមានជំហរច្បាស់លាស់ និងមិនចូលរួមពាក់ព័ន្ធទៅនឹងអធិករណ៍ទាំងឡាយលើសមុទ្រចិនខាងត្បូង!។ ដល់ទសវត្សរ៍ទី១៩៩០ សហរដ្ឋអាមេរិកមានការរំពឹងថា ប្រទេសទាំងអស់និងប្រើប្រាស់វិធានការសន្តិភាព ដើម្បីដោះស្រាយបញ្ហាទាំងនោះដោយសន្តិវិធី!។
ដល់ពាក់កណ្ដាលទសវត្សរ៍ទី៩០ ចិនហាក់មានវិធានការក្ដៅមកលើការវិវាទពាក់ព័ន្ធដល់កោះមួយចំនួនជាមួយហ្វីលីពីន ហើយហ្វីលីពីនស្រាប់តែមានប្រតិកម្មខ្លាំង ពង្រឹងសាច់ដុំដាក់ចិនដែលហេតុការណ៍នេះស្រាប់តែបានអូសអាមេរិកចូលEngaged ផងដែរ ដោយប្រទេសពីរនេះមានកិច្ចព្រមព្រៀងការពារជាតិនឹងគ្នា! ពេលនោះ Joseph Nye ជាមន្រ្តីជាន់ខ្ពស់ក្នុងរដ្ឋការអាមេរិកបានថ្លែងការណ៍យ៉ាងតានតឹង ព្រមទាំងបានផ្ញើសារទៅកាន់ភាគីចិនថា សហរដ្ឋអាមេរិកលែងមានការអត់ធ្មត់ចំពោះសកម្មភាពរបស់ចិនលើសមុទ្រចិនខាងត្បូងបានទៀត!
ក្រោយពីការប្រកាសរបស់ Joseph Nye នាថ្ងៃទី៥ តុលា ១៩៩៥ នេះមក ចិនបានប្ដូរយុទ្ធសាស្រ្តធ្វើឱ្យភាគខាងត្បូង បានស្ថិរភាពនិងរក្សាភាគខាងជើង ឱ្យកាន់តែមានភាពរឹងមាំ លើសមុទ្រចិនខាងត្បូង មានន័យថា ប្ដូរនូវយុទ្ធវិធីក្នុងការធ្វើឱ្យមានភាពស្រុះស្រួលរក្សាបានស្ថិរភាពដដែលនៅលើប្រជុំកោះSpratlyទាំងអស់ រក្សាបានស្ថិរភាពទាំងអស់ចំពោះពួកប្រទេសអាស៊ាន ប្រមូលផ្ដុំកម្លាំងទាំងអស់រក្សាឱ្យបានកោះ Paracel និងឈូងសមុទ្រTonkin សំដៅធ្វើឱ្យមានការរំងាបដល់ភាពរឹងរូសពីភាគីពាក់ព័ន្ធទាំងឡាយ ដើម្បីចិនមានឱកាសរៀបក្ដារអុកឡើងវិញ!។
ជាការពិតនៅលើសមុទ្រចិនខាងត្បូង សហរដ្ឋអាមេរិកជាអ្នកមានមុខក្រោយគេ ព្រោះក្រៅពីពួកប្រទេសអាស៊ាន គឺអ្នកដែលលឿនជាងគេ និងមានមុខមុនគេនោះគឺរុស្ស៊ី ពុំមែនអាមេរិកឡើយ!។
នៅទសវត្សរ៍ទី៨០ សហភាពសូវៀត និងវៀតណាម បានរួមគ្នាបង្កើតក្រុមហ៊ុនរកស៊ីចម្រុះដោយសហការរួមគ្នារុករកប្រេង ដែលប្រេងមួយភាគធំបានមកជាប្រេងឆៅរបស់វៀតណាម។ យោងតាមស្ថិតិរបស់វៀតណាមឱ្យដឹងថា រុស្ស៊ីបច្ចុប្បន្នជាដៃគូដ៏ធំបំផុតក្នុងការសហការរកស៊ីប្រេងជាមួយវៀតណាម។ ក្រោយមក ទើបគេឃើញមានក្រុមហ៊ុនប្រេងមកពីលោកខាងលិចដូចជា Exxon BP ល-ល… ក៏ចាប់ផ្ដើមមានការបោះទុនរកស៊ីអំពីប្រេង ឧស្ម័នលើសមុទ្រចិនខាងត្បូងជាមួយវៀតណាមទៅ!។
