កាលពីរសៀលថ្ងៃសុក្រ ទី២១ ខែឧសភា ឆ្នាំ២០២១ កន្លងទៅ លោកជំទាវ ជា សិរី ស្ថាបនិកមូលនិធិរក្សាកុមារ និងលោក Kuang Changke ប្រធានផ្នែក FSI ប្រចាំក្រុមហ៊ុន Huawei នៅកម្ពុជា បានរួមគ្នាប្រគល់ឧបករណ៍ថេប្លិត (tablet) Huawei ចំនួន ២០ឈុត ដល់អង្គការបង្រៀនដើម្បីកម្ពុជា (Teach For Cambodia) ដែលជាអង្គការក្នុងស្រុកទាក់ទងនឹងវិស័យអប់រំ។
នាឱកាសនោះផងដែរ លោកជំទាវ ជា សិរី បានគូសបញ្ជាក់ពីសារៈសំខាន់ក្នុងការជួយក្នុងជ្រោមជ្រែងវិស័យអប់រំ ដែលជាវិស័យមួយដ៏សំខាន់សម្រាប់សង្គមជាតិ និងបានថ្លែងអំណរគុណដល់ក្រុមហ៊ុន Huawei ប្រចាំនៅកម្ពុជា ដែលបានរួមគ្នាជាមួយ មូលនិធិរក្សាកុមារ ក្នុងការបរិច្ចាគថេប្លិតនៅថ្ងៃនេះ។
លោកជំទាវ ជា សិរី បានមានប្រសាសន៍ថា «នៅក្នុងបរិបទដ៏លំបាកនៃជំងឺកូវីដ-១៩ដូចសព្វថ្ងៃនេះ សាលារៀនគ្រប់ទីកន្លែងនៅមិនទាន់អាចបើកដំណើរការជាធម្មតានៅឡើយទេ ដូចនេះហើយយើងចាំបាច់ត្រូវជួយគ្នាអោយបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីជួយដល់លោកគ្រូ អ្នកគ្រូក្នុងការបង្រៀនពីចម្ងាយ ក៏ដូចជាសិស្សានុសិស្សអាចសិក្សារៀនសូត្រប្រកបដោយប្រសិទ្ធភាពខ្ពស់។ អំណោយជាថេប្លិតនៅថ្ងៃនេះ នឹងរួមចំណែកដល់គោលបំណងនេះ ហើយខ្ញុំសូមអរគុណដល់ក្រុមហ៊ុន Huawei នៅកម្ពុជា ដែលបានចំណាយពេលវេលា និងធនធានចូលរួមបរិច្ចាកជាមួយយើង នាថ្ងៃនេះ។»
លោក Kuang Changke តំណាងក្រុមហ៊ុន Huawei នៅកម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់មូលនិធិរក្សាកុមារដែលមានលោកជំទាវជាអ្នកដឹកនាំដ៏ប៉ិនប្រសព្វ និងបានបន្តលើកឡើងថា «ដោយឈរលើគោលការណ៍ នៅប្រទេសកម្ពុជា ដើម្បីប្រទេសកម្ពុជាំ ក្រុមហ៊ុន Huawei តែងតែចូលរួមចំណែកក្នុងការឧបត្ថម្ភ និងបរិច្ចាកក្នុងសកម្មភាពសង្គម និងសកម្មភាពមនុស្សធម៌នានា នៅក្នុងវិស័យជាច្រើនរួមទាំងវិស័យអប់រំផងដែរ។
ខ្ញុំសង្ឃឹមថា ថេប្លិតទាំង២០ឈុតនេះ នឹងរួមចំណែកជួយ អង្គការបង្រៀនដើម្បីកម្ពុជា ក្នុងកិច្ចប្រតិបត្តិការនិងសកម្មភាពរបស់ខ្លួន ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត។»
លោក ស៊ីវ មុនីរ័ត្ន ស្ថាបនិក និងជានាយកប្រតិបត្តិ អង្គការបង្រៀនដើម្បីកម្ពុជា (Teach For Cambodia) បានសម្តែងអំណរគុណដល់ លោកជំទាវ ជា សិរី និងក្រុមហ៊ុន Huawei នៅកម្ពុជា ជាពន់ពេកដែលបានជួយសម្រួលឲ្យអោយសិស្សានុសិស្ស និងគ្រូហ្វេឡូកាន់តែច្រើន អាចបន្តសកម្មភាពសិក្សា និងបង្រៀនពីចម្ងាយបាន តាមរយៈឧបករណ៍ថេប្លិតទាំងអស់នេះ ខណៈសាលាទូទាំងប្រទេសនៅបន្តបិទទ្វារនៅឡើយ។
គួរបញ្ជាក់ផងដែរថា ឧបករណ៍ដែលត្រូវបានបរិច្ចាកគឺជាថេប្លិត Huawei ជំនាន់ថ្មី ម៉ូដែល MatePad T10S សរុប ២០ឈុត ដែលក្នុងមួយឈុតមានថេប្លិត ១គ្រឿង ក្តារចុចប៊្លូធូស ចំនួន១ និងស្រោមថេប្លិត ចំនួន១ និងមានតម្លៃសរុបជិត ៥ពាន់ដុល្លារ។
អង្គការបង្រៀនដើម្បីកម្ពុជា គឺជាអង្គការក្នុងស្រុកមួយ ដែលធ្វើការក្នុងវិស័យអប់រំ តាមរយៈកម្មវិធីជាច្រើន។ សម្រាប់ព័ត៌មានបន្ថែមអំពីសកម្មភាព និងបេសកកម្មរបស់អង្គការ Teach for Cambodia សូមចូលទៅគេហទំព័រ http://teachforcambodia.org/ ។ សម្រាប់បច្ចុប្បន្នភាពថ្មីៗពីសកម្មភាពរបស់ មូលនិធិរក្សាកុមារ សូមចូលទៅ http://raksakoma.org/ ។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រុមហ៊ុនHuawei Cambodia៖ https://www.facebook.com/HuaweiTechKH/