បរទេស៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន តាមសេចក្តីរាយការណ៍ បានបន្ថែមភាពបន្ទាន់ថ្មីចូលក្នុងការប៉ុនប៉ងឲ្យកូរ៉េខាងជើងធ្វើការពិភាក្សាគ្នា ជុំវិញបញ្ហាអាវុធនុយក្លេអ៊ែ ដោយលោក បៃដិន បានមានប្រសាសន៍ថា លោកនឹងជួបជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្រោមស្ថានភាពដ៏ត្រឹមត្រូវ។
នៅក្នុងសន្និសីទកាសែតរួមគ្នាមួយ លោក បៃដិន និងលោក មូន ទាំងពីរនាក់បាននិយាយថា ការលុបបំបាត់អាវុធនុយក្លេអ៊ែទាំងស្រុងពីឧបទ្វីបកូរ៉េ គឺជាគោលដៅរួមគ្នារបស់លោកទាំងពីរ ហើយលោក បៃដិន បានបញ្ជាក់ថា លោកមិនស្ថិតក្រោមការបំភាន់ភ្នែក ស្តីពីការលំបាកឲ្យកូរ៉េខាងជើងបោះបង់ចោលអាវុធនុយក្លេអ៊ែនោះទេ។
តាមសេចក្តីរាយការណ៍ លោក បៃដិន បានមានប្រសាសន៍ថា “យើងទាំងពីរនាក់មានក្តីព្រួយបារម្ភជាខ្លាំងស្តីពីស្ថានភាព” ហើយលោកបន្ថែមទៀតថា លោកនិងលោកប្រធានាធិបតីកូរ៉េខាងត្បូង បានឆន្ទៈដូចគ្នាក្នុងការប្រើប្រាស់ការទូតជាមួយកូរ៉េខាងជើង ដើម្បីចាត់វិធានការជាក់ស្តែងនានាកាត់បន្ថយភាពតានតឹង។
គួរបញ្ជាក់ថា រហូតមកទល់ពេលបច្ចុប្បន្ននេះ បានបដិសេធការសំណើអាមេរិកសម្រាប់កិច្ចការការទូត ចាប់តាំងពីលោក បៃដិន ឡើងកាន់តំណែងបន្តពីលោក ដូណាល់ ត្រាំ ដែលធ្លាប់បានធ្វើជំនួបកំពូល៣ដងជាមួយលោក គីម ជុងអ៊ុន និងផ្ញើសារឲ្យគ្នាទៅវិញទៅមកចំនួនពីរដង៕
ប្រែសម្រួល៖ប៉ាង កុង