តែកិច្ចសហការរកស៊ី រុស្ស៊ី-វៀតណាម មានអត្ថប្រយោជន៍ទាំងសន្តិសុខទាំងអត្ថប្រយោជន៍សេដ្ឋកិច្ច ហើយដោយមានផលប្រយោជន៍ធំនៅលើសមុទ្រចិនខាងត្បូង ទើបរុស្ស៊ីបានក្លាយទៅជាបង្អែកមួយដ៏ធំនិងដ៏រឹងមាំរបស់វៀតណាមលើសមុទ្រចិនខាងត្បូង! វៀតណាមបានចងសម្ព័ន្ធភាពជាមួយមហាអំណាចពិភពលោករុស្ស៊ីមួយនេះ រួចប្រែក្លាយយន្តការសហប្រតិបត្តិការនេះ ទៅជាសហគមន៍សេដ្ឋកិច្ច រួមមានផលប្រយោជន៍ទៅវិញទៅមក!។លើមូលដ្ឋានេះ ទើបគេឃើញក្នុងប៉ុន្មានឆ្នាំនេះ រុស្ស៊ី បានលក់ឱ្យវៀតណាម នូវសម្ភារយោធា យ៉ាងទំនើប ជាច្រើនសម្រាប់បម្រើឱ្ យផែនវិវាទលើសមុទ្រចិនខាងត្បូង ក្នុងលក្ខខណ្ឌអនុគ្រោះជាងការលក់យុទ្ធោបករណ៍របស់រុស្ស៊ីទៅឱ្យចិនផងដែរ!។
មានការគិតគូរជាយុទ្ធសាស្រ្ត ក្នុងបញ្ហាយូរអង្វែង ដោយរុស្ស៊ីនិងវៀតណាម ទើបវៀតណាម បានទិញពី រុស្ស៊ី យ៉ាងច្រើននូវប្រព័ន្ធ អាវុធទំនើប ដូចជានាវមុជទឹក Kilo 360 ចំនួន៦គ្រឿង យន្តហោះប្រតិកម្មSU-27 ចំនួន១៣គ្រឿង SU-30ចំនួន២០គ្រឿង និងកាំជ្រួចរ៉ាដាជាច្រើនគ្រឿង។ តាមព័ត៌មានរបស់ពួកយោធានិយម គឺអាវុធទាំងអស់នេះមានមុខងារទំនើបជាងអាវុធទាំងឡាយដែលរុស្ស៊ីបានលក់ឱ្យចិនមុននេះ! ជារួម នៅចុងឆ្នាំ២០១១រហូតដល់បណ្ដាឆ្នាំ២០១៥ អាវុធទាំងអស់បានមកដល់វៀតណាម កកើតទៅជាកម្លាំងសរុបមួយក្នុងការប្រយុទ្ធតទល់ និងការពារខ្លួនបាននៅលើសមុទ្រចិនខាងត្បូង។ ដោយឡែកនាវាមុជទឹកនឹងត្រូវបានប្រគល់ឱ្យវៀតណាមនៅចុងឆ្នាំនេះ ក្នុងពេលដែលរុស្ស៊ីបាននិងកំពុងស្ថាបនានាវាមុជទឹក ក៏ស្របពេលដែលវៀតណាមបណ្ដុះបណ្ដាលទាហានជើងទឹក ដែលបច្ចុប្បន្ននេះរុស្ស៊ីនិងឥណ្ឌាបានជួយហ្វឹកហ្វឺនវៀតណាមក្នុងវិស័យជើងទឹកនេះ!។ អាវុធខាងលើរបស់រុស្ស៊ីមានមុខងារមួយដ៏ធំក្នុងការគំរាមកំហែងមកលើពួកប្រទេសភូមិផងរួមទាំងចិនផង! សំដៅការពារសុវត្ថិភាពដល់ស្ថានីយខួងប្រេងរបស់វៀតណាមនៅលើសមុទ្រចិនខាងត្បូងផង!។
ជាភាពប្រាកដនិយមមួយបើពិនិត្យដោយឡែកអំពីទិដ្ឋភាពរួមរបស់សមុទ្រចិនខាងត្បូង គឺសហរដ្ឋអាមេរិកពុំមានផលប្រយោជន៍ជាយុទ្ធសាស្រ្តអ្វីធំដុំលើផ្នែកសន្តិសុខ និងសេដ្ឋកិច្ចនៅក្នុងតំបន់នេះទេ!។ ហើយមូលហេតុចម្បងដែលនាំឱ្យសហរដ្ឋអាមេរិកតែងតែគាំទ្រអាស៊ានប្រឆាំងចិននៅលើសមុទ្រចិនខាងត្បូងនោះ គឺក្នុងគោលបំណងបញ្ចៀសធ្វើកុំឱ្យមានការកើតឡើងនូវទោះបីជាឧទ្ទវហេតុណាមួយ បន្ទាប់ពីបានឃើញចិនបានងើបឡើងយ៉ាងខ្លាំងក្លា ហើយការរីកធំធាត់របស់ចិននេះក៏ជាភាព Challenging មួយទៅនឹងអំណាចវត្តមានរបស់អាមេរិកនៅក្នុងតំបន់ អាស៊ីប៉ាស៊ីហ្វិក នេះផងដែរ! ដូច្នោះបង្ខំឱ្យអាមេរិកត្រូវមានវិធានការបង្ការជាមុនក្នុងការរារាំង ទប់ស្កាត់ចិនឱ្យបានមុនពេលដែលចិនធ្វើដំណើរចុះមកតំបន់ភាគខាងត្បូង!តែក៏មានសម្មតិកម្មមួយនិយាយថា វិធានការរបស់អាមេរិកក៏ដើម្បីការពារសេរីភាពចរាចរណ៍ក្នុងការធ្វើដំណើរទៅមករបស់យន្តហោះនិងនាវាចម្បាំងទាំងឡាយរបស់អាមេរិកនៅចន្លោះសមុទ្រទាំងពីរប៉ាស៊ីហ្វិកនិងសមុទ្រឥណ្ឌា ព្រមទាំងជាការរក្សាឱ្យបានស្ថិរភាពលើសមុទ្រចិនខាងត្បូងផងដែរ!។
ម្យ៉ាងវិញទៀត នៅមានការខុសគ្នាក្នុងនយោបាយការបរទេសរបស់រុស្ស៊ីនិងអាមេរិកក្នុងការTreatment មកលើពួកប្រទេសដែលស្ថិតនៅជុំវិញសមុទ្រចិនខាងត្បូង ដោយអាចនិយាយបានថាប្រទេសទាំងពីរនេះ រុស្ស៊ីនិងអាមេរិក មានជំហរខុសគ្នាអំពីបញ្ហាសមុទ្រចិនខាងត្បូង ព្រោះវត្តមានអាមេរិក នៅសមុទ្រចិនខាងត្បូង គឺដើម្បីបង្កើនកិច្ចប្រឹងប្រែងចូលរួម និងគាំទ្រដល់សម្ព័ន្ធមិត្ត របស់ខ្លួនដូចជា ជប៉ុន អូស្រ្តាលី ផ្ដល់ការគាំទ្រជាស្មារតីដល់បណ្ដាប្រទេសអាស៊ាន ពិសេសគឺហ្វីលីពីន ធ្វើខ្លួនជារបាំងមួយកុំឱ្យចិនដើរហួសរបាំងមួយនេះក្នុងនយោបាយការទូត ក្នុងការកាត់បន្ថយភាពគំរាមកំហែងមកលើអាស៊ាន!។ ចំពោះរុស្ស៊ីវិញ បានផ្ដល់ការគាំទ្រជាប្រយោលចំពោះអាស៊ាន ក៏ប៉ុន្តែប្រមូលផ្ដុំការជួយវៀតណាមដោយផ្ទាល់និងពិតប្រាកដ។ ក្នុងចំណុចនេះ អាមេរិកនិងរុស្ស៊ីខុសគ្នាដោយរុស្ស៊ីមានចំណងយុទ្ធសាមគ្គីភាពជាប្រពៃណីយូរមកហើយជាមួយវៀតណាម។ ក្នុងសង្រ្គាមព្រំដែនរវាងវៀតណាមនិងចិនឆ្នាំ១៩៧៩ និងក្នុងសង្រ្គាមអស់រយៈពេលជាង១០ឆ្នាំក្នុងការដណ្ដើមកំពូលភ្នំមួយរវាងវៀតណាម-ចិននោះ គឺមហាអំណាចរុស្ស៊ីជាមិត្តតែមួយគត់ក្នុងការគាំទ្រវៀតណាមក្នុងបុព្វហេតុមួយនោះ!។ ដូច្នោះ សមុទ្រចិនខាងត្បូងប្រៀបដូចជាប្រភពរ៉ែមាស ហើយឆ្លងតាមរយៈកិច្ចសហប្រតិបត្តិការដ៏យូរអង្វែងមួយនេះជាមួយវៀតណាម កាន់តែធ្វើឱ្យរុស្ស៊ីរកស៊ីមានបានជុំវិញការរកស៊ីប្រេង ឧស្ម័ន និងលក់អាវុធឱ្យវៀតណាម។
នៅក្នុងបរិបទផលប្រយោជន៍ យុទ្ធសាស្រ្តមួយនេះ រុស្ស៊ី តែងតែលេងនយោបាយមុខពីរ ដោយជាមួយវៀតណាម រុស្ស៊ីបង្កើនកិច្ចសហការលើគ្រប់វិស័យពីការងារការទូតរហូតដល់សកម្មភាពសេដ្ឋកិច្ចរួមទាំងប្រើប្រាស់Actionsរបស់ខ្លួនដើម្បីបង្កើតទីតាំងឈរជើងជាបង្អែកឱ្យបានរឹងមាំសម្រាប់វៀតណាមពឹងពាក់! ចំពោះចិនវិញ គឺរុស្ស៊ីរក្សាឥរិយាបថដដែល លើផ្នែកការទូត គឺនិយាយល្អក៏ប៉ុន្តែពុំមានទោះបីActionsណាមួយក្នុងការជួយចិនឡើយ!។
ពួកអ្នកវិភាគយុទ្ធសាស្រ្ត បានធ្វើសេចក្ដីសន្និដ្ឋានថា បើផ្អែកមកលើនិន្នាការនៃដំណើរការវិវត្តន៍នៅលើសមុទ្រចិនខាងត្បូងបច្ចុប្បន្ន ក្នុងករណីបើមានការប្រទូសរាយជាអាវុធរវាងវៀតណាមនិងចិននៅលើតំបន់សមុទ្រនោះ គឺអាវុធទាំងអស់ដែលមានចរិតទំនើបដែលវៀតណាមយកមកប្រើប្រាស់គឺសុទ្ធតែអាវុធយុទ្ធភ័ណ្ឌដែលបានមកពីរុស្ស៊ីពុំមែនបានមកពីអាមេរិកឡើយ!។នៅក្នុងព្រឹត្តិការណ៍មួយនេះ អាមេរិកនឹងដើរតួជាប្រយោលក្នុងការគាំទ្រវៀតណាមលើផ្នែកការងារការទូត និងក្នុងការជួយរារាំង ទប់ស្កាត់ការគំរាមកំហែងពីចិនតែប៉ុណ្ណោះ។ ពាក់ព័ន្ធដល់បញ្ហានេះ ចិនបានយល់យ៉ាងច្បាស់អំពីគោលគំនិតរបស់អាមេរិកនិងរុស្ស៊ី ព្រោះរុស្ស៊ីទេដែលជាអ្នកមានផលប្រយោជន៍ពិតប្រាកដលើសមុទ្រចិនខាងត្បូង ហើយរុស្ស៊ីទេដែលមានមហិច្ឆតាក្នុងការចង់គ្របដណ្ដប់ត្រួតត្រាពីតំបន់សមុទ្រលឿងរត់ចុះរហូតមកដល់ប្រជុំកោះ Spratly នោះ! បើអាមេរិកវិញ សុំតែផ្លូវនាវាចរណ៍លើសមុទ្រចិនខាងត្បូងឱ្យកាន់តែសេរីនិងបើកចំហរតែប៉ុណ្ណោះ។
ក្នុងការវិវាទលើសមុទ្រចិនខាងត្បូង ចិនធ្លាប់បានសុំឱ្យប្រទេសទាំងអស់ឱ្យឈរឆ្ងាយនិងកុំលេងជាមួយភ្លើង!ថែមទាំងបានចំអកថា កុំថាឡើយរួមគ្នាគំរាមកំហែងចិននោះ សូម្បីតែបូកពួកប្រទេសអមិត្តទាំងអស់នេះទៅជាប្លុកមួយក៏គ្មានធ្វើអ្វីចិនបានឡើយ!
វៀតណាម មិនគប្បីលេងសន្លឹកបៀរអាមេរិក រុស្ស៊ី ក្នុងបញ្ហាសមុទ្រចិនខាងត្បូង និងការសន្យា “ខ្យល់”របស់ពួកមហាអំណាចនេះ!
ក្នុងបរិបទរបស់សភាពការណ៍តំបន់ ដ៏រសើបយ៉ាងនេះ អាចមានបច្ច័យ៤យ៉ាង ដែលធ្វើឱ្យអាមេរិក សម្រេចឈរនៅឆ្ងាយពីបញ្ហាវិវាទកម្ម លើសមុទ្រចិនខាងត្បូង នោះ ដោយ
ទី១៖ទោះបីជាមានសភាពការណ៍តានតឹងលើតំបន់សមុទ្រចិនខាងត្បូងយ៉ាងនេះក៏ដោយ ក៏សភាពការណ៍អាក្រក់មួយនេះ ពុំបានគំរាមកំហែងមកលើផលប្រយោជន៍ដោយផ្ទាល់របស់អាមេរិក
ទី២៖ចំណុចក្ដៅនៅលើសមុទ្រចិនខាងត្បូងនេះមានការយកចិត្តទុកដាក់ពីបណ្ដាមហាអំណាចពិភពលោកជាច្រើនហើយ
ទី៣៖ ក្រុងWashington គ្មានបំណងEngagementចូលជ្រៅដោយបញ្ហាសមុទ្រចិនខាងត្បូងនេះមានចរិតប្រឈមមុខដោយផ្ទាល់ជាមួយនឹងយក្សចិន
និងទី៤៖សហរដ្ឋអាមេរិក ពុំដែលមានគោលនយោបាយគាំទ្រ ឬការពារអធិបតេយ្យភាព បូរណភាពដែនដី របស់ប្រទេសមួយនេះ ប្រឆាំងទៅប្រទេសមួយនោះឡើយ!។
ក្រៅពីនេះ ក៏នៅមានScenario មួយទៀតដែលមតិវិភាគបានលើកឡើងថា ពួកអំណាចស្រមោល(Deep State) អាចធ្វើការក្រឡុកសភាពការណ៍ដោយពួកនេះចង់ធ្វើពលីកម្ម “សេះ” ឬ “ទូក” ខ្លះលើក្ដារអុកយុទ្ធសាស្រ្តរបស់នយោបាយតំបន់ ដោយរុញឱ្យពួកប្រទេសតូចពាក់ព័ន្ធនៅក្នុងតំបន់ធ្លាក់ទៅក្នុងខ្យល់គួច ព្យុះសង្ឃរា ប្រឈមមុខតានតឹងជាមួយចិន ដើម្បីកេងចំណេញផលប្រយោជន៍ពីអធិករណ៍នេះ ដោយ War Games ទាំងនេះ ពួកDeep Stateធ្លាប់បានលេងរួចហើយនៅក្នុងតំបន់ Balkan អាស៊ីខាងត្បូង និងអាស៊ីខាងកើតនោះឯង!។
យុទ្ធវិធី “សាមកុក” ត្រូវបានប្រើប្រាស់ លើសមុទ្រចិនខាងត្បូង!
សមុទ្រចិនខាងត្បូង ជាសមរភូមិមួយដ៏ល្អបំផុតរបស់ចិននាពេលបច្ចុប្បន្ននេះ ដោយចិនអាចផ្ដើមបើកសមរភូមិតូច ដើម្បីចៀសវាងកុំឱ្យមានសមរភូមិធំកើតឡើងឱ្យបាន! ចិនអាចប្រើប្រាស់កម្លាំងបាយលើសមុទ្រចិនខាងត្បូងក្នុងទ្រង់ទ្រាយតូចដើម្បីហ៊ុមព័ទ្ធបំបាក់ប្រទេសរឹងក្បាល(Rogue States) ដែលជាប្រទេសសកម្មបង្ករឿងហេតុខ្លាំងជាងគេ! ដោយអនុវត្តន៍តាមក្បួនទ័ព “សាមកុក” អារកមាន់បំភ័យស្វា ដែលវិធានមួយនេះអាចនឹងមានប្រសិទ្ធភាពខ្ពស់។ ចំពោះទ្រង់ទ្រាយសង្គ្រាមវិញ ចិនអាចយករូបភាពធ្វើទណ្ឌកម្មសេដ្ឋកិច្ច (Embargo) ដែលខុសនឹងរូបភាពរបស់អាមេរិក លោកខាងលិចបានធ្វើនៅ អ៊ីរ៉ាក់ អាហ្កានីស្ថាន ឬមួយក៏នៅ លីប៊ី ស៊ីរី និងអ៊ីរ៉ង់នោះ។ របៀប Embargo ដែលចិនត្រូវធ្វើនោះ គឺនយោបាយQuid Pro quo ដែលចិនបានឆ្លើយតបទៅអាមេរិកក្នុងសម័យ Trump និងកំពុងឆ្លើយតប ទៅនឹងភាពអមិត្ត របស់អូស្ត្រាលី នាពេលបច្ចុប្បន្ននេះ។
អំពើនិងសកម្មភាពរបស់ពួកប្រទេសធំ អាចបង្កទៅជាប្រតិកម្មអវិជ្ជមានមួយក្នុងសហគមន៍អន្តរជាតិ! ក៏ប៉ុន្តែពេលវេលាយូរទៅក៏អាចសាបរលាប ដោយក្រោយពីហេតុការណ៍ទាំងនេះមក គឺស្ថានភាពជាទូទៅនៅក្នុងតំបន់ត្រូវបានដោះស្រាយនិងមានស្ថិរភាពឡើងវិញ ហើយនេះក៏ជាដំណោះស្រាយយុទ្ធសាស្រ្តមួយរបស់ពួកប្រទេសធំផងដែរ!។
តារាសាគរ និងរាម ជាដែនអធិបតេយ្យ ផ្ដាច់មុខរបស់កម្ពុជា!៖
ប្រជាជនកម្ពុជាបានរស់យ៉ាងរ៉ាំរ៉ៃ និងឆ្លងកាត់ក្នុងភ្លើងសង្រ្គាម អស់រយៈកាលជាង៤ទសវត្សរ៍ គ្មានប្រជាជាតិណាមួយ ដែលយល់អំពីការឈឺចាប់ ព្រាត់ប្រាស់គ្រួសារ ទុក្ខវេទនាជាងប្រជាជាតិខ្មែរឡើយ ដូច្នោះប្រជាជនកម្ពុជាទាំងអស់បានយល់យ៉ាងច្បាស់នូវតម្លៃសន្តិភាព ស្ថិរភាពនិងសុភមង្គលគ្រួសារទោះនៅក្នុងកាលៈទេសៈណាមួយ! កម្ពុជានៅតែជាប្រទេសក្រីក្រ កំពុងអភិវឌ្ឍន៍ នៅចំពោះមុខកម្ពុជាមានភាពចាំបាច់បំបាត់ភាពក្រីក្រ ប្រយុទ្ធប្រឆាំងទៅនឹងគ្រោះអនក្ខរកម្ម កសាងធនធានមនុស្ស និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។
គោលនយោបាយឈ្នះ ឈ្នះ បាននាំឱ្យកម្ពុជា មានស្ថិរភាព ដែលជាអំណោយផលមួយសម្រាប់កម្ពុជាក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏ក្មេងខ្ចីរបស់ខ្លួន! ជោគជ័យក្នុងការកសាងតំបន់សេដ្ឋកិច្ចពិសេសនៅបណ្ដាខេត្តដែលស្ថិតនៅតាមឆ្នេរសមុទ្រ បានធ្វើឱ្យកម្ពុជាជំរុញកសាងតំបន់សេដ្ឋកិច្ចទេសចរណ៍ Ecotourism ដែលក្នុងនោះមានការអភិវឌ្ឍន៍តំបន់តារាសាគរ និងកំពង់ផែរាម សំដៅបម្រើឱ្យពហុបំណង!។
ជាតថភាពក្នុងបរិបទតំបន់ កម្ពុជាមានទំនាក់ទំនងល្អជាមួយចិន ដែលកិច្ចសហការនេះពុំមែនដើម្បីហ៊ុមព័ទ្ធ ឬប្រឆាំងទៅនឹងផលប្រយោជន៍ដ៏ពិសិដ្ឋរបស់វៀតណាម ក៏ដូចជាវៀតណាមអភិវឌ្ឍន៍កំពង់ផែនៅCam Ranh ក៏ពុំមែនដើម្បីប្រឆាំងចិន ឬហ៊ុមព័ទ្ធប្រទេសណាមួយនៅក្នុងតំបន់ឡើយ!។
ដំណោះស្រាយដ៏ល្អបំផុត និងតែមួយគត់សម្រាប់សន្តិភាព ស្ថិរភាពលើសមុទ្រចិនខាងត្បូង!។
ដើម្បីជាការកាត់បន្ថយ ចៀសវាងបាននូវភាពប្រឈម ជំហានដំបូងគឺការកសាងជំនឿទុកចិត្តគ្នារវាងពួកប្រទេសពាក់ព័ន្ធ ព្រមទាំងរួមគ្នាប្រែក្លាយតំបន់សមុទ្រចិនខាងត្បូងនេះឱ្យទៅជាតំបន់ Non-Militarization សិន! ហើយបន្ទាប់មកគួរឈប់ប្រើពាក្យ តុល្យភាពកម្លាំង-Balance of interests ទៅវិញ!។ ព្រោះបច្ច័យចម្បងរបស់សន្តិភាព ស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលអាចស្ថិតស្ថេរគង់វង្សបាន ល្គឹកណាដែលប្រទេសទាំងអស់មានពុទ្ធិក្នុងការពឹងផ្អែកមកលើតុល្យភាពផលប្រយោជន៍ច្រើនជាង ដោយពុំមែនជាការពឹងផ្អែកមកលើតុល្យភាពកម្លាំងនោះទេ!។ រូបមន្តទទួលខុសត្រូវ និងការចែករំលែក ដែលជាពាក្យពេចន៍នយោបាយមួយដ៏ល្អ ដែលពុំមានចរិតChallenging ទៅនឹងអនុភាពនៃមហាអំណាចដ៏មហិមាដទៃទៀតនៅក្នុងតំបន់មួយនេះ!។ ត្រូវកំណត់ដោយអះអាងថា ដើម្បីផលប្រយោជន៍គង់វង្សរបស់ប្រជាជាតិអាស៊ីទាំងអស់ គឺតំបន់អាស៊ីប៉ាស៊ីហ្វិកមួយនេះ ពុំមានBalance of powerទេ មានតែBalance of interest ដោយមហាយក្សទាំងអស់រួមមានការទទួលខុសត្រូវក្នុងការចែករំលែកភារកិច្ច សម្រាប់ជាការទ្រទ្រង់ដល់ដំណើរការវឌ្ឍនភាពនិងសុខសន្តិភាពនៅក្នុងតំបន់មួយនេះសម្រាប់សតវត្សរ៍ទី២១!៕
ដោយ ហើស សិរិធន់